អន្តរជាតិ
តា​លី​បង់កាត់​ក្បាល​នារី​ម្នាក់​ពីបទ​ទៅ​ផ្សារ​តែម្នាក់ឯង​ដោយ​គ្មាន​ស្វាមី​
10, Aug 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែលជា​តំបន់​គ្រប់គ្រង​ដោយ​ពួក​តា​លី​បង់ ស្ត្រី​ម្នាក់ ត្រូវ​កង​ប្រដាប់អាវុធ​ចាប់​កាត់​ក្បាល បន្ទាប់ពី​នាង​បាន​ដើរចូល​ផ្សារ​មួយ ដោយ​គ្មាន​វត្តមាន​ស្វាមី​នៅ​ជាមួយ​។



​លោក Zabiullah Amani អ្នកនាំពាក្យ​ខេត្ត Sar-e-Pul ភាគ​ខាងជើង​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​កំពុង​គ្រប់គ្រង​ដោយ​ពួក​តា​លី​បង់ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ប៉ា​គី​ស្ថាន The National ថា ស្ត្រី​វ័យ​៣០​ឆ្នាំ​ម្នាក់ ត្រូវ​ទាហាន​តា​លី​បង់ កាត់​ក្បាល ព្រោះ​គាត់​បាន​ទៅ​ផ្សារ​តែម្នាក់ឯង ដោយ​គ្មាន​វត្តមាន​ស្វាមី​ទៅតាម​។​

​លោក Amani បាន​បញ្ជាក់ថា ស្វាមី​របស់​ស្ត្រី​រូបនោះ ស្ថិតនៅក្នុង​ប្រទេស​អ៊ីរ៉ង់​។ ស្ត្រី​រូបនោះ បាន​ភ្លេចខ្លួន​ដោយ​មិន​បានគិត​ឃើញ​ពី​វិន័យ​ដ៏​តឹងរឹង​របស់​ក្រុម​តា​លី​បង់ ដែល​ហាមឃាត់​ស្ត្រី​ក្នុង​ការដើរ​ទីសាធារណៈ ជាពិសេស​នៅតាម​ទីផ្សារ​តែម្នាក់ឯង​។​

​ស្ត្រី​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ពួក​តា​លី​បង់ មិនមាន​សិទ្ធិ​ធ្វើការ ឬ​ទទួលបាន​នូវ​ការអប់រំ​ពិសេស​ណាមួយ​ឡើយ​។ ការដើរ​ចេញ​ក្រៅ​របស់​ស្ត្រី​ទាំងនោះ ត្រូវតែមាន​វត្តមាន​ស្វាមី និង​ត្រូវ​បិទមុខ​ជាប់​ជានិច្ច ព្រោះនេះ​ជា​ជំនឿ​។​

​ករណី​ដ៏​សាហាវ​នេះ មិនមែនជា​រឿង​ថ្មី​នោះឡើយ​សម្រាប់​សង្គម​ដែល​គ្រប់គ្រង​ដោយ​ពួក​តា​លី​បង់​។ កន្លងមក ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​៥​នាក់ ក៏ត្រូវ​បានសម្លាប់​ផងដែរ បន្ទាប់ពី​ពួកគេ​បានទទួល​អ្នកទេសចរ​នៅ​អាកាសយានដ្ឋាន​មួយ​។ ក្រុម​ប្រដាប់អាវុធ បាន​ចាប់​ស្ត្រី​ទាំងនោះ ខណៈដែល​ពួកគេ​ស្ថិតក្នុង​ដំណើរ​ទៅ​បំពេញការងារ​នៅ​តំបន់​កាន់​ដា​ហារ ភាគខាងត្បូង​នៃ​ប្រទេស​៕


Tag:
 តា​លី​បង់​
  អា​ហ្វ​ហ្គា​នី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com