ជាតិ
ACU បាន​ចុះ MOU ជាមួយ​ក្រុមហ៊ុន​ឯកជន​អន្តរជាតិ​៤ ដើម្បី​ប្រឆាំង​អំពើពុករលួយ​
05, Aug 2017 , 5:19 pm        
រូបភាព
ដោយ:
 
​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រុមហ៊ុន​ឯកជន​អន្តរជាតិ​៤​បាន​ចុះ​កិច្ច​ហត្ថលេខា​លើ​អនុ​ស្សណៈ​នៃ​ការយោគយល់​គ្នា​(MOU)​ស្ដីពី កិច្ចសហប្រតិបត្តិការ​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី​០៤ សីហា នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)​។

 
​ការចុះ MOU នេះ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អន្តរជាតិ​ទាំង​៤ បានកំណត់​ចំនុច​សំខាន់​៣​គឺ​៖ ក្រុមហ៊ុន​ត្រូវ​ប្ដេជ្ញា​ធ្វើជា​ស្ថាប័ន​ស្អាតស្អំ  កសាង​នូវ​វប្បធម៌​តម្លាភាព គោរព​ច្បាប់​កម្ពុជា ,​ក្រុមហ៊ុន​ត្រូវបដិសេធ​រាល់​អំពើពុករលួយ ហើយ​អប់រំ​បុគ្គលិក​មិន​ឲ្យ​មានការ​សូកប៉ាន់ នៅពេល​ទំនាក់ទំនង​ជាមួយនឹង​មន្ត្រីរាជការ ផ្គត់ផ្គង់ អតិថិជន អង្គភាព ឬ​បុគ្គល​ដទៃ និង​ចាត់វិធានការ​ប្រុងប្រយ័ត្ន​ជាមុន ជាពិសេស​ការ​ផ្ដលព័ត៌មាន​ដល់​ACU អំពី​បញ្ហា​ប្រឈម​នានា ដែល​ក្រុមហ៊ុន​ជួបប្រទះ ។ 
 
​ក្រុមហ៊ុន​អន្តរជាតិ​ទាំង​៤ ដែល​បាន​ចុះ​MOU នេះ​រួមមាន ក្រុមហ៊ុន មី​ល​វី​ក​(​ខេ​ម​បូ​ឌា​) ម៉ា​យ​ក្រូ BIMA ក្រុមហ៊ុន មី​ដូ​រី ថេ​ក​ផាក​(​ខេ​ម​បូ​ឌា​)​ខ​ប​ភើ​រេ​សិន ក្រុមហ៊ុន រ៉ុ​កកូ ហ្វី​និក និង​ក្រុមហ៊ុន អូ​កាតា​(​ខេ​ម​បូ​ឌា​)​ភ្នំពេញ​។​
 
​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឃាង សេង បាន​លើកឡើងថា ការចុះ MOU​នេះ នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក និង​អន្តរជាតិ អាចធ្វើ​ការប្រកប​រប​រ​ដោយ​ភាព​ស្អាតស្អំ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះមុខ​ច្បាប់​។ លោក ឃាង សេង បាន​បន្តទៀតថា នៅពេល​អនាគត ACU និង​ក្រុមហ៊ុន​ក្នុងស្រុក​និង​អន្តរជាតិ អាច​នឹង​បង្កើត​ក្លិប MOU ដែលជា​កម្លាំងចលករ​ក្នុងការ​ប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា ឲ្យ​កាន់​តែមាន​សន្ទុះ​ខ្លាំង​។ 
 
​លោក បន្ថែម​ដូច្នេះ​ថា ៖«​ការចូលរួម​ប្រឆាំង​អំពើពុករលួយ​កំពុង​ចាប់ផ្ដើម​ចេញពី​បុគ្គល​ម្នាក់ៗ​ទៅ ជាពិសេស​គឺ​វិស័យ​ឯកជន​។ ការចុះ MOU បង្ហាញ​ពី​សារសំខាន់​កិច្ចសហប្រតិបត្តិការ​រ​វាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ចាំបាច់​ត្រូវតែ​ធ្វើ​ជាមួយគ្នា ក្នុងនោះ​រដ្ឋ​ជា​អ្នក​ដាក់ចេញ​គោលនយោបាយ និង​កម្មវិធី​ប្រឆាំង​អំពើពុករលួយ ហើយ​វិស័យ​ឯកជន​ចាំបាច់​ត្រូវ​កសាង​ប្ដេជ្ញាចិត្ត មាន​ឆន្ទៈ​ក្នុងការ​អនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​មុខ​សង្គម ព្រមទាំង​ការគោរព​ច្បាប់​ជា​ធរមាន​»​។​
 
​ចាប់តាំងពី​ឆ្នាំ​២០១៤​មក ក្រុមហ៊ុន​អន្តរជាតិ សភាពាណិជ្ជកម្ម សមាគម និង​គ្រឹះស្ថាន​សា​រណៈ​ចំនួន​៨២​ហើយ ដែល​បាន​ចុះ​អនុស្សរណៈ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ៕
 

Tag:
 ACU
  MOU
  ក្រុមហ៊ុន​ឯកជន​អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com