អន្តរជាតិ
រដ្ឋបាល​ត្រាំ ស្នើ​ឲ្យ​រដ្ឋ​អាមេរិក​ខាងត្បូង​ដាក់​គំនាប​កូរ៉េខាងជើង​ដោយ​ផ្តាច់ទំនាក់ទំនង​ទ្វេភាគី​
17, Aug 2017 , 3:34 pm        
រូបភាព
​អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence បាន​អំពា​នាវ​ឲ្យ​បណ្តា​ប្រទេស​អាមេរិក​ខាងត្បូង​ដកខ្លួន​ឲ្យ​ឆ្ងាយ​ឈប់​ទាក់ទង​ជាមួយ​កូរ៉េខាងជើង​ទាំង​ផ្នែក​ការទូត​ក្តី និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ក្តី​។ អាមេរិក​ខាងត្បូង​មាន​ទំនាក់​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ជិតស្និទ្ធ​ជាមួយ​កូរ៉េខាងជើង ហើយ​ប្រទេស​ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង​ធំជាងគេ​មាន​ប៉េ​រូ​, ស៊ី​លី និង​ម៉ិ​ក​ស៊ិ​ក​។ ការស្នើសុំ​របស់​អនុ​ប្រធានាធិបតី​អាមេរិក​ធ្វើឡើង ក្រោយពេល​កូរ៉េខាងជើង​និង​អាមេរិក​ប្រឈមមុខ​ដាក់គ្នា​ដោយ​សង្គ្រាមពាក្យសម្តី និង​មានការ​គំរាម​ធ្វើសង្គ្រាម​ទៅវិញទៅមក​ទៀត​។​



​សប្តាហ៍​នេះ​កូរ៉េខាងជើង​សម្រេច​មិន​បាញ់​មី​ស៊ី​ល​ទៅកាន់​តំបន់​ក្បែរ​កោះ​ហ្គា​ម ដូច​ខ្លួន​ព្រមាន​នោះឡើយ​។ គ្រប់គ្នា​សាទរ ពេល​ឃើញ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​សម្រេច​បែបនេះ ព្រោះ​វា​អាច​បញ្ចៀស​អស្ថិរភាព និង​ជម្លោះ​ប្រដាប់អាវុធ​រវាង​អាមេរិក និង​កូរ៉េខាងជើង​បាន​។ ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ មិនបាន​បង្អែរ​បង្អង់​យូរ​ឡើយ ដោយ​លោក​ចេញមុខ​កោតសរសើរ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ឆ្លាត​និង​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​និង​សម​ហេតុផល​ផងដែរ​។​

​យ៉ាងណាមិញ អាមេរិក​មិនបាន​បញ្ឈប់​ការ​ស្វះស្វែង​ជំរុញ​ឲ្យ​មានការ​ដាក់​សម្ពាធ​ក្រុង​ព្យុងយ៉ាង​ឡើងជា​ពិសេស​អនុវត្ត​ទណ្ឌកម្ម​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឲ្យ​បាន​ពេញលេញ​និង​មាន​ប្រសិទ្ធភាព​ជាដើម​។ សប្តាហ៍​នេះ គេ​ឃើញ​មហា​យក្ស​ចិន​ដែលជា​ខ្នងបង្អែក​កូរ៉េខាងជើង​ដ៏​ធំ​តែមួយគត់​នោះបាន​សម្រេច​អនុវត្ត​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ដោយ​ផ្អាក​នាំចូល​រ៉ែ​ដែក​, ដែក​និង​អាហារ​សមុទ្រ​ពី​កូរ៉េខាងជើង​ថែមទៀត​។ វា​ជាស​ញ្ញា​មួយ​បង្ហាញ​ឲ្យ​ឃើញថា កូរ៉េខាងជើង​កាន់តែ​ឯកោ ហើយ​ប្រទេស​នេះ​កាន់តែ​រងគ្រោះ​ដោយសារ​បាត់បង់​ប្រភព​ចំណូល​ជា​ដង្ហើម​សម្រាប់​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ទៀតផង​។​

​អាមេរិក​អំពាវនាវ​ឲ្យ​អាមេរិក​ខាងត្បូង​ឈប់​រាប់អាន​កូរ៉េខាងជើង​

​ស្រប​ពេលដែល​បញ្ហា​កូរ៉េខាងជើង​នៅតែ​ក្តៅ សហរដ្ឋអាមេរិក​បន្ត​ជំរុញ​ឲ្យ​ប្រទេស​ជា​មិត្ត​នៅ​ទូទាំង​ពិភពលោក ជាពិសេស​នៅ​អាមេរិក​ខាងត្បូង​ឈប់​រាប់រក និង​រកស៊ី​ជាមួយ​កូរ៉េខាងជើង​ទៀត​។ សប្តាហ៍​នេះដែរ អនុ​ប្រធានាធិបតី​អាមេរិក លោក Mike Pence បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​អាមេរិក​ឡាទីន​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​បណ្តា​ប្រទេស​ទាំងនេះ​ចូលរួម​ដាក់​សម្ពាធ​វេ​ណេ​ស៊ុយ​ឡា និង​ផ្តាច់ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​ថែមទៀត​។​

​ថ្ងៃ​ពុធ​ទី ១៦ ខែសីហា លោក បាន​អញ្ជើញ​ទៅដល់​ប្រទេស​ស៊ី​លី ហើយ​លោក​បាន​ជួបពិភាក្សា​ជាមួយ​លោកស្រី​ប្រធានាធិបតី​ស៊ី​លី Michelle Bachelet ផងដែរ​។​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ឈរ​ទន្ទឹម​ជាមួយ​ប្រធានាធិបតី​ស៊ី​លី​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា លោក Mike Pence បាន​និយាយ​ដូច្នេះ​៖ «​យើង​សូម​អំពាវនាវ​យ៉ាងទទូច​ឲ្យ​ប្រទេស​ស៊ី​លី ប្រេ​ស៊ី​ល ប៉េ​រូ និង​ម៉ិ​ក​ស៊ិ​ក​ផង​ឲ្យ​នាំគ្នា​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការទូត​ជាមួយ​កូរ៉េខាងជើង​    ​»​។​

​លោក​បន្តថា អាមេរិក​ស្វាគមន៍​ការសម្រេច​កំណត់​ស្រា​នាំចេញ​ទៅកាន់​កូរ៉េខាងជើង​ជា​ទំនិញ​ពិសេស​ស្ថិតក្រោម​ទណ្ឌកម្ម​អាមេរិក ហើយ​វា​អាច​ទប់ស្កាត់​កូរ៉េខាងជើង​មិន​ឲ្យ​ទទួលបាន​ទំនិញ​ទាំងនេះ​បាន និង​ប្តូរ​ជា​លុយ​ដើម្បី​គាំទ្រ​របប​ដឹកនាំ​បច្ចុប្បន្ន​ឡើយ​។​

​ក្រោយ​លោក Mike Pence ថ្លែង​បែបនេះ រដ្ឋមន្ត្រីការបរទេស Heraldo Munoz តប​វិញ​ថា ស៊ី​លី​គោរព​ការស្នើសុំ​របស់​អាមេរិក​ប៉ុន្តែ​ស៊ី​លី​នឹង​បន្ត​ទំនាក់ទំនង​ដែល​ខ្លួន​មាន​ជាមួយ​កូរ៉េខាងជើង​ព្រោះ​វា​ជា​ទំនាក់ទំនង​កម្រិត​ឆ្ងាយ​ប៉ុណ្ណោះ​។ ហើយ​ស៊ី​លី​ក៏បាន​អនុវត្ត​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​យ៉ាង​ខ្ជាប់ខ្ជួន​ទៅហើយ​ដែរ​។​

​របាយការណ៍​ស្ថាប័ន​អាមេរិក​ដែល​ទទួលបន្ទុក ឆ្នាំ ២០១៥ របស់​អាមេរិក​បានបង្ហាញ​ថា កូរ៉េខាងជើង​បាន​នាំចូល​ស្រា​ដែលមាន​តម្លៃ ៦៥០០០ ដុល្លារ​អាមេរិក ខណៈដែល ប៉េ​រូ​នាំចេញ​រ៉ែ​ទង់ដែង​មាន​ទំហំ ២២​លាន​ដុល្លារ​ទៅកាន់​កូរ៉េខាងជើង  ហើយ​ម៉ិ​ក​ស៊ិ​ក​នាំចេញ​ប្រេង​ដែល​ទំហំ ៤៥ លាន​ដុល្លារ ទៅកាន់​កូរ៉េខាងជើង​ដូចគ្នា​។​

​យ៉ាងណា​ក៏ដោយចុះ ប្រធានាធិបតី Bachelet បាន​អំពាវនាវ​ទៅកាន់​ភាគី​ពាក់ព័ន្ធ​ជាពិសេស​អាមេរិក​និង​កូរ៉េខាងជើង​ផង​នោះ​ឲ្យ​បន្ត​ការសន្ទនា​គ្នា​ដោយ​ប្រើប្រាស់​មធ្យោបាយ​ការទូត​។ លោកស្រី​ក៏​រំពឹងថា ប្រទេស​ផ្សេងទៀត​ដូចជា​រុស្ស៊ី ចិន កូរ៉េខាងត្បូង​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ធានាថា ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​៕


Tag:
 Mike Pence
  កូរ៉េខាងជើង​
  អាមេរិក​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com