អន្តរជាតិ
ហេតុអ្វី​បានជា​កូរ៉េខាងជើង​ចង់វា​យកោះ​ហ្គា​ម​?
11, Aug 2017 , 2:17 pm        
រូបភាព
​កោះ​ហ្គា​ម កំពុងស្ថិត​ក្នុង​ចំណុចកណ្ដាល​នៃ​សង្គ្រាមពាក្យសម្ដី​រវាង​កូរ៉េខាងជើង និង​អាមេរិក បន្ទាប់ពី​កូរ៉េខាងជើង​គំរាម​កម្ទេច​តំបន់​កោះ​នេះ ដើម្បី​សងសឹក​សម្ដី​របស់​គំរាម​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ចង់​កម្ទេច​កូរ៉េខាងជើង​។ នៅពេលនេះ កូរ៉េខាងជើង​កំពុង​រៀបចំ​ផែនការ​វាយប្រហារ​កោះ​នេះ មុននឹង​បញ្ជូន​ទៅកាន់​លោក គីម ជុង​អ៊ុន សម្រេច​ចុងក្រោយ​។ ហេតុអ្វី​បានជា​កូរ៉េខាងជើង​ហ៊ាន​គំរាម​វាយប្រហារ​កោះ​នេះ ទាំង​ដឹងថា​នេះ​ជា​ជំហាន​គ្រោះថ្នាក់​សម្រាប់​ខ្លួន​?



​កោះ​ហ្គា​ម (Guam) គឺជា​ទឹកដី​ដ៏​តូច​មួយ​របស់​អាមេរិក មាន​ទីតាំង​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដ៏​ធំ​ល្វឹងល្វើយ​។ ទីនោះ​ហើយ គឺជា​មូលដ្ឋាន​កងទ័ព​ដ៏​ធំ​ចំនួន​ពីរ​របស់​អាមេរិក ដែល​ប្រមូលផ្ដុំ​ដោយ​សព្វាវុធ​ទំនើប​ជាច្រើន​។ កោះ​មួយ​នេះ ក្លាយជា​ទឹកដី​អាមេរិក​នៅ​ឆ្នាំ​១៨៩៨ បន្ទាប់​អាមេរិក​ដណ្ដើមបាន​ពី​អេ​ស្ប៉ា​ញ ហើយ​ធ្លាប់​ត្រូវបាន​ជប៉ុន​គ្រប់គ្រង​ផងដែរ​។ កោះ​ហ្គា​ម មាន​ប្រជាជន​មិន​ដល់​ពីរ​សែន​នាក់​ផង តែ​ក៏​ជា​តំបន់​ទេសចរណ៍​ល្បី​មួយ​ដែរ​។​

​បន្ទាប់ពី​ដណ្ដើមបាន​អេ​ស្ប៉ា​ញ កងទ័ពជើងទឹក​អាមេរិក​ប្រើប្រាស់​កោះ​នេះ​ដើម្បី​មូលដ្ឋាន​ផ្គត់ផ្គង់​ធ្យូងថ្ម និង​ជា​មូលដ្ឋាន​សម្រាប់​ទំនាក់ទំនង​ផងដែរ​។ ប៉ុន្តែ​កោះ​នេះ​ត្រូវបាន​ជប៉ុន​ដណ្ដើម​ត្រួតត្រា​នៅ​ឆ្នាំ​១៩៤១ ខណៈដែល​យន្តហោះ​ជប៉ុន​វាយប្រហារ​កំពង់ផែ Pearl Harbor របស់​អាមេរិក​។ គ្រប់គ្រង​បាន​បី​ឆ្នាំ កោះ​ហ្គា​ម ក៏​ធ្លាក់ចូល​ដៃ​អាមេរិក​វិញ​ក្នុង​ឆ្នាំ​១៩៤៤ ហើយ​អាមេរិក​រៀបចំ​ទីនោះ​ជា​មូលដ្ឋាន​វាយបក​ទៅ​ជប៉ុន​តែម្ដង​។​

១. កោះ​ហ្គា​ម​៖ មូលដ្ឋានទ័ព​អាមេរិក​នៅ​កណ្ដាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​


​កងទ័ព​អាមេរិក​បាន​កសាង​មូលដ្ឋានចំនួន​ពីរ​នៅលើ​កោះ​ហ្គា​ម គឺ​មូលដ្ឋានទ័ព​អាមេរិក Andersen មាន​ទីតាំងនៅ​ភាគ​ត្បូង និង​មូលដ្ឋាន​ទ័ពជើងទឹក​តាំងនៅ​ភាគ​ជើង​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AP មូលដ្ឋាន​ទាំងពីរ​ស្ថិតក្រោម​ការគ្រប់គ្រង​ទីបញ្ជាការ​រួម Joint Base Marianas ។ មូលដ្ឋានទ័ព​ទាំងពីរ​មានចែង​ដាច់ពីគ្នា​ដោយ​សង្កាត់​ទេសចរណ៍ Tumon ដែល​សម្បូរ​ទៅដោយ​សណ្ឋាគារ និង​រី​សត​។​

​បន្ទាយ​ទ័ពជើងទឹក ត្រូវបាន​កសាង​តាំងពី​ឆ្នាំ​១៨៩៨​មកម្ល៉េះ ពោល​បន្ទាប់ពី​សង្គ្រាម​អាមេរិក និង​អេ​ស្ប៉ា​ញ​ត្រូវបាន​បញ្ចប់​ភ្លាម​។ ចំណែក​មូលដ្ឋាន Andersen ទើបត្រូវ​បាន​កសាង​ក្នុង​ឆ្នាំ​១៩៩៤ នៅពេល​អាមេរិក​ប្រុង​បញ្ជូន​យន្តហោះ​ទៅ​ទម្លាក់​គ្រាប់បែក​លើ​ជប៉ុន​អំឡុង​សង្គ្រាមលោកលើកទី​២​។ ដោយឡែក​ចំនួន​ទាហាន​អាមេរិក​ដែល​ពង្រាយ​នៅលើ​កោះ​នេះ មាន​ចំនួន​ជាង​៧​ពាន់​នាក់ បូក​នឹង​យុទ្ធភណ្ឌ​ច្រើន​ទៀត​។​

​ដោយសារ​ជាទី​តាំង​ល្អប្រសើរ​ផ្នែក​យុទ្ធសាស្ត្រ​យោធា អាមេរិក​បាន​ពង្រា​យស​ព្វា​វុ​ធ​ទំនើប​ជាច្រើន​ទីនោះ​។ នៅ​មូលដ្ឋាន​ជើង​ទឹក គេ​ឃើញ​មាន​នាវាមុជទឹក​ល្បឿន​លឿន​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ចំនួន​៤​គ្រឿង និង​នាវាមុជទឹក​សម្រាប់​ដឹកជញ្ជូន​សម្ភារ​២​គ្រឿង​ទៀត​។ នៅឯ​មូលដ្ឋាន Andersen គេ​ឃើញ​មាន​ឧទ្ធម្ភាគចក្រ​មួយ​កង​ធំ យន្តហោះ​ទម្លាក់​គ្រាប់ B-1B និង B-52 ដែល​តែង​ចល័ត​ចុះឡើង​រវាង​អាមេរិក កោះ​ហ្គា​ម និង​ទៅ​ឧបទ្វីប​កូរ៉េ​។​



              យន្តហោះទម្លាក់គ្រាប់បែក B-1B នៅមូលដ្ឋានទ័ពអាកាសកោះហ្គាម

​ក្រៅពីនោះ កោះ​ហ្គា​ម ក៏មាន​ផ្លូវរ​ត់របស់​យន្តហោះ​ដែលមាន​ចម្ងាយ​ពីរ​គីឡូម៉ែត្រ មាន​ឃ្លាំង​ស្តុក​ប្រេង និង​ឃ្លាំង​អាវុធ​ដ៏​ធំ​ទៀតផង​។ ជា​ញឹកញាប់ កោះ​ហ្គា​ម​ក៏​ជា​កន្លែង​សំចត​របស់​យន្តហោះ​អាមេរិក ដែល​ធ្វើដំណើរ​ទៅកាន់​តំបន់​អាស៊ី​។ នៅ​ឆ្នាំ​២០១៣ ប្រព័ន្ធ​ការពា​អាកាស THAAD ក៏ត្រូវ​បាន​ពង្រាយ​នៅលើ​កោះ​ដែរ​។

២. កោះ​ហ្គា​ម​ជា​បន្លា​ក្នុង​ភ្នែក​កូរ៉េខាងជើង​

​កោះ​ហ្គា​ម ស្ថិតនៅ​មិន​ឆ្ងាយ​ឡើយ​ពី​ឧបទ្វីប​កូរ៉េ និង​តំបន់​យុទ្ធសាស្ត្រ​សំខាន់​ផ្សេងទៀត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​ក្នុងករណី​សម្ព័ន្ធមិត្ត​របស់ខ្លួន​មាន​បញ្ហា​អ្វី​នោះ កងទ័ព​អាមេរិក​ជាពិសេស​យន្តហោះ​ទម្លាក់​គ្រាប់បែក​នៅលើ​កោះ​នេះ​អាច​ចេញ​អន្តរាគមន៍​បាន​ឆាប់រហ័ស​។ ពី​កោះ​នេះ​ទៅកាន់​ក្រុង​សេ​អ៊ូ​ល​មាន​៣២០០​គីឡូម៉ែត្រ ទៅ​ក្រុង​តូ​ក្យូ​មាន​ចម្ងាយ​២៤០០​គីឡូម៉ែត្រ និង​ទៅ​ក្រុង​តៃប៉ិ​មាន​ចម្ងាយ​២៧០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ 





​នៅ​ខណៈដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​តានតឹង​ខ្លាំង អាមេរិក​តែង​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់ខ្លួន ទៅ​ក្រវែល​ពីលើ​ឧបទ្វីប​កូរ៉េ ដើម្បី​សម្ញែង​កម្លាំង​ដាក់​កូរ៉េខាងជើង​ផង និង​ក្នុងន័យ​គំរាម​ផង​។ ក្នុងករណី​មាន​សង្គ្រាម​ផ្ទុះឡើង​មែន​នោះ អាមេរិក​ប្រាកដជា​ប្រើប្រាស់​មូលដ្ឋានទ័ព​លើ​ហ្គា​ម​ដើម្បី​វាយប្រហារ​កូរ៉េខាងជើង​មិន​ខាន ហើយ​រឿង​នេះហើយ​ដែល​កូរ៉េខាងជើង​ព្រួយបារម្ភ និង​ត្រូវ​រក​ផ្លូវ​ដក​បន្លា​នេះ​ឲ្យ​បាន​។​
 
​នៅ​ថ្ងៃទី​៩ ខែសីហា យោធា​កូរ៉េខាងជើង​ក៏បាន​ប្រកាសថា​ខ្លួន​កំពុង​រៀបចំ​ផែនការ​ដើម្បី​វាយប្រហារ​តំបន់​ជុំវិញ​កោះ ហើយ​ផែនការ​នេះ​នឹង​បញ្ចប់​នៅ​ពាក់កណ្ដាល​ខែសីហា​នេះដែរ​។ យោងតាម​ផែនការ​នេះ កូរ៉េខាងជើង​នឹង​ប្រើប្រាស់​មី​ស៊ី​ល​បាលី​ស្ទិ​ករ​យៈ​ចម្ងាយ​មធ្យម និង​ឆ្ងាយ Hwasong-12 ចំនួន​៤​គ្រាប់ ដោយ​បាញ់​ឆ្លងកាត់​ជប៉ុន មុននឹង​ធ្លាក់ចូល​ដែនទឹក​ស្ថិត​ចម្ងាយ​៣០ ទៅ​៤០​គីឡូម៉ែត្រ​ពី​កោះ​ហ្គា​ម​។​

​យ៉ាងណាមិញ គេ​មិនដឹងថា កូរ៉េខាងជើង​ពិតជា​ដើរ​លើផ្លូវ​គ្រោះថ្នាក់​ឬ​យ៉ាងណា​ឡើយ ហើយ​បើ​មី​ស៊ី​ល​ពិតជា​ត្រូវបាន​បាញ់​មែន ក៏​មិនទាន់​ច្បាស់​ថា​អាច​ធ្លាក់ចំ​គោល​ដែរ​។ នេះ​ក៏​ដោយសារតែ​អាមេរិក​បាន​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ស្ទើរ​គ្រប់​ច្រកល្ហក​ទៅហើយ មិន​ថា​នៅ​កូរ៉េខាងត្បូង ជប៉ុន ឬ​កោះ​ហ្គា​ម​ផ្ទាល់​ទេ គឺ​សុទ្ធ​តែមាន​ប្រព័ន្ធ​ការពារ​ទាំងអស់​៕  


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  កូរ៉េខាងជើង​
  Guam
© រក្សាសិទ្ធិដោយ thmeythmey.com