ជាតិ
ក្រសួងទេសចរណ៍ គាំទ្រ​ពេញទំហឹង​គម្រោង​ទេសចរណ៍​«​មែក​សឺ​ដែស និង​កំណប់​អាថ៌កំបាំង​»
14, Aug 2017 , 9:49 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួងទេសចរណ៍​កម្ពុជា បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការបង្កើត​កម្មវិធី កម្មវិធី​ទេសចរណ៍ «​មែក​សឺ​ដែ​ស និង​កំណប់​អាថ៌កំបាំង​» ដែល​ផ្តួចផ្តើម​ដោយ​ក្រុមហ៊ុន​ស្តា​អូ​តូ ខេ​ម​បូ​ឌា សហការ​ជាមួយ​សារព័ត៌មាន​ថ្មីៗ និង​សារព័ត៌មាន fresh News ។ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បញ្ជាក់ថា​គម្រោង​នេះ​ល្អ​ខ្លាំងណាស់​ក្នុងការ​ចូលរួម​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​។ កម្មវិធី «​មែក​សឺ​ដែ​ស និង​កំណប់​អាថ៌កំបាំង​» បង្កើតឡើងក្នុងបំណងលើកកម្ពស់ តំបន់សក្តានុពលទេសចរណ៍ដែលគេមិនទាន់ស្គាល់របស់ខេត្តក្រុងនីមួយៗរបស់កម្ពុជា និងផលិតផលអត្តសញ្ញាណដែលមានសក្តានុពលរបស់ខេត្តទាំងនោះ។ កម្មវិធីនេះ ចាប់ផ្តើម​នៅ​ថ្ងៃទី​១៦ និង​ទី​១៧ ខែសីហា​នេះ ដោយ​នឹង​នាំ​លោកអ្នក​ទៅកាន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ អូរ​សោម និង​ទៅ​ទស្សនា​សិប្បកម្ម​ស្រា​ទំពាំង​ព្រៃ ជា​តំបន់​សក្តានុពល​ទេសចរណ៍​ដែល​គេ​មិនសូវ​ចាប់អារម្មណ៍ ស្ថិតក្នុង​ខេត្តពោធិ៍សាត់​។



​កម្មវិធី «​មែក​សឺ​ដែ​ស និង​កំណប់​អាថ៌កំបាំង​» ជា​កម្មវិធី​ទេសចរណ៍​មួយ ដែល​បង្កើតឡើង​ដោយ ក្រុមហ៊ុន​ស្តារ​អូ​តូ ខេ​ម​បូ​ឌា សហការ​ជាមួយ​សារព័ត៌មាន​ថ្មីៗ និង Fresh news ។ កម្មវិធី​នេះ ​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៦ និង​ទី​១៧ ខែសីហា ដោយ​ក្រុមការងារ​នឹងធ្វើ​ដំណើរ​ទៅកាន់​ខេត្តពោធិ៍សាត់ ទៅ​ទស្សនា រមណី​ដ្ឋា​ន​ទេសចរណ៍ធម្មជាតិ អូរ​សោម និង​ទស្សនា​សិប្បកម្ម​ស្រា​ទំពាំង​ព្រៃ​។



​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍​ក្នុងជំនួប​មួយ​ជាមួយ​អ្នក​ផ្តួចផ្តើម​កម្មវិធី​«​មែក​សឺ​ដែ​ស និង​កំណប់​អាថ៌កំបាំង​» ថា ក្រសួងទេសចរណ៍​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​នេះ​។ លោក ប៉ាក់ សុខុម បញ្ជាក់​ដូច្នេះ​៖«​គម្រោង​នេះ​ល្អ​ណាស់ ពីព្រោះ​ពលរដ្ឋ​ខ្មែរ​ខ្លះ​មិន​ដែ​លបានឮ និង​ស្គាល់​តំបន់​ទេសចរណ៍​ពិសេសៗ​ដូចជា​នៅ​អូរ​សោម ដែល​ស្ថិតក្នុង​ខេត្តពោធិ៍សាត់​ទេ​»​។​



​លោក តុ​ប សុភ័ក អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ក៏បាន​ថ្លែង​គាំទ្រ និង​ចូលរួម​សហការ​ដើម្បី​ជំរុញ​ឲ្យ​គម្រោង​នេះ​ទៅមុខ​កាន់តែ​ប្រសើរ​ថែមទៀត​ដែរ​។ បើតាម លោក តុ​ប សុភ័ក នៅ​ឆ្នាំ​២០១៦ កន្លងទៅ​មាន​ទេសចរ​ក្នុងស្រុក​ប្រមាណ​១០​លាននាក់ ក្នុងនោះ​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​បេតិកភណ្ឌ​មាន​៤៥​ភាគរយ  ទេសចរណ៍ធម្មជាតិ ២៥​ភាគរយ ក្រៅពីនេះ​គឺ​ទៅ​កម្សាន្ត​នៅ​តំបន់​សមុទ្រ​។



​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ នៃ​ក្រុមហ៊ុន​ស្តារ​អូ​តូ​ខេ​ម​បូ​ឌា បានបញ្ជាក់​ពី​មូល​ហេតុដែល​ក្រុមហ៊ុន​ស្តារ​អូ​តូ​បង្កើត​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​ចូលរួម​កម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍​ដែល​គេ​មិនសូវ​ស្គាល់ តំបន់​ទេសចរណ៍​សក្តា​នុព​ល​ដែល​ត្រូវគេ​មើលរំលង និង​ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​។  លោក ចាន់ថា បញ្ជាក់​ដូច្នេះ​ថា​៖« ឥឡូវ​ឲ្យ​តែ​គេ​គិតពី​ការធ្វើដំណើរ​កម្សាន្ត​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ឬ​ពិធីបុណ្យ​នានា ភាគច្រើន​គេ​គិត​ទៅ​ខេត្ត​កំពង់សោម និង​សៀមរាប បន្ទាប់មក​គឺ​កែប និង​កំពត​។ បើ​មិន​អីចឹង​គេ​គិត​ទៅ​ដើរលេង​នៅក្រៅ​ប្រទេស ដូច​ទៅ​សិង្ហ​បុរី ថៃ វៀតណាម ទៅ​អាមេរិក អឺរ៉ុប​ជាដើម​។ អីចឹង​បើ​មាន​កន្លែង​លេង​កម្សាន្ត​ច្រើន គ្មាន​អ្នកណា​ចង់ទៅ​លេង​ក្រៅ​ស្រុក​ទេ​»​។​


Tag:
 ទេសចរណ៍​
 ​ ពោធិ៍សាត់​
© រក្សាសិទ្ធិដោយ thmeythmey.com