អន្តរជាតិ
ចិន​បង្ហាញ​អានុភាព​យោធា​ចំពោះមុខ​មេទ័ព​កំពូល​អាមេរិក​
17, Aug 2017 , 7:39 pm        
រូបភាព
នាយសេនាធិការចម្រុះកងទ័ពអាមេរិកឧត្តមសេនីយ៍ ចូសេហ្វ ដាន់ហ្វត ទស្សនាសមយុទ្ធរបស់កងទ័ពចិន (រូបភាពពីគេហទំព័រកងទ័ពអាមេរិក)
នាយសេនាធិការចម្រុះកងទ័ពអាមេរិកឧត្តមសេនីយ៍ ចូសេហ្វ ដាន់ហ្វត ទស្សនាសមយុទ្ធរបស់កងទ័ពចិន (រូបភាពពីគេហទំព័រកងទ័ពអាមេរិក)
​ប្រមុខ​កងទ័ព​អាមេរិក ឧ​ត្ត​ម​សេនីយ៍ ចូ​សេ​ហ្វ ដាន់​ហ្វ​ត (Joseph Dunford) កំពុងស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​ប្រទេស​ចិន​។ បន្ទាប់ពី​ជួប​ជាមួយ​សម​ភាគី​ចិន Fang Fenghui នៅ​ថ្ងៃទី​១៥ ខែសីហា លោក ដាន់​ហ្វ​ត បាន​ទៅ​ទស្សនកិច្ច​បញ្ជាការដ្ឋាន​ភូមិភាគ​ខាងជើង​នៃ​កងទ័ព​រំដោះប្រជាជន​ចិន ដែល​ទទួលបន្ទុក​តំបន់​ជាប់​ព្រំដែន​កូរ៉េខាងជើង​។ នៅ​ទីនោះ ប្រមុខ​កងទ័ព​អាមេរិក​បាន​ទស្សនា​សមយុទ្ធ​របស់​កងទ័ព​ចិន​ផងដែរ​។​



​ចាក​ចេញពី​រដ្ឋធានី​ប៉េកាំង នាយសេនាធិការ​ចម្រុះ​កងទ័ព​អាមេរិក ឧ​ត្ត​ម​សេនីយ៍ ចូ​សេ​ហ្វ ដាន់​ហ្វ​ត នៅ​ថ្ងៃទី​១៦ ខែសីហា បាន​ទៅដល់​ទីក្រុង Shenyang ខេត្ត Liaoning ដើម្បី​ទស្សនកិច្ច​នៅ​បញ្ជាការដ្ឋាន​ភូមិភាគ​ខាងជើង​របស់​យោធា​ចិន​។ ឧ​ត្ត​ម​សេនីយ៍ ដាន់​ហ្វ​ត ទៅដល់​ប្រទេស​ចិន ស្រប​ពេលដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​តានតឹង​ខ្លាំង រហូតដល់​មានការ​បារម្ភ​ថា សង្គ្រាម​រវាង​អាមេរិក និង​កូរ៉េខាងជើង​អាច​ផ្ទុះឡើង​ទៀតផង​។​

​នៅ​ទីក្រុង Shenyang ប្រមុខ​កងទ័ព​អាមេរិក​បាន​ទៅកាន់​បន្ទាយទ័ព Haicheng ដើម្បី​ត្រួតពិនិត្យ​សមយុទ្ធ​មួយ​ដែល​បានបង្ហាញ​ពី​អានុភាព​ក្នុងការ​ប្រយុទ្ធ​របស់​ក​ង​ទ័ព​រំដោះប្រជាជន​ចិន​។ យោធា​ចិន​រាប់រយ​នាក់ បូករួម​នឹង​រថក្រោះ រថពាសដែក ក៏ដូចជា​ឧទ្ធម្ភាគចក្រ​ច្រើន​គ្រឿង​ទៀត​នោះ បាន​ចូលរួម​ក្នុង​សមយុទ្ធ ដែល​ធ្វើឡើង​ចំពោះមុខ​មេទ័ព​អាមេរិក និង​បណ្ដា​មេទ័ព​ជាន់ខ្ពស់​របស់​ចិន​ជាច្រើន​នាក់​ទៀត​។​



​ទស្សនកិច្ច​របស់​ឧ​ត្ត​ម​សេនីយ៍​ដាន់​ហ្វ​ត នៅ​ទឹកដី​ចិន​ពេលនេះ ក៏មាន​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​ការស្វែងរក​ជំហរ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈមមុខ​នានា ជាពិសេស​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​តែម្ដង​។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ទស្សនា​សមយុទ្ធ លោក​ដាន់​ហ្វ​ត និយាយថា ជំនួប​របស់លោក និង​សមភាគី​ចិន Fang Fenghui បាន​ផ្ដោត​ច្រើន​លើ​បញ្ហា​កូរ៉េខាងជើង ដោយ​អាមេរិក​នៅតែ​បន្ត​ប្រើប្រាស់​វិធានការ​ការទូត និង​ទណ្ឌកម្មសេដ្ឋកិច្ច​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ 

​ទាក់ទង​ការ​លទ្ធភាព​ប្រើ​កម្លាំង​ទ័ព​វិញ នាយសេនាធិការ​កងទ័ព​អាមេរិក​រូបនេះ​បញ្ជាក់ថា ក្រុង​វ៉ាស៊ីនតោន​អាច​ពិចារណា​ប្រើ​យោធា​ដោះស្រាយ​បញ្ហា​តែ​ក្នុងករណី​ការទូត និង​សេដ្ឋកិច្ច​មិនអាច​រក​ច្រកចេញ​បាន​ប៉ុណ្ណោះ​។ ការលើក​ឡើ​របស់លោក​ដាន់​ហ្វ​ត ហាក់​ផ្ទុយគ្នា​ពី​ជំហរ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​គំរាម​វាយប្រហារ​កូរ៉េខាងជើង ព្រោះ​លោក​យល់ថា​ទណ្ឌកម្មសេដ្ឋកិច្ច​ដូចជា​មិនអាច​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​នុយក្លេអ៊ែរ​បានឡើយ​។​

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ អំឡុង​ទស្សនកិច្ច​នៅ​ចិន​លើក​នេះ លោក​ដាន់​ហ្វ​ត និង​លោក Fang បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បង្កើន​ទំនាក់ទំនង​រវាង​យោធា​ប្រទេស​ទាំងពីរ ដើម្បី​ពង្រឹង​ការទុកចិត្ត​គ្នា និង​ចៀសវាង​ការវាយតម្លៃ​ខុស​លើ​ស្ថានការណ៍​។ ប្រមុខ​យោធា​អាមេរិក​ចាត់ទុក​កិច្ចព្រមព្រៀង​ជា​ជំហាន​ទៅមុខ​ដ៏​ប្រសើរ ដែល​អនុញ្ញាត​មហាអំណាច​ទាំងពីរ​ជជែក​គ្នា​បាន​ស្រួល​ជាង​មុន លឿន​ជាង​មុន​ក្នុងករណី​មាន​បញ្ហា​កើតឡើង​៕


Tag:
 ចិន​
  អាមេរិក​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com