ជាតិ
​សហភាព​អឺរ៉ុប ជួយ​សម្រួល​ដល់​ពលរ​ដ្ឋ​នៅ​ជនបទ​ដែល​គ្មាន​អគ្គិសនី ងាក​មក​ប្រើ​ថាមពលបៃតង​
18, Aug 2017 , 9:06 am        
រូបភាព
ដោយ:
​បន្ទាប់ពី​មានការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប (EU) «​កម្មវិធី​មីក្រូហិរញ្ញវត្ថុ​បៃតង​» ត្រូវបាន​បង្កើតឡើង​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) និង​អង្គការ​អភិវឌ្ឍន៍​ហុ​ល្លង់ (SNV) ដើម្បី​ពង្រីក​លទ្ធភាព ក្នុងការ​ទទួលបាន​ថាមពល​ពន្លឺព្រះអាទិត្យ​ដំឡើង​តាម​ផ្ទះ ដែលមាន​គុណភាព​ខ្ពស់​និង​តម្លៃ​សមរម្យ​នៅក្នុង​ប្រទេស​កម្ពុជា​។​



​ទឹកប្រាក់​ប្រមាណ ១ លាន​អឺរ៉ូ ត្រូវបាន​សហភាព​អឺរ៉ុប ផ្តល់ជូន​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) និង​អង្គការ​អភិវឌ្ឍន៍​ហុ​ល្លង់ (SNV) ដើម្បី​អនុវត្ត​កម្មវិធី​មីក្រូហិរញ្ញវត្ថុ​បៃតង នៅក្នុង​ប្រទេស​កម្ពុជា​។ កម្មវិធី​នេះ ធ្វើការ​តែ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​ពន្លឺព្រះអាទិត្យ​មួយចំនួន ដែលមាន​គុណភាព​និង​ទទួលស្គាល់​ដោយ​កម្មវិធី​ប៉ុណ្ណោះ​។ អ្នកផ្គត់ផ្គង់​ដែល​បានជ្រើសរើស​ទាំងនេះ ប្ដេជ្ញាចិត្ត​ផ្សព្វផ្សាយ​លក់​តែ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ និង​ផ្ដល់​សេវា​ថែទាំ​ដល់​អតិថិជន​។ ប្រការនេះ បង្កើត​ឲ្យ​មានការ​ជឿទុកចិត្ត​នៅក្នុង​ទីផ្សារ ហើយ​ស្លាក​សម្គាល់​គុណភាព​បាន​ក្លាយជា​និមិត្តសញ្ញា​ដែល​គេ​ទទួលស្គាល់​សម្រាប់​បញ្ជាក់​គុណភាព​។​

​កម្មវិធី​មីក្រូហិរញ្ញវត្ថុ​បៃតង ក៏​សហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ឈានមុខ​គេ ដែល​បាន​បង្កើត​កម្មវិធី​មីក្រូឥណទាន​ថាមពល​ពន្លឺព្រះអាទិត្យ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដល់​អតិថិជន​របស់​ខ្លួន ដើម្បី​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​នៅ​ជនបទ​។​



​គ្រួសារ​អ្នកស្រី ឆ​យ យ៉ៃ រស់នៅ​ក្នុងភូមិ​អង្គរ​ពាក់ ឃុំ​ដំណាក់​សុ​ក្រំ ស្រុក​ដងទង់ គឺជា​គ្រួសារ​មួយ​ក្នុងចំណោម​ប្រជាជន​ជាច្រើន​ពាន់​គ្រួសារ​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា ដែល​បានទទួល​ផលប្រយោជន៍​ពី​«​កម្មវិធី​មីក្រូហិរញ្ញវត្ថុ​បៃតង​» ដែលមាន​ឈ្មោះថា​ជា «​ថាមពល​ពន្លឺព្រះអាទិត្យ​ល្អ​»​។ គ្រួសារ​របស់​អ្នកស្រី​សម្ដែង​សេចក្ដី​រីករាយ​ជាមួយនឹង​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​តាម​ផ្ទះ (SHS) ពីព្រោះ​វា​មិន​ត្រឹមតែ​ផ្ដល់​ថាមពល​សម្រាប់​ការបំភ្លឺ​ផ្ទះ​ដល់​ពួកគេ​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​វា​ក៏​អាច​ឲ្យ​ពួកគេ​រីករាយ​ជាមួយនឹង​ការ​ទស្សនា​កម្មវិធី​កម្សាន្ត​លើ​កញ្ចក់​ទូរទស្សន៍ និង​ប្រកប​អាជីវកម្ម​ខ្នាតតូច​របស់ខ្លួន​នៅផ្ទះ​បាន​ទៀតផង​។​

​លោក Dennis Barbian ប្រធាន​កម្មវិធី​ថាមពល​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងថា កម្មវិធី​នេះ បាន​បង្រៀន​សិស្សសាលា​រាប់ពាន់នាក់​នៅ​ទូទាំងប្រទេស ឲ្យ​យល់​ពី​របៀប​ផលិត​អគ្គិសនី​ថាមពលព្រះអាទិត្យ និង​បាន​បណ្ដុះបណ្ដាល​មន្ត្រី​ឥណទាន​ជាច្រើន​រយ​នាក់ ដែល​ផ្ដល់​កម្ចី​ថាមពល​ពន្លឺព្រះអាទិត្យ ព្រមទាំង​បានផ្ដល់​ព័ត៌មាន​ដល់​ប្រជាជន​អំពី​ថាមពល​ពន្លឺព្រះអាទិត្យ តាមរយៈ​ការធ្វើ​បទ​បង្ហាញ​នៅតាម​មូលដ្ឋាន និង​វីដេអូ​គ្លី​ប​ខ្លីៗ​។​



​បើតាម​លោក Dennis Barbian គិត​ត្រឹម​ខែកញ្ញា ឆ្នាំ ២០១៦ គ្រួសារ​នៅ​ជនបទ​ចំនួន ១៣៨៧​គ្រួសារ បាន​ទិញ​ផលិតផល​ថាមពល​ពន្លឺព្រះអាទិត្យ​ដែលមាន​ការបញ្ជាក់​គុណភាព ពី​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទាំង ៦ ដែលមាន​ការទទួលស្គាល់​ត្រឹមត្រូវ​។ ផលិតផល​មានគុណ​ភាព​និង​សេវា​អតិថិជន​ពាក់ព័ន្ធ ក៏ត្រូវ​បានផ្ដល់​ជូន​ផងដែរ នៅក្នុង​ខេត្ត​ក្រុង​ចំនួន ១៤ ក្នុងចំណោម​ខេត្ត​ទាំង ២៤ នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​លោក សម សុ​គុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សូ​ឡា​ខ្ញុំ និយាយថា ប្រព័ន្ធ​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​ខ្នាតតូច​នៅតាម​ផ្ទះ គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​ពង្រីក​សេវា​ថាមពល​ទំនើប​ទៅកាន់​ប្រជាជន​កាន់តែច្រើន​។ លោក​បន្តថា ទោះជា​បច្ចេកវិទ្យា​នេះ កើតមាន​ជាច្រើន​ឆ្នាំ​មកហើយ​ក្ដី ទើបតែ​ថ្មីៗ​នេះ​ទេ​ដែល​តម្លៃ​បច្ចេកវិទ្យា​ថាមពល​ពន្លឺព្រះអាទិត្យ​ថយចុះ​ច្រើន ដែល​ធ្វើ​ឲ្យ​ផលិតផល​ប្រកបដោយ​គុណភាព​នេះ​ក្លាយជា​ដំណោះស្រាយ​ដែល​គ្រួសារ​ជាច្រើន​អាច​ទិញ​ប្រើ​បាន​។​






















Tag:
 សហភាព​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com