អន្តរជាតិ
ដូ​ណា​ល់ ត្រាំ បន្ទោស​សភា​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​អាមេរិក​-​រុស្ស៊ី ធ្លាក់​ដល់​ចំណុច​ទាប​បំផុត​
04, Aug 2017 , 11:20 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ទើប​ចុះហត្ថលេខា​ដាក់ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី ទាំង​ទើសទាល់​បំផុត​។ ក្ដីសង្ឃឹម​ក្នុងការ​ស្ដារ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ឡើងវិញ ក៏​ទំនងជា​ត្រូវ​រលាយ​អស់រលីង ដោយសារតែ​ទណ្ឌកម្ម​លើក​នេះដែរ​។ លោក ត្រាំ បាន​រិះគន់​សភា​ចំៗ​ចំពោះ​បញ្ហា​នេះ ដ្បិត​ទណ្ឌ​កម្មនេះ​កើតចេញពី​សភា​ផ្ទាល់​តែម្ដង ដែល​ចង់​សម្ពាធ​លើ​រុស្ស៊ី​ជុំវិញ​សំណុំរឿង​លូកលាន់​កិច្ចការ​បោះឆ្នោត​អាមេរិក​ឆ្នាំ​២០១៦ និង​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ផង​។​



​ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី ស្ថិតក្នុង​ដំណាក់កាល​ទាប​បំផុត និង​គ្រោះថ្នាក់​បំផុត​។ ប្រជាជន​អាមេរិក​គួរ​អរគុណ​សភា​ទាំងពីរ​ដែល​បង្កើត​បញ្ហា​នេះ ហើយ​ពួកគេ​នេះ​ដែល​មិនអាច​ផ្ដល់​ច្បាប់​សុខាភិបាល​ថ្មី​បាន​។ នេះ​គឺជា​ពាក្យរិះគន់​សភា​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បន្ទាប់​លោក​ត្រូវបាន​បង្ខំ​ឲ្យ​ចុះហត្ថលេខា​លើ​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី ទាំង​មិនអាច​ជំទាស់​បាន ព្រោះ​សភា​អនុម័ត​ទណ្ឌ​កម្មនេះ​ដោយ​សំឡេង​លើសលប់​ទៅហើយ​។



​កញ្ចប់​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី អ៊ីរ៉ង់ និង​កូរ៉េខាងជើង ក្លាយជា​ច្បាប់​ដើម្បី​អនុវត្ត​នៅ​ថ្ងៃទី​២ ខែសីហា​។ ច្បាប់​នេះ​មាន​លក្ខណៈ​តឹងរ៉ឹង​ជាង​មុន និង​បាន​រឹតត្បិត​សិទ្ធិអំណាច​ប្រធានាធិបតី​អាមេរិក​ទៀតផង ព្រោះ​លោក ត្រាំ មិនអាច​លើកលែង​ទណ្ឌកម្ម​ដោយ​គ្មាន​ការអនុញ្ញាត​ពី​សភា​ឡើយ​។ ក្រោយ​ការចុះហត្ថលេខា លោក ត្រាំ និយាយថា លោក​ធ្វើតាម​ការចង់បាន​រប​ស់​សភា​ដើម្បី​តែ​ការបង្រួបបង្រួម​ជាតិ​ប៉ុណ្ណោះ ទោះជា​លោក​មិន​ពេញចិត្ត​ក្ដី​។​

​ចំពោះ​ករណី​រុស្ស៊ី ទណ្ឌកម្ម​ថ្មី​នេះ​ដាក់​គោលដៅ​លើ​ក្រុមហ៊ុន និង​បុគ្គល​ជាច្រើន​។ ក្រុមហ៊ុន​រុស្ស៊ី​ផ្នែក​ថាមពល ធនាគារ និង​វិស័យ​យោធា ក៏ដូចជា​ក្រុមហ៊ុន​ដទៃទៀត​ដែល​រង​ការចោទប្រកាន់ថា​កកូរ​កកាយ​ការបោះឆ្នោត​ឆ្នាំ​២០១៦ សុទ្ធតែ​ប្រឈមមុខ​ទណ្ឌកម្ម​ថ្មី​ទាំងអស់​។ នាយករដ្ឋមន្ត្រី​រុស្ស៊ី ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ ចាត់ទុក​ទណ្ឌកម្ម​ថ្មី​នេះ គឺជា​ការប្រកាសសង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំង​រុស្ស៊ី ដែល​ត្រូវតែ​ឆ្លើយតប​ដាច់ខាត​។​

​ដោយឡែក​អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង Dmitry Peskov បាន​និយាយ​នៅ​ថ្ងៃទី​៣ ខែសីហា ថា រុស្ស៊ី និង​រដ្ឋ​ដទៃទៀត​ដែល​ស្ថិតក្នុង​គោលដៅ​នៃ​ទណ្ឌ​កម្មនេះ នឹង​វាយបក​អាមេរិក​វិញ​មិន​ខាន​។ លោក​អះអាងថា នយោបាយ​ទណ្ឌកម្ម​របស់​អាមេរិក គឺជា​ការមិន​បានគិត​វែងឆ្ងាយ ខុសច្បាប់ ហើយ​ប្រាកដជា​រង​ការតបត​ពី​ប្រទេស​ផ្សេង ព្រោះ​ពួកគេ​ក៏ត្រូវ​ការពារ​ផលប្រយោជន៍​ប្រទេសជាតិ​រៀងៗ​ខ្លួន​ដែរ មិនមែន​តែ​អាមេរិក​ឡើយ​។​

​ចង់​ឬ​មិន​ចង់​នោះ ពេលនេះ​រដ្ឋបាល ត្រាំ ត្រូវ​ប្រឈមមុខ​ជាមួយ​រុស្ស៊ី និង​អឺរ៉ុប​ដែល​ប្រកាស​ចំហ​ថា ពួកគេ​ត្រៀមខ្លួន​រួចរាល់​ហើយ ពេល​ទណ្ឌកម្ម​នេះ​ត្រូវបាន​អនុវត្ត​មែន​នោះ​។ តាមពិតទៅ មុនពេល​ចុះហត្ថលេខា លោក ត្រាំ អាច​ជំទាស់​ទណ្ឌ​កម្មបាន ប៉ុន្តែ​លោក​ក៏​នៅតែ​មិនអាច​បិទផ្លូវ​ទណ្ឌកម្ម​បានទេ ដ្បិត​កាលពីពេល​អនុម័ត​ទណ្ឌ​កម្មនេះ សមាជិកសភា​លើសលប់​បាន​យល់ព្រម ហើយ​ក៏មាន​សំឡេង​ទាត់ចោល​សិទ្ធិ​វ៉េតូ​របស់​ប្រធានាធិបតី​ដែរ​៕


Tag:
 អាមេរិក​
  រុស្ស៊ី​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com