អន្តរជាតិ
ត្រាំ អរគុណ ពូ​ទីន ដែល​បណ្តេញ​មន្ត្រី​ទូត​អាមេរិក ព្រោះ​អាច​បន្ថយ​ការចំណាយ​បាន​ច្រើន​
11, Aug 2017 , 8:39 pm        
រូបភាព
សប្តាហ៍​នេះ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ចេញមុខ​អរគុណ​ប្រធានាធិបតី​រុស្ស៊ី​លោក វ៉ា​ឌី​មៀ ពូ​ទីន ដែល​បណ្តេញ​មន្ត្រី​ទូត​ខ្លួន​រាប់សិប​នាក់​ចេញពី​រុស្ស៊ី​កន្លងមក​។ លោក ត្រាំ បាន​បកស្រាយ​ថា លោក​សប្បាយចិត្ត​ព្រោះ​ការបន្ថយ​ចំនួន​មន្ត្រី​ទូត​នេះ​ជួយ​ឲ្យ​រដ្ឋបាល​លោក កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ​បាន​ច្រើន​។​



​ក្រោយ​ស្ងៀមស្ងាត់​អស់​ពេល​ប្រហែល​ពី​សប្តាហ៍​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានចេញ​មុខ​ថ្លែងអំណរគុណ​សម​ភាគី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​បានរួម​ចំណែក​ជួយ​សន្សំសំចៃ​រដ្ឋបាល​អាមេរិក​ដោយ​បណ្តេញ​មន្ត្រី​ទូត​ខ្លួន​ប្រហែល ៧៥៥​នាក់​។​

​យោងតាម​ទី​ភា្ន​ក់​ងារ​ព័ត៌មាន Reuters លោក ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​ដូច្នេះ​៖« ខ្ញុំ​ពិតជា​អរគុណ​ដែល​លោក ពូ​ទីន  ដែល​ឲ្យ​មានការ​កាត់បន្ថយ​ចំនួន​មនុស្ស​យ៉ាងច្រើន​ព្រោះ​ឥឡូវនេះ​យើង​មាន​កញ្ចប់​ប្រាក់បៀវត្សរ៍​តិចតួច​ជាង​មុន​»​។​

​លោក ត្រាំ បន្តថា​៖« វា​គ្មាន​ហេតុផល​ណា​ដែល​ត្រូវបញ្ជូន​មន្ត្រី​ទូត​អាមេរិក​ដែល​ត្រូវ​រុស្ស៊ី​ស្នើ​ឲ្យ​ចាកចេញ​នោះ ទៅវិញ​ឡើយ ហើយ​យើង​នឹង​​សន្សំ​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​​»​។​

​យ៉ាងណា​ក៏ដោយចុះ  ជំហរ​របស់លោក ដូ​ណា​ល់ ត្រាំ ផ្ទុយ​ទាំងស្រុង​ពី​ជំហរ​របស់​ក្រសួងការបរទេស​អាមេរិក​ផ្ទាល់​។ កន្លងមក​មន្ត្រី​ក្រសួងការបរទេស​អាមេរិក​បង្ហាញ​ការសោកស្តាយ និង​ខឹងសម្បារ​ខ្លាំង​ចំ​ព៉​សកម្មភាព​ក្រុង​ម៉ូស្គូ​ថែមទៀត​។​

​ដោយឡែក គេ​សង្កេតឃើញថា ប្រតិកម្ម​មាន​លក្ខណៈ​ទ​ន់​ភ្ល​ន់​ចំពោះ​រុស្ស៊ី របស់លោក ដូ​ណា​ល់ ត្រាំ ខុសប្លែក​ទាំងស្រុង​ពី​ប្រតិកម្ម​របស់​ប្រធានាធិបតី​អាមេរិក​មុនៗ​។ ប៉ុន្តែ​គេ​មិនដឹង​ច្បាស់​ថា លោក​និយាយ​បែប​កំប្លែង​លេងសើច​ឬក៏​យ៉ាងណា​ឡើយ​។

​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ហា​វឺ​ដ  Nicholas Burns បាន​ចោទ​ជា​សំណួរ​ពាក់ព័ន្ធ​សម្តី​រប​ស់​ប្រធានាធិបតី​។ លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖« ប្រសិន​លោក ត្រាំ និយាយ​លេង លោក​គួរតែ​ដឹង​ឲ្យ​បាន​ច្បាស់​ជាង​នេះ​។ ប្រសិន​វា​មិនមែន​សម្តី​លេងសើច​ទេ វា​ជា​រឿង​ដែល​យើង​មិនដែល​ធ្លាប់​ឃើញ​សោះ​ក្នុង​ប្រវត្តិសាស្ត្រ​។ មិនដែលមានប្រធានាធិបតីអាមេរិកណានិយាយ​ការពារ​សកម្មភាព​បណ្តេញ​មន្ត្រី​ទូត​របស់​យើង​បែប​នេះឡើយ​»៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  រុស្ស៊ី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com