អន្តរជាតិ
អាមេរិក​អាច​បើក​ប្រតិបត្តិការ​អាកាស​ដើម្បី​ជួយ​ហ្វីលីពីន​កម្ទេច​ក្រុម​ភេរវ​ករ​នៅ​ម៉ា​រ៉ាវី​
08, Aug 2017 , 9:19 pm        
រូបភាព
​ប្រមុខ​កងទ័ព​ហ្វីលីពីន ឧ​ត្ត​ម​សេនីយ៍ អេ​ឌូ​អា​ដូ អា​ញ៉ូ (Eduardo Año) បាន​ទទួលស្គាល់ថា កងទ័ព​អាមេរិក​អាច​បើក​យុទ្ធនាការ​វាយប្រហារ​ដែ​ន​អាកាស​លើ​ក្រុម​ឧទ្ទាម Maute ដែល​កំពុង​គ្រប់គ្រង​ផ្នែក​ជាច្រើន​នៃ​ទីក្រុង​ម៉ា​រ៉ាវី ភាគខាងត្បូង​ហ្វីលីពីន​។ ប៉ុន្តែ​លោក​ឧ​ត្ត​សេនីយ៍ អា​ញ៉ូ អះអាងថា នេះ​គ្រាន់តែ​ជា​ផែន​ការដែល​ស្ថិតក្នុង​ដំណាក់​ពិចារណា​ប៉ុណ្ណោះ ព្រោះ​ត្រូវ​ឆ្លងកាត់​ដំណាក់​ច្រើន រាប់ទាំង​ការបង្កើត​កិច្ចព្រមព្រៀង​មួយ​រួមគ្នា មុននឹង​ឈានដល់​អន្តរាគមន៍​ដោយផ្ទាល់​។​



​យុ​ទ​ន្ធ​នា​ការ​រ​បោសសម្អាត​ក្រុម​ឧទ្ទាម Maute ពី​ទីក្រុង​ម៉ា​រ៉ាវី នៅតែ​បន្ត​ដដែល​។ កងទ័ព​ហ្វីលីពីន ដែល​ទទួល​ជំនួយ​ពី​អាមេរិក ចិន អូស្ត្រាលី សិង្ហ​បុរី បាន​ព្យាយាម​វាយ​បណ្ដេញ​ក្រុម​សកម្មជន​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ប៉ុន្តែ​នៅតែ​មិនអាច​ទទួលជោគជ័យ​បាន​នៅឡើយ​។ នៅ​ថ្ងៃទី​៧ ខែសីហា សារព័ត៌មាន​អាមេរិក NBC បាន​ផ្សាយ​ថា​អាមេរិក​កំពុង​ពិចារណា​វាយប្រហារ​ដែនអាកាស​នៅ​ម៉ា​រ៉ាវី ដើម្បី​ឆាប់​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​នេះ​។​

​នៅ​ថ្ងៃទី​៨ ខែសីហា នាយសេនាធិការ​កងទ័ព​ហ្វីលីពីន ឧ​ត្ត​ម​សេនីយ៍ អេ​ឌូ​អា​ដូ អា​ញ៉ូ ក៏បាន​ចេញមក​អះអាងថា​ពិត​ជាមាន​ផែនការ​បែបនេះ​មែន តែ​ស្ថិត​មិនទាន់មាន​ការសម្រេចចិត្ត​យ៉ាងណា​ឡើយ​។ បើតាម​សារព័ត៌មាន The Manila Bulletin ហ្វីលីពីន​មិនទាន់​ទទួលបាន​ការជូនដំណឹង​ផ្លូវការ ឬក៏​សំណើសុំ​ពង្រាយ​យុទ្ធោបករណ៍​សម្រាប់​ប្រតិបត្តិការ​ដែនអាកាស​ពី​សំណាក់​អាមេរិក​នៅឡើយ​ទេ​មកទល់ពេលនេះ​។​

​ប្រមុខ​កងទ័ព​ហ្វីលីពីន​រូបនេះ​និយាយថា ជំនួយ​បច្ចេកទេស និង​ការបណ្ដុះបណ្ដាល​ដែល​អាមេរិក​ផ្ដល់​ឲ្យ​ហ្វីលីពីន ធ្វើឡើង​ក្រោម​ក្របខណ្ឌ​នៃ​សន្ធិសញ្ញា​ដែលមាន​ស្រាប់​។ ប៉ុន្តែ​ទាក់ទង​អន្តរាគមន៍​យោធា​ផ្ទាល់​វិញ អាចធ្វើ​ឡើង​តែ​ក្នុងករណី​ហ្វីលីពីន​ត្រូវបាន​ឈ្លានពាន​ដោយ​ប្រទេស​ផ្សេង​ប៉ុណ្ណោះ​។ លោក អា​ញ៉ូ បាន​អរគុណ​មន្ទីរ​បញ្ច​កោណ​ដែល​ចង់​ជួយ​ហ្វីលីពីន​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរ​កម្ម​នៅ​ភាគខាងត្បូង​ហ្វីលីពីន ប៉ុន្តែ​បំណង​នេះ​ត្រូវ​ឆ្លងកាត់​ដំណាក់​ច្រើន​មុន​ក្លាយជា​សកម្មភាព​ពិ​ប្រាកដ​។​

​បើតាម​ផែនការ​របស់​មន្ទីរ​ប​ញ្ច​កោណ ឧបករណ៍​សង្គ្រាម​រប​ស់​កងទ័ព​អាមេរិក​នឹងចូលរួម​ដោយផ្ទាល់​ក្នុងការ​វាយ​បណ្ដេញ​ក្រុម​ជ្រុលនិយម ជាពិសេស​យន្តហោះ​អត់​មាន​អ្នកបើកបរ (UCAVS) តែម្ដង​។ វា​ក៏​នឹង​ជួយ​បង្កើន​កម្លាំង​កងទ័ព​ហ្វីលីពីន​ដែល​សំរុក​ប្រយុទ្ធ​តទល់​ក្រុម​សកម្មជន​ភេរវ​ករ​ផងដែរ ហើយ​អ្វី​កាន់តែ​ច្បាស់លាស់ គឺ​វា​ក៏​ក្លាយជា​អន្តរាគមន៍​ដោយផ្ទាល់​ពី​សំណាក់​អាមេរិក​មកកាន់​សង្គ្រាម​ដែល​សម្លាប់​មនុស្ស​ជាង​៥០០​នាក់ និង​បង្ខំ​ឲ្យ​ប្រជាជន​រាប់ម៉ឺន​នាក់​ត្រូវ​ភៀសខ្លួន​។​

​សូមបញ្ជាក់ថា កងទ័ព​ហ្វីលីពីន​បាន​តស៊ូ​ដណ្ដើម​ទីក្រុង​ម៉ា​រ៉ាវី​ពី​ដៃ​ក្រុម​ឧទ្ទាម Maute បន្ទាប់ពី​ត្រូវបាន​ក្រុម​នេះ​ត្រួតត្រា​តាំងពី​ខែឧសភា​មកម្ល៉េះ​។ ចំណែកឯ​ទា​ហា​អាមេរិក​ដែលមាន​នាទី​ជាទី​ប្រឹក្សា​អម​កងទ័ព​ហ្វីលីពីន​ក្នុងការ​ប្រឆាំង​ភេរវកម្ម​និយម​តាំងពី​ឆ្នាំ​២០០១ មក ក៏បាន​ជួយ​កងទ័ព​រដ្ឋាភិបាល​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ក្នុង​យុទ្ធនា​ការរំដោះ​ម៉ា​រ៉ាវី​ដែរ​៕  


Tag:
 អាមេរិក​
  ហ្វីលីពីន​
  Marawi
© រក្សាសិទ្ធិដោយ thmeythmey.com