ជាតិ
អន្តរជាតិ
តុលាការ ចោទប្រកាន់​លោក ញឹក ប៊ុនឆៃ ចំនួន​២​ករណី ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​
06, Aug 2017 , 4:19 pm        
រូបភាព
 
​ភ្នំពេញ​៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចំនួន​ពីរ​ករណី ពាក់ព័ន្ធ​សំណុំរឿង​បទល្មើស​គ្រឿងញៀន កាលពី​១០​ឆ្នាំមុន​។​

 
​សេចក្តីថ្លែងការណ៍​រប​ស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា តុលាការ​បាន​ចោទ​លោក ញឹក ប៊ុនឆៃ ពីបទ សមគំនិត​ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន​។ សំណុំ​នេះ​ត្រូវបាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់វិធានការ​បន្ត​ស្របតាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​។​
 
​ការចោទប្រកាន់​របស់​តុលាការ​នេះ ធ្វើឡើង​ក្រោយពី​មាន​លិខិត​កាលពី​ថ្ងៃទី ២៤ កក្កដា ឆ្នាំ​២០១៧ របស់​ទណ្ឌិត​ឈ្មោះ ជា ជុង ដែល​បាន​បរិហា​រៀបរាប់​ឈ្មោះ​មេក្លោង​ផលិត​គ្រឿងញៀន​ជា​ជន​ជាតិចិន​មួយចំនួន ដែល​ក្នុងនោះ​មាន​ចំណុច​ពាក់ព័ន្ធ​នឹង​លោក ញឹក ប៊ុនឆៃ នៅក្នុង​សំណុំរឿង​ដ៏​ធំ​មួយ កាលពី​ឆ្នាំ​២០០៧​។ នេះ​បើតាម​រយៈ​លិខិត​របស់​ទណ្ឌិត ជា ជុង ដែលបានស្នើ​សុំ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជួយ​រក​យុត្តិធម៌ និង​បរិហារ​ឡើងវិញ​អំពី​សំណុំរឿង​គ្រឿងញៀន ។

«ផ្នែកលើការបរិហាររបស់ទណ្ឌិតឈ្មោះ ជា ជុង ឯកសារនិងភស្តុតាងនៅក្នុងសំណុំរឿង បន្ទាប់ពីបានការស្រាវជ្រាវករណីនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរកឃើញតម្រុយបទល្មើសលើឈ្មោះ ញឹក ប៊ុនឆៃ ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀនដូចបានរៀបរាប់ខាងលើ»។ នេះបើតាមអយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលបាន​បញ្ជាក់ថា ទណ្ឌិត ជា ជុង ជា​អតីត​ទីប្រឹក្សា​ផ្ទាល់​របស់លោក ញឹក ប៊ុនឆៃ ចាប់តាំងពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០០៧ ។​
 
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០០៧ សមត្ថកិច្ច​បាន​ឆែកឆេរ​ទីតាំង​ចិញ្ចឹម​គោមួយ​កន្លែង ស្ថិតនៅ​ក្នុងភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​រកឃើញ​នូវ​ឧបករណ៍​ផលិត​គ្រឿងញៀន និង​សារធាតុ​ផលិត​គ្រឿងញៀន ហើយ​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនជាតិខ្មែរ ចិន និង​ថៃ​ផងដែរ​។ ក្រោយមក​តុលាការ​បានសម្រេច​ផ្តន្ទាទោស​ទណ្ឌិត ជា ជុង , ជិន ធាន​វិ​ន ,​ឆាយ ខាំង​ស៊ី ,​ឆះ ណាក់​ស៊ី ,​ស៊ីវ ទី , វ៉ាន់ យ៉ាន់ និង គួ​ង ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​កំណត់​ទោសពី​២៥​ឆ្នាំ ដល់​មួយជីវិត ពីបទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន តាម​មាត្រា​២.២​ថ្មី និង​មាត្រា ៣៨.១​ថ្មី នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។​
 
ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ​មានតែ ទណ្ឌិត ជា ជុង​,​ឆាយ ខាំង​ស៊ី ,​ឆះ ណាក់​ស៊ី និង វ៉ាន់ យ៉ាន់ កំពុង​អនុវត្ត​ទោស​នៅ​ពន្ធនាគារ ។ ចំណែក​ជនល្មើស​ឈ្មោះ គួ​ង និង​ជនជាតិ​ចិន​ផ្សេងទៀត ដែល​បានគេច​ខ្លួន​នោះ សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​។ នេះបើតាមសេចក្តីថ្លែងការណ៍របស់តុលាការ៕
 
 

Tag:
 ញឹក ប៊ុនឆៃ​
 ​ គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com