ជាតិ
ជនជាតិដើម​ភាគតិច បារម្ភ​ចំពោះ​ការទន្ទ្រាន​ដី​សហគមន៍ ខណៈ​ការចុះបញ្ជី​ដីធ្លី​សមូហភាព​យឺតយ៉ាវ
05, Aug 2017 , 9:59 pm        
រូបភាព
ដោយ:
        
​ភ្នំពេញ​៖ សហគមន៍​ជនជាតិដើម​ភាគតិច​ប្រមាណ​១៥​សហគមន៍ បានមក​ជួបប្រជុំគ្នា​នៅ​ភ្នំពេញ ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​រដ្ឋាភិបាល ឲ្យ​ជួយ​ព​ន្លឿ​ន​ការចុះបញ្ជី​ដីធ្លី​ជា​សមូហភាព ខណៈ​បច្ចុប្បន្ន​ដី​សហគមន៍​របស់​ជន​ជាដើម​ភាគតិច កំពុង​រង​ការទន្ទ្រាន​ដីធ្លី​ពី​អ្នក​ចំណាកស្រុក និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​។      


      
​សហគមន៍​ជនជាតិដើម​ភាគតិច​ជាច្រើន បាន​ប្រមូល​ផ្តុំគ្នា​នៅ​ភ្នំពេញ ដើម្បី​រក​វិធី​ជំរុញ​ការចុះបញ្ជី​ដីធ្លី​របស់​ពួកគេ ជា​សម្បត្តិ​សមូហភាព ដើម្បី​ការពារ​ព្រៃ​អារក្ស ព្រៃ​កប់ខ្មោច និង​អនុផល​ព្រៃឈើ ដែលជា ឆ្នាំងបាយ​ដ៏​សំខាន់​របស់​ប្រជា​សហគមន៍​។ ពួកគេ​បានមក​ប្រជុំគ្នា​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៤ ខែសីហា ក្រោម​ការរៀបចំ​របស់​អង្គការ​វេទិកា​មិនមែន​រដ្ឋាភិបាល​(NGOs Forum) ដែលមាន​សហគមន៍​ជនជាតិដើម​មកពី​ខេត្ត​ជាច្រើន​ជាប់​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។   
 
​លោក ក្រា​ត់ នឿន អនុប្រធាន​សហគមន៍​ជនជាតិដើម​ព្នង នៅ​ភូមិ​ចក់​ចា ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​មានប្រសាសន៍ថា ដី​ប្រមាណ​៨០០​ហិច​តា​របស់​សហគមន៍ មិនទាន់បាន​ចុះបញ្ជី​ជា​ដី​សមូហភាព​នៅឡើយ​ទេ​។ លោក​បញ្ជាក់ថា​៖ «​ប្រជា​សហគមន៍​ស្នើ​យូរហើយ​ឲ្យ​ដាក់​ដី​៨០០​ហិច​តា​នេះ ជា​ដី​សមូហភាព ប៉ុន្តែ​អាជ្ញាធរ​គេ​មិន​ព្រម គេ​ចង់​ឲ្យ​ពួកយើង​ទទួល​ប្លង់រឹង​ម្នាក់ៗ​។ យើង​មិន​ព្រម​ទេ ព្រោះ​បើ​មាន​ប្លង់​ឯកជន យើង​នឹង​បាត់​អត្តសញ្ញាណ និង​ប្រពៃណី​របស់​យើង​»​។  

  
 
​លោក​ពន្យល់ថា ដីព្រៃ​សហគមន៍ គឺជា​ដីព្រៃ​ក្រាស់ ដែលមាន​ឈើ​មានតម្លៃ និង​សត្វព្រៃ​ច្រើន​ប្រភេទ   ព្រមទាំង​សម្បូរ​អនុផល​ព្រៃឈើ ដូចជា ជ័រ ផ្តៅ ផ្សិត ត្រី អណ្តើក និង​ផ្លែឈើព្រៃ​ជាដើម​។   «​ពួក​ខ្ញុំ​មិនមាន​ដីចម្ការ​ធ្វើ​ច្រើន​ទេ ពួកយើង​រស់នៅ​តែ​ជាមួយ​ព្រៃ យក​ផល​ពី​ព្រៃ ដូចជា​ដង​ជ័រ​លក់​មួយ​កាន​(​ធុង​៣០​លីត្រ​)​បាន​៦​ម៉ឺន​រៀល តែបើ​គេ​មិន​ចុះបញ្ជី​ដី​រួម​ទេ គេ​នឹង​លួច​កាប់​ដើម​ជ័រ​ពួក​ខ្ញុំ​អស់​មិន​ខាន​»​។ នេះ​ជាការ​ត្អូញត្អែរ​របស់​ជនជាតិដើម​ភាគតិច​ព្នង​វ័យ​៥៩​ឆ្នាំ​រូបនេះ​។    
 
​លោក​អះអាងថា បច្ចុប្បន្ន មាន​អ្នក​ចំណាកស្រុក​ជាច្រើន ទៅ​កាប់​ឆ្ការព្រៃ ដើម្បី​កាន់កាប់ និង​ដាំ​កៅស៊ូ និង​ស្វាយចន្ទី ព្រមទាំង​លួច​កាប់​ដើម​ជ័រ​របស់​ជនជាតិដើម​ព្នង​ទៀតផង​។ លោក បន្ថែម​ទាំង​សំឡេង​រដឺន​ថា​៖«​ខ្មែរ​ខាងក្រោមៗ ចេះតែ​ឡើងទៅ​លើ ហើយ​ថា​អត់​មាន​ដី​នៅ​។ ចុះ​ពី​ដូន​ពី​តា​នៅ​ស្រុក​ខេត្ត​ណា ស្រាប់តែ​ស្រុក​ឥឡូវ​អត់​ដី​នៅ​។ ខ្លះ វា​និយាយ​ឈ្លើយ​ទៀតថា មាន​ដី មាន​ឈើ​ឯណា វា​ដាំ​នៅ​ហ្នឹង​»​។   
 
​ដូចគ្នា​ដែរ អ្នកស្រី ទេព ទឹម ជនជាតិ​គួ​យ​នៅ​សហគមន៍​ប្រមេរ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​ថ្លែងថា  ដី​សហគមន៍​ប្រមេរ ត្រូវបាន​ក្រុមហ៊ុន​ចិន ដែល​កំពុង​វិនិយោគ​រោងចក្រ​ស្ករស ទន្ទ្រាន​យក​សឹង​អស់​ពាក់កណ្តាល​ទៅហើយ បើទោះបី​ប្រជា​សហគមន៍​តវ៉ា និង​ទៅ​ទប់ស្កាត់​គ្រឿងចក្រ​ក្រុមហ៊ុន​មិន​ឲ្យ​ឈូសឆាយ​បន្តទៀត​ក៏ដោយ​។  អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ដីព្រៃ​សហគមន៍​ជាង​១​ម៉ឺន​ហិកតា ដែលមាន​ពលរដ្ឋ​៣​ភូមិ​អាស្រ័យ​ផល ត្រូវបាន​គេ​រំលោភ​យក​។ ហើយ​គ្រឿងចក្រ​ដែល​ពួក​ខ្ញុំ​ចាប់បាន ត្រូវបាន​អាជ្ញាធរ​ស្ទួ​ច​ទៅ​បាត់​ហើយ​»​។          
​អ្នកស្រី​បន្តថា មាន​៣៥៧​គ្រួសារ បាន​ផ្តិតមេដៃ​ស្នើ​ថ្នាក់​ខេត្ត​ចុះបញ្ជី​តាំងពីរ​ឆ្នាំមុន ប៉ុន្តែ​មិនមាន​ការឆ្លើយតប​នៅឡើយ ដោយ​មន្ទីរ​ខេត្ត​ថា ដី​ចុះបញ្ជី​នេះ​ធំ និង​ជាន់​លើដី​សម្បទាន​សេដ្ឋកិច្ច​របស់​ចិន​។ អ្នកស្រី​បន្ថែមថា អាជ្ញាធរ​បាន​បញ្ចុះបញ្ចូល​ឲ្យ​ពលរដ្ឋ ធ្វើ​ប្លង់​ជា​ឯកជន ប៉ុន្តែ​អ្នកភូមិ​មិន​យល់ព្រម ព្រោះ​ប៉ះពាល់​ដល់​ជីវភាព និង​អត្តសញ្ញាណ និង​វប្បធម៌​ប្រពៃណី​របស់​ជនជាតិដើម​។ អ្នកស្រី ទេព ទឹម បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​ធ្វើ​ប្លង់​ឯកជន យើង​បាន​ដី​លំនៅឋាន និង​ដី​អាស្រ័យ​ផល​ជាក់ស្តែង ប៉ុន្តែ​ពួក​ខ្ញុំ​នឹង​បាត់បង់​ដី​បម្រុង​ទុក ដីចម្ការ​វិលជុំ និង​ដី​កប់​សព ដែល​វា​ជា​អត្តសញ្ញាណ និង​វប្បធម៌​ប្រពៃណី​របស់​ជនជាតិដើម​គួ​យ​របស់​ពួក​ខ្ញុំ​»​។  

  
 
​ជនជាតិដើម​ភាគតិច​គួ​យ​វ័យ​៦២​ឆ្នាំ​រូបនេះ បាន​សំណូមពរ​ដល់​រដ្ឋាភិបាល ឲ្យ​ជួយ​ព​ន្លឿ​ន​ការចុះបញ្ជី​ដីធ្លី​ជា​សមូហភាព និង​ប្រាប់​ដល់​ក្រុមហ៊ុន​ចិន កុំ​ឲ្យ​ឈូសឆាយ​ដីព្រៃ​សហគមន៍​បន្តទៀត​។ «​កុំ​ឲ្យ​អភិវឌ្ឍន៍​តែមួយ​ជ្រុង អភិវឌ្ឍន៍​យ៉ាងម៉េច ឲ្យ​មាន​ភាព​រីកចម្រើន​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ធ្វើការ​អភិវឌ្ឍ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​ពលរដ្ឋ​»​។ នេះ​ជា​ប្រសាសន៍​ចុងក្រោយ​របស់​អ្នកស្រី ទេព ទឹម សមាជិក​សហគមន៍​ប្រមេរ​។      
 
​ក្រុមហ៊ុន​វិនិយោគ​លើ​រោងចក្រ​ផលិត​ស្ករស​របស់​ចិន ទទួលបាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​សរុប​ចំនួន ៤២,០០០ ហិកតា​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ទើបតែ​សម្ពោធ​រោងចក្រ​នេះ កាលពី​ថ្ងៃទី ១៩ ខែមេសា ឆ្នាំ​២០១៦ កន្លងទៅ​។​
 
​គិត​ត្រឹម​ឆ្នាំ​២០១៦ រដ្ឋាភិបាល ទើបតែ​បាន​ចុះបញ្ជី​ដីធ្លី​សហគមន៍​ជា​ដី​សមូហភាព​ចំនួន​១៨​សមាគមន៍​ប៉ុណ្ណោះ​។ នេះ​បើតាម​លោក អៀ ចុង ប្រធាន​ផ្នែក​ដីធ្លី និង​ជីវភាព​របស់​អង្គការ​វេទិកា​មិនមែន​រដ្ឋាភិបាល​(NGOs Forum) ។  មន្ត្រី​រូបនេះ ឲ្យ​ដឹង​ទៀតថា ការចុះបញ្ជី​ដី​ជា​សមូហភាព មាន​ប្រយោជន៍​ច្រើន​សម្រាប់​ជនជាតិដើម​ភាគតិច ដូចជា ពួកគាត់​មាន​សិទ្ធិ​កាន់កាប់ និង​ប្រើប្រាស់​ដី​ស្របច្បាប់​។ លោក អៀ ចុង ពន្យល់​ដូច្នេះ​៖«​គាត់​មាន​ផែនការមេ​របស់គាត់​។ ឧទាហរណ៍​ថា តំបន់​នេះ គាត់​ទុក​កប់​សព តំបន់​នេះ ត្រូវ​ចូល​ព្រៃ​សែនព្រេន តំបន់​នេះ​ជា​ដី​លំនៅស្ថាន ឬ​ជា​ដីចម្ការ​វិលជុំ​ជាដើម​។ ប៉ុន្តែ ពួកគេ​មិនមាន​សិទ្ធិ​លក់​ដី​នេះ​ទេ ដែល​ខុសពី​កម្មសិទ្ធិឯកជន​»​។    
  
​លោក​បន្តថា ការពិភាក្សា​ពេញ​មួយ​ព្រឹក​នេះ ដំណើរការ​ចុះបញ្ជី​ដី​ជនជាតិដើម​ភាគតិច មាន​បញ្ហា​ត្រង់​ថា តាមច្បាប់ ឬ​អនុក្រឹត្យ តម្រូវ​ឲ្យ​សហគមន៍​ខ្លួនឯង​ជា​អ្នកធ្វើ​ផែនទី​បឋម ប៉ុន្តែ​ជាក់ស្តែង សហគមន៍​មិនមាន​ចំណេះ​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការធ្វើ​ផែនទី​នោះទេ​។ លោក​បន្ថែមថា ទោះបី​រដ្ឋាភិបាល​មាន​បច្ចេកទេស ប៉ុន្តែ ពួកគេ​ពឹង​លើ​សហគមន៍ និង​អង្គការក្រៅរដ្ឋាភិបាល ដែល​មិនមាន​ថវិកា និង​ចំណេះដឹង​ក្នុង​ធ្វើ​ផែនទី​បឋម​។ លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​ការចុះ​ធ្វើ​ផែនទី​បឋម​ស៊ីពេល​យូរ ពីព្រោះ​ត្រូវ​ដេក​ព្រៃ និង​ធ្វើ​ព្រំដី​។ មួយទៀត រវាង​ដី​ម្ខាង​ទៅ​ដី​ម្ខាង ជួនកាល​គាត់​ចុះទៅ មិនមាន​អ្នក​ផ្តិតមេដៃ ដី​នេះ​ជា​ដី​របស់គាត់ ព្រំ​នេះ​ជា​របស់គាត់ ដែល​អូស​បន្លាយពេល​កាន់តែ​យូរ​»៕   
 


 

Tag:
 ជនជាតិដើម​ភាគតិច​
 ​ ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com