ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន KrisEnergy មាន​ពេល​២​ខែ​ទៀត​ដើម្បី​សម្រេចចិត្ត​វិនិយោគ​បូម​ប្រេង​ក្នុង​ប្លុក​A​ជា​ផ្លូវការ​
23, Aug 2017 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល និង​ក្រុមហ៊ុន KrisEnergy ពី​ប្រទេស​សិង្ហ​បុរី នៅ​ថ្ងៃទី​២៣​ខែសីហា​នេះ បាន​ឈានដល់​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​អណ្ដូង​ប្រេងកាត​នៅក្នុង​ប្លុក A ដែល​នឹង​បើកផ្លូវ​ដល់​ការ​បូម​យក​ដំណក់​ប្រេង​លើកដំបូង​ក្នុងសម័យ​ចុងក្រោយ​នេះ​របស់​កម្ពុជា​។



​តាមរយៈ​កិច្ច​ព្រម​ព្រម​នេះ ក្រុមហ៊ុន​នេះ​មាន​រយៈពេល ៦០​ថ្ងៃ ដើម្បី​ធ្វើការ​សម្រេចចិត្ត​វិនិយោគ​ចុងក្រោយ​។ បានសេចក្ដីថា ក្រុមហ៊ុន​មិនទាន់​សម្រេចចិត្ត​វិនិយោគ​ជា​ផ្លូវការ​នោះទេ​។ លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេង​នៃ​ក្រសួង​រ៉ែ និង​ថាមពល បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្រុមហ៊ុន​ត្រូវ​ប្រជុំ​ផ្ទៃក្នុង​ដើម្បី​សម្រេចចិត្ត ដែលជា​លំនាំ​ទូទៅ​នៃ​ការវិនិយោគ​ធំៗ​តែងតែ​ធ្វើ​។ បើ​គាត់​អត់​សម្រេចចិត្ត​ទេ មានន័យថា គាត់​បោះបង់ចោល​ការវិនិយោគ​នេះ​»​។ 

​ទាក់ទង​ការសម្រេចចិត្ត​វិនិយោគ​ចុងក្រោយ លោក Kelvin Tang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KrisEnergy ឲ្យ​ដឹងថា ក្រុមហ៊ុន​នឹង​អាច​វិនិយោគ​បូម​ប្រេង​ក្នុងស្ថានភាព​តម្លៃ​ប្រេង​បច្ចុប្បន្ន​។ លោក​បញ្ជាក់​ដូចនេះ​ថា​៖«​យើង​សម្រេចចិត្ត​ដោយ​ឈរលើ​តម្លៃ​ប្រេង​នៅពេល​បច្ចុប្បន្ន ដូចនេះ​យើង​នឹង​អាច​ដំណើរការបាន ហើយ​សេដ្ឋកិច្ច​សម្រាប់​គម្រោង​នេះ​នៅតែ​លូតលាស់​លឿន​ក្នុងស្ថានភាព​តម្លៃ​ប្រេង​ទាប​ពេល​សព្វថ្ងៃនេះ​»​។

​ក្រុមហ៊ុន​នេះ​មិនទាន់​បង្ហើប​ពី​ទុន​ដែល​ខ្លួន​គ្រោង​វិនិយោគ​សម្រាប់​គម្រោង​នេះ​នៅឡើយ​ទេ ដោយ​រង់ចាំ​ការសម្រេចចិត្ត​ចុងក្រោយ និង​ការដាក់​ដេញថ្លៃ​ផ្គត់ផ្គង់​សម្ភារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បូម​ប្រេង​។

​កិច្ចព្រមព្រៀង​ប្រេងកាត​ប្លុក​A​របស់​កម្ពុជា ត្រូវបាន​បង្កើត​តាំងពី​ឆ្នាំ​២០០២ ដោយ​ក្រុមហ៊ុន Chevron  ហើយ​រហូតដល់​ឆ្នាំ ២០១៦ ក្រុមហ៊ុន KrisEnergy បាន​ទិញ​ភាគហ៊ុន​ទាំងអស់​របស់ Chevron លើ​គម្រោង​រុករក​ប្រេង​ក្នុង​ប្លុក​នេះ​។ មកទល់ពេលនេះ ក្រុមហ៊ុន KrisEnergy មាន​ភាគហ៊ុន ៩៥ ភាគរយ និង​រដ្ឋាភិបាល​កម្ពុជា​មាន​ហ៊ុន ៥​ភាគរយ​សម្រាប់​គម្រោង​នេះ​។​

​ទម្រាំ​មាន​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​អណ្ដូង​ប្រេងកាត​នៅថ្ងៃនេះ ភាគី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​បានអូសបន្លាយ​ពេល​ជាច្រើន​ឆ្នាំ​។ លោក អូន ព័ន្ធ​មុនី​រត្ន ថ្លែងថា ការអូសបន្លាយ​ពេលនេះ គឺ​ដោយសារ​ភាពមិន​អំណោយផល​នៃ​សេដ្ឋកិច្ច​សកល​ពិសេស​អស្ថិរភាព​តម្លៃ​ប្រេង និង​មូលហេតុ​ផ្សេងទៀត​។​

​កិច្ចព្រមព្រៀង​ថ្ងៃនេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​តំណាង​ក្រុមហ៊ុន KrisEnergy group លោក Kelvin Tang ។​

​បើ​មានការ​សម្រេចចិត្ត​ផ្លូវការ​លើ​ការវិនិយោគ​នេះ ក្រុមហ៊ុន​នឹង​រកបាន​ដំណក់​ប្រេង​ដំបូង​នៅ​ចុងឆ្នាំ​២០១៩ ។ កិច្ចព្រមព្រៀង​ថ្ងៃនេះ​បើកផ្លូវ​ដល់​ការផលិត​ប្រេង​ក្នុងដំណាក់កាល​ទី​១ ដែល​តាម​ការប៉ាន់ស្មាន​មាន​រយៈពេល​ផលិតកម្ម​៩​ឆ្នាំ ហើយ​អាច​ផលិត​បាន​ច្រើនជាង ៣០​លាន​បារ៉ែល​។ ដំណាក់កាល​ទី​១​នេះ​គ្របដណ្ដប់​លើ ១៩៨ គីឡូម៉ែត្រ​ក្រឡា ក្នុង​ទំហំ​សរុប ៣០៨៣ គីឡូម៉ែត្រ​ក្រឡា​របស់​ប្លុក​A ។​

​ក្រុមហ៊ុន KrisEnergy ធ្វើ​ប្រតិបត្តិការ​ខួង​យក​ប្រេង​ប៉ុណ្ណោះ ខណៈ​កម្ពុជា​កំពុង​កសាង​រោងចក្រ​ចម្រាញ់​ប្រេង​មួយ​របស់​ក្រុមហ៊ុន CPC ដែល​ជាការ​ចាប់ដៃគ្នារ​វាង​វិនិយោគិន​ចិន និង​ខ្មែរ​។ លោក Kelvin Tang បញ្ជាក់ថា ក្រុមហ៊ុន​លោក​នឹង​លក់​ប្រេង​ឲ្យ​ទៅ​ក្រុមហ៊ុន​ចម្រាញ់​ប្រេង មិន​ថា​ក្នុងស្រុក ឬ​ក្រៅប្រទេស ឲ្យ​តែមាន​ហេដ្ឋារចនាសម្ព័ន្ធ​រោងចក្រ​ច្បាស់លាស់ និង​ហ៊ាន​ប្រកួតប្រជែង​នៅពេល​ដេញថ្លៃ​៕


Tag:
 ប្រេងកាត
© រក្សាសិទ្ធិដោយ thmeythmey.com