អន្តរជាតិ
វៀតណាម​ស្វែងរក​ការការពារ​ពី​អាមេរិក ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន​
09, Aug 2017 , 2:25 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក Jame Mattis ស្វាគមន៍សមភាគីវៀតណាម Ngo Xuan Lich នៅមន្ទីរបញ្ចកោណ (រូបភាព៖ ក្រសួងការពារជាតិអាមេរិក)
រដ្ឋមន្រ្តីការពារជាតិអាមេរិក Jame Mattis ស្វាគមន៍សមភាគីវៀតណាម Ngo Xuan Lich នៅមន្ទីរបញ្ចកោណ (រូបភាព៖ ក្រសួងការពារជាតិអាមេរិក)
​រដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម Ngo Xuan Lich បាន​ទៅដល់​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី​៨ ខែសីហា ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​គេ​មើលឃើញថា​ជាការ​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​រឹងមាំ​រវាង​អតីត​សត្រូវ​ទាំងពីរ ជាពិសេស​វិស័យ​ការពារជាតិ ចំ​ពេលដែល​វៀតណាម​កំពុង​ជម្លោះ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ អាមេរិក ដែល​កំពុង​ព្យាយាម​ទប់ស្កាត់​សកម្មភាព​ចិន​ដែរនោះ ក៏បាន​សន្យា​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ដើម្បី​ទប់ទល់​ចិន​។​



​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​បានធ្វើ​ឲ្យ​អតីត​សត្រូវ​ស៊ីសាច់ហុតឈាម គឺ​អាមេរិក និង​វៀតណាម​កាន់តែ​ជិតស្និទ្ធ​គ្នា​ខ្លាំង​។ នៅ​ថ្ងៃទី​៨ ខែសីហា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Jame Mattis បាន​ក្រាល​កម្រាលព្រំ​ទទួល​រដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម Ngo Xuan Lich នៅឯ​មន្ទីរ​បញ្ច​កោណ​។ ប្រមុខ​ការពារជាតិ​អាមេរិក​បាន​សន្យា​ចំពោះមុខ​សម​ភាគី​វៀតណាម​ថា អាមេរិក​នឹង​បញ្ជូន​នាវា​ដឹក​យន្តហោះ​ទៅកាន់​វៀតណាម និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​ផងដែរ​។​

​ក្រុង​ហាណូយ បានចេញ​មុខ​ចេញ​មាត់​ខ្លាំងជាងគេ​ក្នុងចំណោម​រដ្ឋ​មាន​ជម្លោះ​ជាមួយ​ក្រុង​ប៉េកាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ក្រុង​ម៉ានីល​បាន​បន្ទន់ឥរិយាបថ​ជា​ថ្នូរ​នឹង​ជំនួយ​រាប់ពាន់​លាន​ដុល្លារ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​។ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដែល​ទើប​បញ្ចប់ វៀតណាម​បានទាមទារ​ឲ្យ​អាស៊ាន​ប្រកាន់​ជំហរ​តឹង​រ៉ឺ​ង​ដាក់​តាមរយៈ​ការរិះគន់​សកម្មភាព​យោធា និង​ការ​វាតទី​របស់​ចិន​ក្នុង​តំបន់​ជម្លោះ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Mattis បាន​ប្រាប់​សម​ភាគី​វៀតណាម​របស់លោក​ថា ទំនាក់ទំនង​ដ៏​រឹងមាំ​លើ​វិស័យ​ការពារ​រវាង​អាមេរិក និង​វៀតណាម គឺ​ពឹង​ផ្អែកលើ​ផលប្រយោជន៍​រួមគ្នា រាប់ទាំង​សេរីភាព​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ លោក Mattis ក៏បាន​ស្វាគមន៍​ការកើនឡើង​តួនាទី​របស់​វៀតណាម​ក្នុងការ​ដឹកនាំ​តំបន់​អាស៊ី​ប៉ា​ហ្វិ​ក​ទៀតផង​។ នេះ​បើតាម​យោងតាម​ការប្រកាស​រប​ស់​មន្ទីរ​បញ្ច​កោណ​។​

​វត្តមាន​នាវា​ដឹក​យន្តហោះ​អាមេរិក​នៅ​វៀតណាម គឺជា​សញ្ញា​បង្ហាញ​ពី​ការ​ខិតជិត​គ្នា​រវាង​អាមេរិក និង​វៀតណាម ព្រោះ​វា​គឺជា​លើកទីមួយ​ដែល​នាវា​ដឹក​យន្តហោះ​អាមេរិក​ចូល​ចត​នៅ​កំពង់ផែ​វៀតណាម​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាម​វៀតណាម​ក្នុង​ឆ្នាំ​១៩៧៥ មក​។ រឿង​នាវា​ដឹក​យន្តហោះ​នេះ គឺជា​ប្រធានបទ​សំខាន់​ក្នុងជំនួប​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc នៅ​សេត​វិមាន​កាលពី​ខែឧសភា​។​

​ជាការ​ពិត វៀតណាម​នៅ​មិនទាន់​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​តទល់​ជាមួយ​មហា​យក្ស​ចិន​ឡើយ​។ ដូច្នេះ ការ​លូកដៃ​របស់​អាមេរិក​ម​ក្នុង​មកកាន់​សមុទ្រ​ចិន​ខាងត្បូង​ក្រោម​ហេតុផល​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ ពិតជា​ឱកាសល្អ​សម្រាប់​វៀតណាម​ដើម្បី​ការពារ​ទឹកដី​ដែល​ខ្លួន​កំពុង​ទាមទារ​។ ដោយមាន​អាមេរិក​ពីក្រោយ​ខ្នង វៀតណាម​អាច​ត្រៀមខ្លួន​តទល់​ជាមួយ​ចិន ខណៈ​ចិន​ពិតជារ​ង្គៀ​ស​ចិត្តនឹង​វត្តមាន​អាមេរិក​ណាស់ ព្រោះ​រាំងស្ទះ​ដល់​មហិច្ឆតា​របស់ខ្លួន​៕

Tag:
 វៀតណាម​
  អាមេរិក​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com