អន្តរជាតិ
សារព័ត៌មាន​រដ្ឋ​ចិន​៖ ចិន​មិន​លូកដៃ​ទេ បើ​កូរ៉េខាងជើង​វាយ​អាមេរិក​មុន ហើយ​អាមេរិក​សងសឹក
11, Aug 2017 , 10:39 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី​១១​ខែសីហា សារព័ត៌មាន​រដ្ឋ​ចិន​បានសរសេរថា រដ្ឋាភិបាល​ចិន​នឹង​រក្សា​ជំហរ​អព្យាក្រឹត បើ​កូរ៉េខាងជើង​វាយប្រហារ​អាមេរិក​មុន​។ ប៉ុន្តែ​ក្នុងករណី​អាមេរិក​វាយប្រហារ​មុន​ក្នុង​បំណង​ផ្ដួល​រលំ​របប​ដឹកនាំ​កូរ៉េខាងជើង​នោះ ច្បាស់​ណាស់​ថា ចិន​នឹង​រារាំង​។ នេះ​បញ្ជាក់​យ៉ាងច្បាស់​ពី​ជំហរ​របស់​ចិន​ក្នុងការ​ការពារ​ផលប្រយោជន៍​របស់ខ្លួន​។​



​សារព័ត៌មាន​រដ្ឋ​ចិន Global Times បាន​សរសេរ​ក្នុង​បទ​វិចារណកថា​របស់ខ្លួន​ថា ក្នុងករណី​អាមេរិក និង​កូរ៉េខាងត្បូង​នាំគ្នា​ផ្ដួល​រលំ​រដ្ឋាភិបាល និង​ផ្លាស់ប្ដូរ​របប​ដឹកនាំ​កូរ៉េខាងជើង​នោះ ចិន​នឹង​រារាំង​ពួកគេ​។ ប៉ុន្តែ​បើសិនជា​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ចូល​ដី​អាមេរិក​នោះ ចិន​នឹង​រក្សា​ជំហរ​អព្យាក្រឹត​។​

 បទ​វិចារណកថា​នោះបាន​បញ្ជាក់​ដូច្នេះ​៖«​ចិន​ត្រូវតែ​បញ្ជាក់​មុន​ឲ្យ​បាន​ច្បាស់​ថា បើ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ចូល​ដី​អាមេរិក​មុន ហើយ​អាមេរិក​សងសឹក​វិញ​នោះ ចិន​នឹង​រក្សា​ជំហរ​អា​ព្យា​ក្រឹ​ត ។ ផ្ទុយទៅវិញ បើ​អាមេរិក​ព្យាយាម​ផ្ដួល​រលំ​រដ្ឋាភិបាល និង​ផ្លាស់ប្ដូរ​របប​គ្រប់គ្រង​របស់​កូរ៉េខាងជើង  ចិន​នឹង​រារាំង​ជាក់​ជាមិនខាន​»​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ខាងលើ​បាន​បន្ថែម​ផងដែរ​ថា ចិន​ចាំបាច់​ត្រូវតែ​បញ្ជាក់​យ៉ាងច្បាស់​ពី​គោលជំហរ​ការពារ​ផលប្រយោជន៍​របស់ខ្លួន​ទៅកាន់​គ្រប់ភាគី​ពាក់ព័ន្ធ​។ ចិន​ប្រាកដ​ណាស់​ថា ខ្លួន​នឹងមិន​បន្ធូរដៃ​ឡើយ​ក្នុង​ការតបត ប្រសិនជា​ភាគី​ណាមួយ​ធ្វើ​ឲ្យ​ខូចខាត​ដល់​ផលប្រយោជន៍​របស់ខ្លួន​ក្នុង​តំបន់​នោះ​។​

​កន្លងមក ចិន​ពិតជា​មិន​ពេញចិត្ត​យ៉ាងខ្លាំង​ដែរ​ចំពោះ​ការសាកល្បង​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ម្ដង​ហើយ​ម្ដងទៀត រួមទាំង​អាកប្បកិរិយា​អាមេរិក និង​កូរ៉េខាងត្បូង​ដែល​ធ្វើ​ឲ្យ​ភាព​តានតឹង​នៅក្នុង​តំបន់​កាន់តែ​កើនឡើង​ខ្លាំង​។ កន្លងមក​ចិន​ក៏​ធ្លាប់បាន​អំពាវនាវ​ដល់​ភាគី​ទាំងអស់​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​អត់ធ្មត់​ផងដែរ​ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម​ឬ​វិបត្តិ​ធ្ងន់ធ្ងរ​នោះ​។​

​តាមពិតទៅ ចិន​ជា​អ្នក​ដែល​ព្រួយបារម្ភ​ខ្លាំងជាងគេ​ចំពោះ​ការ​ផ្ទុះឡើង​នៃ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​។ ចិន​យល់ថា បើ​មាន​ជម្លោះ​ទ្រង់ទ្រាយ​ធំ​នៅ​ឧបទ្វីប​កូរ៉េ ឬ​ការផ្ទុះ​សង្គ្រាម​កូរ៉េ​ជា​លើក​ទី​ពីរ​ដូច​កាលពី​ឆ្នាំ​១៩៥០-១៩៥៣ អាច​នឹងធ្វើ​ឲ្យ​ចិន​ពិបាក​ទប់ទល់​បញ្ហា​ប្រឈម​ជាពិសេស​លំហូរ​ជនភៀសខ្លួន​ដែល​ឆ្លងដែន​តាម​ព្រំដែន​ចិន​ភាគ​ឦសាន​។ មួយទៀត​ចិន​ខ្លាច​មានការ​បង្រួបបង្រួម​កូរ៉េ​ទាំងពីរ និង​មានការ​ចងសម្ព័ន្ធភាព​ជាមួយ​អាមេរិក​ទៀតផង​។​

​ម្យ៉ាងវិញទៀត ទីតាំង​កូរ៉េខាងជើង​អាច​រារាំង​ការប្រឈមមុខ​រវាង​ចិន​និង​កងកម្លាំង​អាមេរិក​ដែលមាន​មូលដ្ឋាន​នៅ​កូរ៉េខាងត្បូង ក៏ដូចជា​សមុទ្រ​ជប៉ុន​ទាំងមូល​ផងដែរ​។​

​ដូច្នេះហើយ  ទើប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ខាងលើ​រំលេច​ឲ្យ​ឃើញ​ពី​ជំហរ​រឹងមាំ​មួយ​របស់​ចិន​ក្នុងការ​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ភាគី​ពាក់ព័ន្ធ​ដែល​ចង់​ផ្លាស់ប្ដូរ​ស្ថានភាព​បច្ចុប្បន្ន​នៅ​ឧបទ្វីប​កូរ៉េ​។ នេះ​ក៏​ថា វា​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​សម្បើម​រប​ស់​ចិន​។ លើសពីនេះទៅទៀត អាមេរិក និង​ចិន​ក៏​មិនគួរ​ប្រជែង​គ្នា​គ្រប់គ្រង​ឧបទ្វីប​កូរ៉េ​ដែរ ព្រោះ​វា​ជា​តំបន់​ដែល​មហាអំណាច​ទាំងពីរ​មាន​ផលប្រយោជន៍​យុទ្ធសាស្ដ្រ​ដូចគ្នា​៕


Tag:
 ចិន​
  អាមេរិក​
  កូរ៉េខាងជើង​
  Global Times
© រក្សាសិទ្ធិដោយ thmeythmey.com