អន្តរជាតិ
រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​៖ កូរ៉េខាងជើង​នឹង​ចាញ់​សង្គ្រាម​ដែល​ខ្លួនឯង​បង្កើត​
10, Aug 2017 , 10:25 am        
រូបភាព
​បន្ទាប់ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គំរាម​កម្ទេច​កូរ៉េខាងជើង​រូ​ច រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម​ស៍ ម៉ា​ធី​ស (James Mattis) បាន​ចេញមក​ព្រមាន​កូរ៉េខាងជើង​ដូចគ្នា​។ លោក ម៉ា​ធី​ស ប្រាប់​កូរ៉េខាងជើង​កុំ​ធ្វើ​សកម្មភាព​ដែល​នាំ​មហន្តរាយ​ដល់​ខ្លួនឯង ព្រោះ​កូរ៉េខាងជើង​នឹង​ចាញ់​សង្គ្រាម​ដែល​ខ្លួនឯង​ជា​អ្នក​នាំអាទិ៍​មិន​ខាន​។ លោក ម៉ា​ធី​ស បាន​អួត​ពី​ឥទ្ធិពល​កម្លាំងយោធា​អាមេរិក និង​សម្ព័ន្ធមិត្ត​ដែល​ខ្លាំង​លើសគេ​លើ​លោក​។



​សង្គ្រាមពាក្យសម្ដី​រវាង​អាមេរិក និង​កូរ៉េខាងជើង បាន​ឈានដល់​ដំណាក់កាល​មួយទៀត បន្ទាប់ពី​កូរ៉េខាងជើង​គំរាម​វាយប្រហារ​តំបន់​ជុំវិញ​កោះ​ហ្គា​ម​របស់​អាមេរិក​។ យ៉ាងណាមិញ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម​ស៍ ម៉ា​ធី​ស នៅ​ថ្ងៃទី​៩ ខែសីហា បាន​ប្រាប់​ឲ្យ​កូរ៉េ​ខាង​បញ្ឈប់​ទង្វើ​ដែល​បំផ្លាញ​របប​ដឹកនាំ​និង​ប្រជាជន​របស់ខ្លួន ហើយ​ត្រូវ​ឈប់​បន្ត​កម្មវិធី​នុយក្លេអ៊ែរ ក៏ដូចជា​ត្រូវ​ផ្អាក​ការបាញ់​មី​ស៊ី​ល​រំលង​ទ្វីប​ទៀត​។​

​ក្នុង​សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​តាម​មន្ទីរ​បញ្ច​កោណ លោក ម៉ា​ធី​ស បញ្ជាក់ថា ក្រសួងការបរទេស​អា​មេ​រិ​ក​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​តាមផ្លូវ​ការទូត ប៉ុន្តែ​កូរ៉េខាងជើង​ត្រូវ​ចាំ​ថា កងទ័ព​សម្ព័ន្ធមិត្ត​មាន​សមត្ថភាព​លើសគេ​ទាំង​ការការពារ​ខ្លួន និង​ការ​វាយបក​វិញ​។ ប្រមុខ​ការទូត​អាមេរិក​រូបនេះ​ក៏​រំឭក​កូរ៉េខាងជើង​ថា សមត្ថភាព​របស់​កូរ៉េខាងជើង​មិនអាច​ប្រៀបផ្ទឹម​សមត្ថភាព​អាមេរិក និង​សម្ព័ន្ធមិត្ត​បានឡើយ ហើយ​កូរ៉េខាងជើង​នឹង​ចាញ់​ស​ង្គ្រា​មិន​ខាន​។

​ការ​គំរាម​របស់លោក ម៉ា​ធី​ស ក៏​ស្រដៀង​គ្នា​នឹង​សម្ដី​ព្រមាន​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែរ​។ លោក ត្រាំ បាន​លើកឡើងថា កូរ៉េខាងជើង​នឹងត្រូវ​វាយប្រហារ​ដោយ​កំហឹង​ដ៏​ពុះកញ្ជ្រោល បើ​នៅតែ​គំរាម​វាយប្រហារ​អាមេរិក​ទៀត​។ ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល លោក ម៉ា​ធី​ស ក៏បាន​រំឭក​ពី​បញ្ជា​ទីមួយ​របស់លោក ត្រាំ គឺ​ការត្រៀមខ្លួន​ឲ្យ​ស្រេចបាច់​នូវ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​បាលី​ស្ទិ​ក និង​អាវុធ​នុយក្លេអ៊ែរ​។​

​នៅ​ថ្ងៃទី​៩ ខែសីហា លោក ត្រាំ ក៏បាន​បង្ហោះ​សារ​មួយ​តាម​បណ្ដាញ​សង្គម Twitter របស់លោក ដែល​បញ្ជាក់​ពី​ការត្រៀមខ្លួន​របស់​អាមេរិក​ក្នុង​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង​។ លោក​សរសេរថា​៖ «​បញ្ជា​ទីមួយ​របស់ខ្ញុំ​ក្នុងនាម​ជា​ប្រធានាធិបតី គឺ​ការធ្វើ​ទំនើបកម្ម​នុយក្លេអ៊ែរ ហើយ​ឥឡូវនេះ​នុយក្លេអ៊ែរ​របស់​យើង​គឺ​ខ្លាំង​ជាង​មុន​។ យើង​សង្ឃឹមថា​វា​នឹងមិន​ត្រូវ​ប្រើប្រាស់​ឡើយ តែ​យើង​នឹង​នៅតែ​ជា​មហាអំណាច​ដដែល​»​។​


​សម្ដី​ព្រមាន​របស់លោក ត្រាំ មិនបាន​ធ្វើ​ឲ្យ​កូរ៉េខាងជើង​រាថយ​ឡើយ​។ កូរ៉េខាងជើង​បាន​គំរាម​វាយប្រហារ​តំបន់​ជុំវិញ​កោះ​ហ្គា​ម ដែល​ស្ថិតក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ នៅ​ថ្ងៃទី​១០ ខែសីហា កូរ៉េខាងជើង​បាន​បញ្ចេ​ញ​ផែនការ​វាយប្រហារ​កោះ​ហ្គា​ម​ដោយ​ប្រើប្រាស់​មី​ស៊ី​ល Hwasong-12 ចំនួន​៤​គ្រាប់​។ ផែនការ​នេះ​នឹង​បញ្ចប់​ពាក់កណ្ដាល​ខែសីហា ហើយ​មី​ស៊ី​ល​នេះ​នឹងត្រូវ​ហោះ​រំលង​ជប៉ុន មុននឹង​ធ្លាក់ចូល​សមុទ្រ​ក្បែរ​កោះ​ហ្គា​ម​ប្រហែល​៣០​គីឡូម៉ែត្រ​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  James Mattis
© រក្សាសិទ្ធិដោយ thmeythmey.com