អន្តរជាតិ
មេទ័ពចិនប្រាប់មេទ័ពអាមេរិក «អាមេរិកបង្កកំហុសលើបញ្ហាតៃវ៉ាន់ សមុទ្រចិនខាងត្បូង និង THAAD» នាយសេធិការចម្រុះកងទ័ពអាមេរិក ចូសេហ្វ ដាន់ហ្វត ជួបជាមួយអនុប្រធានគណៈកម្មការយោធាមជ្ឈិម ហ្វាន ចាងឡុង (រូបភាព Reuters)
× មន្ត្រីយោធាជាន់ខ្ពស់កងទ័ពចិន ហ្វាន ចាងឡុង (Fan Changlong) បាននិយាយនៅថ្ងៃទី១៧ ខែសីហា ថា សកម្មភាពខុសឆ្គងរបស់អាមេរិកលើបញ្ហាកោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងការពង្រាយប្រព័ន្ធការពារ THAAD ។ សកម្មភាពខុសឆ្គងនេះក៏បង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងយោធាទាំងពីរដូចជាការមិនទុកចិត្តគ្នាជាដើម។ មន្ត្រីជាន់ខ្ពស់ចិននិយាយបែបនេះក្នុង ជំនួបជាមួយ ប្រមុខកងទ័ពអាមេរិក ចូសេហ្វ ដាន់ហ្វត (Joseph Dunford) ។
ឧត្តមសេនីយ៍ ហ្វាន ចាងឡុង អនុប្រធានគណៈកម្មការយោធាមជ្ឈិមបក្សកុម្មុយនីស្តចិន បានជួបជាមួយនាយសេធិការចម្រុះកងទ័ពអាមេរិក ឧត្តមសេនីយ៍ ចូសេហ្វ ដាន់ហ្វត នៅថ្ងៃទី១៧ ខែសីហា ខណៈដែលលោក ដាន់ហ្វត ទស្សនកិច្ចបីថ្ងៃលើទឹកដីចិន។ វត្តមានប្រមុខកងទ័ពអាមេរិកលើទឹកដីចិនពេលនេះ ធ្វើឡើងចំពេលដែលទំនាក់ទំនងរវាងមហាអំណាចទាំងពីរស្ថិតក្នុងដំណាក់កាលគ្រោះថ្នាក់ ព្រោះមានបញ្ហាខ្វែងគំនិតជាច្រើន។
បញ្ហាកោះតៃវ៉ាន់ វត្តមាននាវាអាមេរិកនៅក្នុងសមុទ្រចិនខាងត្បូង និងការពង្រាយប្រព័ន្ធការពារមីស៊ីលនៅកូរ៉េខាងត្បូង សុទ្ធសឹងជាបញ្ហារាំងស្ទះក្នុងទំនាក់ទំនងរវាងអាមេរិក និងចិន។ ក្រុងប៉េកាំងមិនសប្បាយចិត្តឡើយ ពេលឃើញអាមេរិកបន្តលក់អាវុធឲ្យក្រុងតៃប៉ិ ហើយរឹតតែមិនសប្បាយចិត្តពេលក្រុងវ៉ាស៊ីនតោនបញ្ជូននាវាមកក្បែរកោះរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ ចុងក្រោយនេះ ប៉េកាំងក៏ប្រឆាំងដាច់ខាតការពង្រាយ THAAD នៅកូរ៉េខាងត្បូងផងដែរ។
នៅជំនួបក្នុងរដ្ឋធានីប៉េកាំង មេទ័ពចិនបានប្រាប់មេទ័ពអាមេរិកថា ប៉ុន្មានឆ្នាំចុងក្រោយ ទំនាក់ទំនងយោធាប្រទេសទាំងពីរមានស្ថានភាពល្អប្រសើរ ព្រោះមានផ្លាស់ប្ដូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាការទំនាក់ទំនងរលូនក្នុងវិស័យយោធា។ យ៉ាងណាមិញ លោក ហ្វាន បាននិយាយដែរថា ទង្វើរបស់អាមេរិកដូចជាការលូកដៃចូលបញ្ហាតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ការពង្រាយ THAAD បានបង្កផលប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងដែលល្អស្រាប់នេះ។
ចិននៅតែមានបំណងសហការជាមួយអាមេរិកដើម្បីសម្រេចឲ្យបានការព្រមព្រៀងរបស់ថ្នាក់នាំប្រទេសទាំងពីរ ដោះស្រាយបញ្ហាខ្វែងគំនិតគ្នា និងបញ្ហារសើបផ្សេងទៀត។ នេះជាបញ្ជាក់បន្ថែមរបស់ឧត្តមសេនីយ៍ចិន ដែលបន្តថាការទុកចិត្តគ្នាទៅវិញទៅមក និងទំនាក់យោធាទាំងពីរ នឹងកាន់តែប្រសើរឡើង ហើយទំនាក់ទំនងនេះក៏នាំផលវិជ្ជមានដល់ចំណងការទូតចិន និងអាមេរិក ដែលមហាអំណាចពិភពលោកផងដែរ។
ចំពោះការពង្រាយប្រព័ន្ធការពារ THAAD វិញ មេទ័ពចិនដដែលនេះនៅតែបង្ហាញជំទាស់ដដែល។ អាមេរិកពង្រាយ THAAD នៅកូរ៉េខាងត្បូងដើម្បីការពារមីស៊ីលកូរ៉េខាងជើង ប៉ុន្តែចិនមិនព្រមឡើយ។ អនុប្រធានគណៈកម្មការយោធាមជ្ឈិម បានប្រាប់ប្រមុខកងទ័ពអាមេរិកថា THAAD ប៉ះពាល់សន្តិសុខចិន ព្រោះតែរ៉ាដារបស់វាមានអានុភាពជ្រៀតចូលទឹកដីចិន ហើយម្យ៉ាងការពង្រាយ THAAD ក៏មិនអាចជួយដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េដែរ៕
Tag:
ចិន
អាមេរិក
Joseph Dunford
Fan Changlong
© រក្សាសិទ្ធិដោយ thmeythmey.com