ជាតិ
អាហារូបករណ៍​១០០% ចំនួន ១២០​កន្លែង សម្រាប់​ថ្នាក់​បរិញ្ញាបត្ររង សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​
05, Aug 2017 , 10:19 pm        
រូបភាព
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
 
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ចូលរៀន​ថ្នាក់​បរិញ្ញាបត្ររង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ចំនួន ១២០​កន្លែង​។ អាហារូបករណ៍​ទាំងនោះ មាន ជំនាញ​ដូចជា វិទ្យាសាស្ត្រ​ដំណាំ វិទ្យាសាស្ត្រ​សត្វ វិទ្យាសាស្ត្រ​ជលផល និង​កុំព្យូទ័រ​ធុរកិច្ច​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​


​សិស្សានុសិស្ស​ដែល​ប្រឡង​ជាប់ ឬ​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ ជាប់​សញ្ញាបត្រ​បច្ចេកទេស​និង​វិជ្ជាជីវៈ​កម្រិត​៣ ឬ​សញ្ញាបត្រ​សមមូល​ទាំងអស់ ដែលមាន​បំណង​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្ររង អាច​ចូលរួម​ប្រឡង​យក​អាហារូបករណ៍​របស់​ក្រសួង​អប់រំ​។ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​១០០% ចំនួន ១២០​កន្លែង លើ ៤​មុខជំនាញ សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​។ 
 
​មុខជំនាញ​សម្រាប់​អាហារូបករណ៍​ខាងលើ​រួមមាន  ជំនាញ​វិទ្យាសាស្ត្រ​ដំណាំ ចំនួន ៣០​កន្លែង​, វិទ្យាសាស្ត្រ​សត្វ ចំនួន ៣០​កន្លែង​, វិទ្យាសាស្ត្រ​ជលផល ចំនួន ៣០​កន្លែង និង​កុំព្យូទ័រ​ធុរកិច្ច ចំនួន ៣០​កន្លែង​។ អាហារូបករណ៍​នេះ សម្រាប់​ឆ្នាំ​សិក្សា ២០១៧-២០១៨​។​
 
​សម្រាប់​ការប្រឡង​ជ្រើសរើស នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០១៧ នា​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​។ ចំណែក​កាលបរិច្ឆេទ​ទទួល​ពាក្យសុំ​ប្រឡង​ជ្រើសរើស គឺ​ចាប់​ពីថ្ងៃ​ប្រកាស​ដំណឹង​នេះ រហូតដល់​ថ្ងៃទី ២៩ កញ្ញា​។ បន្ថែម​លើ​នេះ ទីតាំង​ដាក់ពាក្យ វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ និង​នាយកដ្ឋាន​តម្រង់ទិស​វិជ្ជាជីវៈ ស្ថិតនៅ​អគារ​លេខ ១៨៥ មហាវិថី​ព្រះ​នរោត្តម សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
 
​វិញ្ញាសា​សម្រាប់​ប្រឡង​ជ្រើសរើស​រួមមាន វិញ្ញាសា​ជីវវិទ្យា និង​គីមីវិទ្យា ភាសា​អង់គ្លេស គណិតវិទ្យា វប្បធម៌​ទូទៅ​។ ចំពោះ​ព័ត៌មាន​លម្អិត សិស្សានុសិស្ស​អាចទាក់ទង​តាមរយៈ​លេខ​ទូរ​សព្ទ ០១៦ ៧៧ ៩៩ ២៤ / ០៨៥ ៤៨ ៣៦ ០៩ តាមរយៈ អ៊ី​ម៉ែ​ល .kh និង​អាច​ទាញយក​ពាក្យសុំ​ប្រឡង​ជ្រើសរើស​តាមរយៈ​គេហទំព័រ www.ksit.edu.kh/form/ ៕

Tag:
 អាហារូបករណ៍​
  បរិញ្ញាបត្ររង​
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com