អន្តរជាតិ
​កូរ៉េខាងជើង​គំរាម​វាយប្រហារ​កោះ​ហ្គា​ម ក្រោយ ត្រាំ គំរាម​កម្ទេច​កូរ៉េខាងជើង​
09, Aug 2017 , 4:13 pm        
រូបភាព
មីស៊ីលរយៈចម្ងាយមធ្យម Hwasong-12 ដែលកូរ៉េខាងជើងចង់ប្រើប្រាស់ដើម្បីវាយប្រហារកោះហ្គាម (រូបភាព AP)
មីស៊ីលរយៈចម្ងាយមធ្យម Hwasong-12 ដែលកូរ៉េខាងជើងចង់ប្រើប្រាស់ដើម្បីវាយប្រហារកោះហ្គាម (រូបភាព AP)
​កូរ៉េខាងជើង នៅ​ថ្ងៃទី​៩ ខែសីហា បាន​និយាយថា ខ្លួន​កំពុង​ពិចារណា​វាយប្រហារ​កោះ​ហ្គា​ម (Guam) ដែលជា​ដែនដី​អាមេរិក​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដោយ​ប្រើ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម Hwasong-12 ។ កូរ៉េខាងជើង​ប្រកាស​ដូចនេះ ក្រោយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ គំរាមថា កូរ៉េខាងជើង​នឹងត្រូវ​កម្ទេច បើ​នៅតែ​បន្ត​គំនិត​ចង់​វាយប្រហារ​អាមេរិក​ទៀត​នោះ​។ នៅពេលនេះ កងទ័ព​កូរ៉េខាងជើង​រង់ចាំតែ​បញ្ជា​របស់​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន ប៉ុណ្ណោះ​។​



​សង្គ្រាម​វោហារ​សព្ទ​រវាង​អាមេរិក និង​កូរ៉េខាងជើង បានកើត​ឡើងជា​បន្តបន្ទាប់ ដោយ​ភាគី​ទាំងពីរ​នៅតែ​ប្រើប្រាស់​ពាក្យសម្ដី​អុជអាល​ដាក់គ្នា​ទៅវិញទៅមក​។ ក្រោយ​ក្រុមប្រឹក្សាសន្តិសុខ​អនុម័ត​ទណ្ឌកម្ម​ថ្មី កូរ៉េខាងជើង​ខឹងសម្បារ​យ៉ាងខ្លាំង និង​បាន​ព្រមាន​សងសឹក​អាមេរិក​ដែល​ខ្លួន​ចាត់ទុកជា​មេខ្លោង​វិញ​លើសពី​ទណ្ឌកម្ម​នេះ​រាប់ពាន់​ដង​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឯណោះ ក៏​គំរាម​វិញ​ថា កូរ៉េខាងជើង​ត្រូវ​បោះបង់​នុយក្លេអ៊ែរ បើ​មិន​ចង់​ជួប​អន្តរាយ​ដែល​ពិភពលោក​មិន​ធ្លាប់​ជួបប្រទះ​នោះ​។​

​ជាការ​ឆ្លើយតប​នឹង​ការ​គំរាម​របស់លោក ត្រាំ កងទ័ព​កូរ៉េខាងជើង​ក៏បាន​ប្រកាសថា ខ្លួន​កំពុង​រៀបចំ​ផែនការ​វាយប្រហារ​តំបន់​ជុំវិញ​កោះ​ហ្គា​ម​ជាមួយនឹង​មី​ស៊ី​ល​ចម្ងាយ​មធ្យម Hwasong-12 ។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap កងទ័ព​កូរ៉េខាងជើង​នឹង​បញ្ជូន​ផែនការ​នេះ​ទៅកាន់​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន ហើយ​ប្រតិបត្តិការ​នេះ​អាច​លេច​ជា​រូបរាង ឬ​យ៉ាងណា គឺ​អាស្រ័យ​តាម​ការសម្រេចចិត្ត​រប​ស់លោក គីម ជុង​អ៊ុន ផ្ទាល់​។​

​បើ​ពិតជា​មានការ​វាយប្រហា​រ​មែន​នោះ វា​មានន័យថា​កូរ៉េខាងជើង​ប្រកាសសង្គ្រាម​នឹង​អាមេរិក​ហើយ​។ តាមពិតទៅ កូរ៉េខាងជើង​ចង់​វាយប្រហារ​កោះ​ហ្គា​ម ព្រោះ​កោះ​នេះ​ជា​មូលដ្ឋាន​កងទ័ព​អាមេរិក​ដ៏​សំខាន់ ដែល​នៅ​កៀក​ឧបទ្វីប​កូរ៉េ​។ សព្វាវុធ​ទំនើបៗ​ជាច្រើន​ត្រូវបាន​ពង្រាយ​នៅ​មូលដ្ឋាន​ទ័ពអាកាស Anderson ដូចជា​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B និង​យន្តហោះ B52 ព្រមទាំង​នាវាមុជទឹក ក៏ដូចជា​ប្រព័ន្ធ​ការពារ​អាកាស THAAD ទៀតផង​។​


           កោះហ្គាមស្ថិតនៅចម្ងាយ២១០០ម៉ាយល៍ពីកូរ៉េខាងជើង

​កូរ៉េខាងជើង ចង់​ឡោមព័ទ្ធ​កោះ​ហ្គា​ម​ដើម្បី​បិទផ្លូវ​របស់​អាមេរិក​ក្នុងករណី​អាមេរិក​ធ្វើសង្គ្រាម​ដើម្បី​បញ្ចប់​មហិច្ឆតា​នុយ​ក្លេ​អ៊េ​រ​។ បច្ចុប្បន្ននេះ ក្រុង​ព្យុងយ៉ាង​ក៏មាន​មី​ស៊ី​ល​ដែល​អាច​វាយប្រហារ​គោល​ដៅ​កោះ​ហ្គា​ម​បាន បន្ទាប់ពី​ប្រឹងប្រែង​ដុសខាត់​មី​ស៊ី​ល​របស់ខ្លួន​ច្រើន​ឆ្នាំ​មក​នោះ​។ មិន​ត្រឹមតែ​កោះ​ហ្គា​ម​ឡើយ សូម្បី​ទឹកដី​អាមេរិក​ផ្សេងទៀត​ក៏​ស្ថិតក្នុង​រង្វង់​នៃ​ការ​ទៅដល់​របស់​មី​ស៊ី​ល​រំលង​ទ្វីប​របស់​កូរ៉េខាងជើង​ដែរ​។​

​រឿង​មិនអាច​ប្រកែក​បាន គឺ​កូរ៉េខាងជើង​ពិត​ជាមាន​សមត្ថភាព​វាយប្រហារ​ដោយ​ប្រើ​នុយក្លេអ៊ែរ​ប្រឆាំង​អាមេរិក ដែល​រឿងនេះ​ធ្វើ​ឲ្យ​អាមេរិក​នៅ​មិន​សុខ​ឡើយ​។ ទាំង​ទណ្ឌកម្ម​អន្តរជាតិ ទណ្ឌកម្ម​ឯកតោភាគី និង​ជម្រើស​យោធា​ផង​នោះ សុទ្ធតែជា​វិធានការ​របស់​រដ្ឋបាល​ប្រធានាធិបតី ត្រាំ ក្នុង​ការពារ​សន្តិសុខ​របស់​អាមេរិក​។ ប៉ុន្តែ​កូរ៉េខាងជើង​ក៏​មិនបាន​ចុះ​ញ៉ម​នឹង​ការ​គំរាម​អ្វី​ដែរ ហើយ​នៅតែ​បន្ត​ប្រើប្រាស់​សម្ដី​ព្រហើន និង​សកម្មភាព​បង្ករឿង​រហូតមក​៕  


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com