ជាតិ
តុលាការ​កំពុងបើក​ស​វនាការ បន្ទាប់ពី​ចោទ​លោក សួន សេរី​រដ្ឋា ចំនួន​៣​ករណី
14, Aug 2017 , 5:50 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះរាជអាជ្ញារង សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សៀង សុខ បានសម្រេច​ចោទប្រកាន់​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ចំនួន​៣​ករណី ជុំវិញ​ការរិះគន់​មកលើ​កងកម្លាំងប្រដាប់អាវុធ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១៣ សីហា​។​



​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុ​ផា​ណា បាន​ប្រាប់​អ្នកសារព័ត៌មាន​តាមរ​យៈ Telegram ថា ព្រះរាជអាជ្ញារង បាន​សាកសួរ​និង​ពិនិត្យ​សំណុំ​រឿងនេះ​រួចហើយ ដោយ​ឃើញថា​អង្គហេតុ​​នៃ​ការរិះគន់​របស់លោក សួន សេរី​រដ្ឋា នោះ​ពិតជា​បាន​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​សន្តិសុខ​នៃ​កងយោធពល​ខេមរភូមិន្ទ​។

​តាមរយៈ​អង្គ​ហេតុនេះ ព្រះរាជអាជ្ញារង​លោក សៀង សុខ បានសម្រេច​ចោទ​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ពីបទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់បង្គាប់ តាម​បញ្ញត្តិ​មាត្រា ៤៧១ នៃ​ក្រមព្រហ្មទណ្ឌ ,​បទល្មើស ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា ៤៧២ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ នេះ​បើតាម​លោក លី សុផាន់​ណា ដែល​បាន​បន្ថែមថា នៅពេលនេះ តុលាការ​ដំបូង​រាជធានី​ភ្នំពេញ កំពុងតែ​បើកសវនាកា​រ​ជំនុំជម្រះ​សំណុំរឿង​របស់លោក សួន សេរី​រដ្ឋា​។​

​អ្នកនាំពាក្យ​សាលាដំបូង​រូបនេះ បាន​ញ្ជា​ក់​ដូច្នេះ​ថា​៖«​ដោយហេតុថា​ករណី​ខាងលើ​ជា​បទមជ្ឈិម​ជាក់ស្តែង ហើយ​សំណុំ​រឿងនេះ​បាន​បំពេញ​លក្ខខណ្ឌ​នៃ​នីតិវិធី​នៃ​ការ​បង្ហាញខ្លួន​ភ្លាម តាម​បញ្ញត្តិ​មាត្រា ៤៧ និង​មាត្រា ៤៨ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចោទប្រកាន់​និង​បញ្ជូន​ជនជាប់ចោទ​ឈ្មោះ សួន សេរី​រដ្ឋា រួមទាំង​សំណុំរឿង តាម​កំណត់ហេតុ​ស្តីអំពី​ការបង្គាប់​ឱ្យចូល​បង្ហាញខ្លួន​ភ្លាម​លេខ ០១៨ អ​.​យ​.​ឋ ចុះ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ជំនុំជម្រះ​»​។​

​សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក សួន សេរី​រដ្ឋា កាលពី​ថ្ងៃទី​១៣ សីហា​។ មូល​ហេតុដែល​សមត្ថកិច្ច ចាប់ខ្លួន​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​នេះ ក្រោយ​លោក សេរី​រដ្ឋា អត្ថាធិប្បាយ​រិះគន់​ជុំវិញ​រឿង​រដ្ឋាភិបាល​បញ្ជូន​ទ័ព​ទៅកាន់​ទឹកដី​ខេត្តស្ទឹងត្រែង នៅពេលដែល​កងទ័ព​ឡាវ​ចូលមក​កម្ពុជា​។ លោក សួន សេរី​រដ្ឋា បាន​រិះគន់​យ៉ាងនេះ​ថា​« បើ​សង្គ្រាម​កើតឡើង​ជាមួយ​ប្រទេស​ឡាវ​មែន កូន​ខ្មែរ កងទ័ព​ជាតិ នឹង​ស្លាប់​យ៉ាង​វេទនា ហើយ​មេទ័ព​ចោរ​នឹង​ឡើងបុណ្យ​ប្រមូល​លុយ សប្បាយ​ស្រី​ញី​យ៉ាង​គគ្រឹកគគ្រេង​»៕


Tag:
 សួន សេរី​រដ្ឋា​
  តុលាការ​
  កងទ័ព​
© រក្សាសិទ្ធិដោយ thmeythmey.com