អន្តរជាតិ
THAAD, Aegis, Patriot ៖ ប្រព័ន្ធ​ការពារ​ទាំងបី​របស់​អា​មេ​រិ​ក​ចាំ​ស្ទាក់​មី​ស៊ី​ល​កូរ៉េខាងជើង
15, Aug 2017 , 8:19 pm        
រូបភាព
មីស៊ីលរំលងទ្វីប Hwasong-14 របស់កូរ៉េខាងជើង (រូបភាព៖ Xinhua)
មីស៊ីលរំលងទ្វីប Hwasong-14 របស់កូរ៉េខាងជើង (រូបភាព៖ Xinhua)
​នៅ​ថ្ងៃទី​១៥ ខែសីហា សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA រាយការណ៍​ថា ផែនការ​បាញ់​មី​ស៊ី​ល​ដាក់​តំបន់​ជុំវិញ​កោះ​ហ្គា​ម បាន​ទៅ​ដល់ដៃ​លោក គីម ជុង​អ៊ុន ហើយ​។ ពេលនេះ មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម Hwason-12 អាច​ហោះ​ចេញពី​ជើង​ទម្រ​ឬ​យ៉ាងណា​ក៏​អាស្រ័យ​លើ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​។ ឯ​អាមេរិក​វិញ ក៏បាន​ត្រៀមខ្លួន​បាញ់​ស្ទាក់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ជាស្រេច ហើយក៏​ត្រៀមខ្លួន​ធ្វើសង្គ្រាម​ជាមួយ​កូរ៉េខាងជើង​ដែរ​។​



​បច្ចុប្បន្ននេះ អាមេរិក​បាន​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់ខ្លួន​ចំនួន​បី​ប្រភេទ​នៅ​ឧបទ្វីប​កូរ៉េ និង​នៅ​ជុំវិញ​តំបន់​នេះ​។ ទិសដៅ​សំខាន់​ជាងគេ​នៃ​ការពង្រាយ​ប្រព័ន្ធ​ការពារ​នេះ គឺ​បាញ់​ស្ទាក់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង មិន​ឲ្យ​ទៅដល់​អាមេរិក និង​ការពារ​សម្ព័ន្ធមិត្ត​រប​ស់​អាមេរិក​មាន​ជប៉ុន និង​កូរ៉េខាងត្បូង​ជាដើម​។ គេ​ឃើញ​មាន​ប្រព័ន្ធ​ការពារ THAAD នៅ​កូរ៉េខាងត្បូង និង​នៅ​កោះ​ហ្គា​ម ប្រព័ន្ធ​ការពារ Patriot នៅ​ជប៉ុន និង​ប្រព័ន្ធ​ស្ទាក់​មី​ស៊ី​ល Aegis បំពាក់​លើ​នាវា​។​



    មីស៊ីលបាញ់ចេញពីជើងទម្រនៃប្រព័ន្ធការពារមីស៊ីល THAAD (រូបភាព៖ Reuters)

Terminal High Altitude Area Defense ឬ THAAD ជា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ស៊េរី​ទំនើប​ទើប​ត្រូវបាន​ពង្រាយ​នៅ​កូរ៉េខាងត្បូង​ទាំង​ចម្រូងចម្រាស់​។ ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​អាច​បាញ់​ស្ទា​ក់មី​ស៊ី​ល​ស្ទើរ​គ្រប់​ប្រភេទ​មិន​ថា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី មធ្យម ឬ​រំលង​ទ្វីប​ឡើយ​។ វត្តមាន​របស់ THAAD ធ្វើ​ឲ្យ​ប្រជាជន​កូរ៉េខាងត្បូង និង​ចិន​មិនសូវ​សប្បាយចិត្ត​ឡើយ ប៉ុន្តែ​ដើម្បី​ទប់ទល់​ការគំរាមកំហែង​នៃ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ការពង្រាយ THAAD គឺជា​រឿង​ចាំបាច់​។​



នាវាចម្បាំង Lake Erie កំពុងបាញ់មីស៊ីលដែលជាផ្នែកនៃប្រព័ន្ធការពារមីស៊ីល Aegis (រូបភាព៖ Defense One)

​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​មួយទៀត​ដែល​អាច​ប្រើ​ក្នុងករណី THAAD មិនអាច​ស្ទា​ក់មី​ស៊ី​ល​កូរ៉េខាងជើង​បាន គឺ Aegis ។ ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Aegis និង THAAD មាន​លក្ខណៈ​ស្ទើរ​ដូចគ្នា​ទាំងស្រុង តែ​ខុស​ត្រង់​ថា Aegis ត្រូវបាន​បំពាក់​នៅ​នាវា មិនមែន​តាំង​លើដី​ដូច THAAD ឡើយ​។ ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin ប្រព័ន្ធ Aegis មាន​ប្រព័ន្ធ​រ៉ា​ដា​ដែល​អាច​តាមដាន​សញ្ញា​មី​ស៊ី​ល​បាន​ស្រួល​។ កូរ៉េខាងត្បូង​បាន​បំពាក់​ប្រព័ន្ធ​នេះ​លើ​នាវា​របស់ខ្លួន​ដើម្បី​ទុក​ការពារ​ខ្លួន​។​



               ប្រព័ន្ធការពារមីស៊ីល Patriot (រូបភាព៖ National Interest)

​ក្រៅពី THAAD និង Aegis គេ​ឃើញ​មាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​មួយទៀត​ដែល​អាច​ទម្លាក់​មី​ស៊ី​ល​ក្រុង​ព្យុងយ៉ាង គឺ Patriot ។ ក្រុង​តូ​ក្យូ​បាន​បញ្ចេញ​ប្រព័ន្ធ​ការពារ​នេះ បន្ទាប់ពី​កូរ៉េខាងជើង​ប្រកាស​មី​ស៊ី​ល​ចំនួន​បួន​គ្រាប់​នឹង​កាត់​ជប៉ុន​ឆ្ពោះទៅ​គោលដៅ​ក្បែរ​កោះ​ហ្គា​ម​។ ជប៉ុន​អះអាងថា ខ្លួន​មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការបាញ់​ទម្លាក់​មី​ស៊ី​ល​កូរ៉េខាងជើង​។ Patriot មាន​សមត្ថភាព​កម្ទេច​មី​ស៊ី​ល ឬ​ឧបករណ៍​ហោះហើរ​ផ្សេងទៀត​សូម្បីតែ​ដ្រូ​ន​ក្ដី​។​

​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ទាំងបី​ខាងលើ​ត្រូវបាន​ដំឡើង​រួចស្រេច និង​រង់ចាំ​បាញ់​មី​ស៊ី​ល​សត្រូវ​គ្រប់ពេល​។ យ៉ាងណាមិញ ទោះ​ជាមាន​ប្រព័ន្ធ​បាញ់​ស្ទា​ក់មី​ស៊ី​ល​ច្រើនក្ដី អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​នៅតែ​បារម្ភ​ពី​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​ដដែល ដ្បិត​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ត្រូវបាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ក្នុងពេល​ចុងក្រោយ​។ ការសាកល្បង​ពីរលើក​ចុងក្រោយ​បង្ហាញថា​ក្រុង​ព្យុងយ៉ាង​មាន​មី​ស៊ី​ល​រំលង​ទ្វីប​ដែល​អាច​បាញ់​ដល់​ផ្នែក​ខ្លះ​របស់​អាមេរិក​ទៅទៀត​៕   


Tag:
 អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com