កីឡាជាតិ
ជាតិ
វាយ​សី​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ម៉ា​​ឡេ​ស៊ី​២​សប្តាហ៍​ដើម្បី​ត្រៀម​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​
06, Aug 2017 , 8:30 am        
រូបភាព
កីឡាការិនី កែវ ពេជ្រឆរ៉ាវី អំឡុងពេលប្រកួតកីឡាជាតិលើកទី១ឆ្នាំ២០១៦ នៅសាលដំបូលទូកក្នុងពហុកីឡដ្ឋានជាតិ។
កីឡាការិនី កែវ ពេជ្រឆរ៉ាវី អំឡុងពេលប្រកួតកីឡាជាតិលើកទី១ឆ្នាំ២០១៦ នៅសាលដំបូលទូកក្នុងពហុកីឡដ្ឋានជាតិ។
ដោយ:
 
​អត្ត​ព​លិ​ក​ជម្រើសជាតិ​កីឡា​វាយ​សី​កម្ពុជា​ចំនួន​៦​រូប​នឹង​ចេញទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ប្រទេស​ម៉ាឡេស៊ី​រយៈពេល​២​សប្តាហ៍ ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ខែសីហា នេះ​។ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​ចាត់ទុកថា ការ​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ម៉ាឡេស៊ី វា​មិនមាន​ផលប៉ះពាល់​ដល់​ការស្វែងរក​មេដាយ​រប​ស់​កម្ពុជា​នោះទេ​។ តែ​វា​ជា​ឱកាសល្អ​សម្រាប់​អត្ត​ព​លិ​ក​កម្ពុជា​ទៅវិញ​ទេ ដែល​បាន​ហ្វឹកហាត់​ជាមួយ​ប្រទេស​សក្តានុពល​ផ្នែក​កីឡា​វាយ​សី​។ លោក​រំពឹងថា តាមរយៈ​ការហ្វឹកហាត់​នេះ កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ​ពី​ការចូលរួម​លើក​នេះ​។​

 
​កីឡាករ ទេព ច័ន្ទ​ម៉ា​រ៉ា​, ចេង ភា​រុំ​, យ៉ាន កុសល​, ឡេង សុភ​ត្រា​, ទាវ យ៉ុង​វណ្ណៈ និង​កីឡាការិនី កែវ ពេជ្រ​ឆ​រ៉ាវី នឹង​ចេញទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែលជា​ប្រទេស​សក្តានុពល​ផ្នែក​កីឡា​វាយ​សី រយៈពេល​២​សប្តាហ៍​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​២០ ខែសីហា​។ ការហ្វឹកហាត់​នេះ គឺ​ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ដែល​ម៉ាឡេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​៣១ ខែសីហា នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។​
 
​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា លោក ស្តើង ជា រំពឹងថា តាមរយៈ​ការហ្វឹកហាត់​ជាមួយ​ក្រុម​កីឡាករ​ជម្រើសជាតិ​របស់​ម៉ាឡេស៊ី​ដែលមាន​សក្តានុពល​ក្នុង​តំបន់​អាស៊ាន​ផ្នែក​កីឡា​វាយ​នេះ អត្ត​ព​លិ​ក​កម្ពុជា នឹង​ទទួលបាន​បទពិសោធន៍​ថ្មីៗ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​គេ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត​។ លើសពីនេះ លោក សង្ឃឹមថា ការចូលរួម​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​លើក​នេះ កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ​ជាង​ការចូលរួម​ស៊ី​ហ្គេម​នៅ​សិង្ហ​បុរី​ឆ្នាំ​២០១៥​។​
 
​លោក​បាន​បន្តថា ការហ្វឹកហាត់​នៅ​ប្រទេស​ម៉ាឡេស៊ី​២​សប្តាហ៍​នេះ កម្ពុជា​ត្រូវ​បង់ប្រាក់​ចំនួន​៣​ពាន់​ដុល្លារ​ឲ្យ​ភាគី​ម៉ាឡេស៊ី ដើម្បី​ចំណាយ​ថ្លៃ​ម្ហូបអាហារ និង​ការ​ស្នាក់នៅ​ថែម​ទៀតផង​។ លោក​បាន​អះអាងថា ការហ្វឹកហាត់​នៅ​ម៉ាឡេស៊ី​ដែលជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត មិន​ត្រឹមតែ​មិនមាន​ផលប៉ះពាល់ តែ​វា​ជា​ឱកាសល្អ​សម្រាប់​កម្ពុជា​ថែមទៀត​ផង​។   
 
​លោក ស្តើង ជា បាន​បញ្ជាក់ថា​៖«​ការទទួលបាន​ឱកាស​ទៅ​ហ្វឹកហាត់​នៅ​ម៉ាឡេស៊ី​វា​ជា​ឱកាសល្អ​សម្រាប់​កម្ពុជា​យើង​ទៅវិញ​ទេ ព្រោះ​គេ​មាន​គ្រូបង្វឹក​ខ្លាំង និង​ការហ្វឹកហាត់​ខ្លាំង​ជាង​យើង​។ នេះ​ជា​លើក​ទី​១​ហើយ​ដែលមាន​សំណាង​ទៅ​ហ្វឹកហាត់​ជា​ប្រទេស​ដែលមាន​សក្តានុពល​ផ្នែក​កីឡា​វាយ​សី​មួយ​នេះ​។ ទោះបី​យើង​មិន​ហ្វឹកហាត់​នៅ​ម៉ាឡេស៊ី ក៏​យើង​អាច​ជួប​ប្រទេស​នេះដែរ ដូច្នេះ​សម្រាប់​លើក​នេះ​បើ​យើង​ជួប​ម៉ាឡេស៊ី​វា​ជា​រឿង​ធម្មតា​នោះទេ​»​។  
 
​បើ​យោងតាម​លោក ស្តើង ជា អត្ត​ព​លិ​ក​វាយ​សី​កម្ពុជា​ទាំង​៦​រូប​និង​គ្រូបង្វឹក​២​រូប នឹង​ចាក់​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​៤ ខែសីហា ខាងមុខនេះ​។ មុន​ដល់ពេល​ហ្វឹកហាត់​រយៈពេល​២​ថ្ងៃ ពោលគឺ​នៅ​ថ្ងៃទី​៥ និង​ទី​៦ អត្ត​ព​លិ​ក​កម្ពុជា​ទាំង​៦​រូបនេះ​នឹងចូលរួម​ការប្រកួត​ពា​ន​រង្វាន់​ក្រៅ​ផ្លូវ​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី​ថែមទៀត​ផង​។​
 
​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​សិង្ហ​បុរី​ឆ្នាំ​២០១៥ កម្ពុជា​មិន​ទទួលបាន​ចំណាត់ថ្នាក់​នោះឡើយ ប៉ុន្តែ​កីឡាករ ទេព ច័ន្ទ​ម៉ា​រ៉ា បាន​ឡើងដល់​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​លើ​វិញ្ញាសា​១​នាក់​ទល់​១​នាក់ ក្រោយ​យកឈ្នះ​មី​យ៉ាន់​ម៉ា Oo Chan Win ២-០ និង​ចាញ់​ម្ចាស់ផ្ទះ​សិង្ហ​បុរី Loh Kean Yew ២-០​។ ចំណែក​កីឡាករ ទាវ យ៉ុង​វណ្ណៈ ចាប់ដៃ​ជាមួយ​កីឡាករ ងួន កា​ណូ​រ៉ា ឈានដល់​វគ្គ​ជម្រុះ​ចុងក្រោយ​ដូចគ្នា​ក្រោយ​ឈ​ក​ឈ្នះ​ឡាវ ២-០ មី​យ៉ាន់​ម៉ា ២-០ និង​ចាញ់​ហ្វីលីពីន ២-០៕ 
 

Tag:
 វាយ​សី​
  ស្តើង ជា​
  SEA Games 2017
© រក្សាសិទ្ធិដោយ thmeythmey.com