ជាតិ
ពិធីបួងសួង​រំលឹក​គុណ​ដល់​បុព្វបុរស​ខ្មែរ​នៅ​បរិវេណ​តំបន់​ប្រាសាទសំបូរព្រៃគុក​
07, Aug 2017 , 3:02 pm        
រូបភាព
រូបភាព​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ
រូបភាព​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ
​តំបន់​ប្រាសាទសំបូរព្រៃគុក មានការ​ប្រារព្ធ​ពិធីបួងសួង​រំលឹក​គុណ​ដល់​បុព្វបុរស​ខ្មែរ និង​អបអរសាទរ​តំបន់​ប្រាសាទសំបូរព្រៃគុក ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ​២០១៧​។ កម្មវិធី​នេះ ប្រព្រឹត្តទៅ​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី ៦-៧ សីហា ក្នុង​តំបន់​ប្រាសាទសំបូរព្រៃគុក​។​



​ក្នុង​បរិវេណ​តំបន់​ប្រាសាទសំបូរព្រៃគុក មាន​ភាព​អ៊ូអរ ដោយមាន​វត្តមាន​ថ្នាក់ដឹកនាំ​ជាច្រើន និង​សាធារណជន​នានា មក​ចូលរួម​ក្នុង​ពិធីបួងសួង​រំលឹក​គុណ​ដល់​បុព្វបុរស​ខ្មែរ និង​អបអរសាទរ​តំបន់​ប្រាសាទសំបូរព្រៃគុក ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។   ពិធីបួងសួង​នេះ ប្រព្រឹត្តទៅ​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី ៦-៧ ខែសីហានេះ​។​

​ព្រឹត្តិការណ៍​នេះ មាន​ពិធីបួងសួង​រំលឹក​គុណ ការសម្ដែង​សិល្បៈ​បុរាណ និង​ការប្រគំ​តន្ត្រី​ជាដើម​។ ពិធីបួងសួង​រំលឹក​គុណ​បុព្វបុរស​ខ្មែរ ធ្វើឡើង​ក្រោម​វត្តមាន​សម្ដេច ប៊ុន រ៉ានី ហ៊ុន សែន និង​ដឹកនាំ​សំខាន់ៗ​ជាច្រើនរូប​។ ជាមួយគ្នានេះ ល្បែង​ប្រជាប្រិយ​ជាច្រើន​ប្រភេទ ការសម្ដែង​ក្បាច់គុណ​ល្បុក្កតោ​បុរាណ​ខ្មែរ ការសម្ដែង​ចាប៉ីដងវែង ក៏បានបង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ ដែល​ធ្វើ​ឲ្យ​មានការ​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។



​តំបន់​ប្រាសាទសំបូរព្រៃគុក ដែលជា​រាជធានី​ឦ​សាន្ត​បុ​រៈ ក្នុងសម័យ​ចេនឡា ត្រូវបាន​អង្គការ​យូណេស្កូ​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៧ នៅ​ប្រទេស​ប៉ូឡូញ​។ ក្រុម​ប្រាសាទសំបូរព្រៃគុក កសាងឡើង​នៅ​សតវត្សរ៍​ទី​៧ (៦១៦-៦៣៧) ក្នុង​រជ្ជកាល​ស្ដេច ឥសាន​វរ្ម័នទី​១ សម័យ​ចេនឡា​។ បច្ចុប្បន្ន តំបន់​ប្រាសាទ​នេះ ក្លាយជា​រមណីយដ្ឋាន​វ​ប្ប​ធម៌ ប្រវត្តិសាស្ត្រ ដែល​ស្ថិតនៅ​ក្នុងភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។​

​គួរ​បញ្ជាក់ថា នៅក្នុង​ពិធី​អបអរ​ការដាក់​តំបន់​ប្រាសាទសំបូរព្រៃគុក នា​ថ្ងៃទី ១០ កក្កដា​កន្លងទៅ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល​សម្រេច​កំណត់​ថ្ងៃទី​១០ ខែកក្កដា ជា​ទិវា​ប្រចាំឆ្នាំ​នៃ​ការចងចាំ​ការដាក់​តំបន់​ប្រាសាទសំបូរព្រៃគុក និង​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​៕










Tag:
 សំបូរ​ព្រៃ​គុក
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com