អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​និង​កូរ៉េខាងត្បូង សាទរ​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​កូរ៉េខាងជើង
06, Aug 2017 , 2:39 pm        
រូបភាព
ទិដ្ឋភាពសមាជិកក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតដាក់ទណ្ឌកម្មលើកូរ៉េខាងជើង (រូបភាព UN)
ទិដ្ឋភាពសមាជិកក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតដាក់ទណ្ឌកម្មលើកូរ៉េខាងជើង (រូបភាព UN)
 អាមេរិក និង​កូរ៉េខាងត្បូង បានបង្ហាញ​ការ​សាទរ​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​កូរ៉េខាងជើង ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​៥ ខែសីហា​។ សមាជិក​ទាំង​១៥​ប្រទេស បាន​លើកដៃ​គាំទ្រ​ទណ្ឌកម្ម​ដែល​រៀបរៀង​ដោយ​អាមេរិក​ដែល​បាន​ពិភាក្សា​ជាមួយ​ចិន និង​មាន​គោលដៅ​កាត់បន្ថយ​ចំណូល​បានមកពី​ការនាំចេញ​របស់​កូរ៉េខាងជើង​។ ទណ្ឌ​កម្មនេះ​គឺជា​ការឆ្លើយតប​នៃ​ការបាញ់​មី​ស៊ី​ល​រំលង​ទ្វីប​ពីរដង​នៅ​ខែកក្កដា​។​

 
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​បោះឆ្នោត​ដោយ​សំឡេង​ឯកច្ឆន្ទ​ក្នុងការ​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​លើ​កូរ៉េខាងជើង​។ ទណ្ឌកម្ម​ថ្មី​នេះ​មាន​គោលដៅ​កាត់បន្ថយ​ប្រភព​ហិរញ្ញវត្ថុ​របស់​កូរ៉េខាងជើង​ដែល​បានមកពី​ការនាំចេញ​ផលិតផល​ផ្សេងៗ​។ ក្រោម​ទណ្ឌកម្ម​ថ្មី​នេះ ចំណូល​ប្រចាំឆ្នាំ​របស់​ក្រុង​ព្យុងយ៉ាង​ដែល​បានមកពី​ការនាំចេញ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ក្នុងចំណោម​៣​ពាន់​លាន​ដុល្លារ នឹងត្រូវ​កាត់ផ្ដាច់​។​
 
​ទណ្ឌកម្ម​ថ្មី ដែល​ព្រាង​ដោយ​អាមេរិក ក៏បាន​ហាមឃាត់​កូរ៉េខាងជើង​ពី​ការនាំចេញ​ធ្យូងថ្ម រ៉ែ​ដែក ត្បូង ពេជ្រ និង​អាហារ​សមុទ្រ​ជាដើម​។ លើសពីនោះ ទណ្ឌកម្ម​លើក​នេះ ដែល​រុស្ស៊ី និង​ចិន​បោះឆ្នោត​គាំទ្រ​ដែរនោះ ក៏បាន​ហាម​ប្រទេស​នានា​ពី​ការបង្កើន​ចំនួន​ពលករ​កូរ៉េខាងជើង​ធ្វើការ​ក្នុងប្រទេស​ខ្លួន ឬក៏​បង្កើត​ក្រុមហ៊ុន​ថ្មី​ជាមួយ​កូរ៉េខាងជើង ឬក៏​បង្កើន​ការវិនិយោគ​ថ្មីៗ​ជាដើម​ផង​។ ច្បាស់​ណាស់ ទណ្ឌ​កម្មនេះ គឺជា​វាយប្រហារ​ធ្ងន់​សម្រាប់​ហិរញ្ញវត្ថុ​កូរ៉េខាងជើង​នោះ​។​
 
​អាមេរិក និង​កូរ៉េខាងត្បូង ដែល​តែង​ស្នើ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង រីករាយ​យ៉ាងខ្លាំង​។ អ្នកនាំពាក្យ​សេត​វិមាន​និយាយថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពេញចិត្ត​នឹង​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​អនុម័ត​ទណ្ឌកម្ម​ថ្មី ដើម្បី​ឆ្លើយ​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ លោក ត្រាំ ក៏​សាទរ​សកម្មភាព​របស់​ចិន និង​រុស្ស៊ី ដែល​មិន​ជំទាស់​ទណ្ឌកម្ម​លើក​នេះ  ហើយ​លោក​សន្យា​ចាប់ដៃ​ជាមួយ​សម្ព័ន្ធមិត្ត​ផ្សេងទៀត ដើម្បី​បញ្ចប់​ការគំរាមកំហែង​នេះ​។​
 
​ដោយឡែក​ក្រុង​សេ​អ៊ូ​ល​ឯណោះ​វិញ ក៏​ពេញចិត្ត​ពេញ​ថ្លើម​ទណ្ឌកម្ម​នេះដែរ​។ បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ក្រសួងការបរទេស​កូរ៉េខាងត្បូង​ប្រកាសថា រដ្ឋាភិបាល​កូរ៉េខាងត្បូង​ស្វាគមន៍​ទណ្ឌកម្ម​នេះ ហើយក៏​ជា​មេរៀន​ដ៏​មាន​ន័​សម្រាប់​កូរ៉េខាងជើង និង​បានបង្ហាញ​ពី​ការរួបរួម​របស់​សហ​គម​ន៍​អន្តរជាតិ​ផងដែរ​។ ក្រសួងការបរទេស​កូរ៉េខាងត្បូង​បញ្ជាក់ថា កូរ៉េខាងត្បូង​នឹង​អនុវត្តតាម​សេចក្ដី​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។​
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​លើ​ទណ្ឌកម្ម​ថ្មី​នេះ គឺ​ការគាំទ្រ​របស់​ចិន និង​រុស្ស៊ី​។ ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ និង​ជាទី​ផ្សារ​នាំចេញ​ធំជាងគេ​របស់​កូរ៉េខាងជើង​។ មួយឆ្នាំៗ កូរ៉េខាងជើង​នាំចូល​ទំនិញ​របស់ខ្លួន​ជាច្រើន​មុខ​ទៅកាន់​ទីផ្សារ​ចិន ដែល​ធ្វើ​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​រកចំណូលបាន​ក្រាស់ក្រែល ដើម្បី​ផ្គត់ផ្គង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។ ដោយ​រង​សម្ពាធ​អាមេរិក​ផង ចិន​បាន​កាត់បន្ថយ​ការរកស៊ី​ជាមួយ​ចិន ជាពិសេស​ចិន​បាន​បិទ​ការចូល​ធ្យូងថ្ម​ពី​កូរ៉េខាងជើង​ទៀតផង​៕

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com