ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​អំណាច​ខ្មែរ គ្រោង​ធ្វើ​សមាជ ដើម្បី​រៀបចំ​មេដឹកនាំ​ឡើងវិញ ក្រោយ​លោក សួន សេរី​រដ្ឋា ក្លាយជា​អ្នកទោស ​
26, Aug 2017 , 1:55 pm        
រូបភាព
លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ស្ថិតក្នុងបរិវេនតុលាការរាជធានីភ្នំពេញ ពេលត្រូវបាននាំទៅកាត់ទោស កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២0១៧។
លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ស្ថិតក្នុងបរិវេនតុលាការរាជធានីភ្នំពេញ ពេលត្រូវបាននាំទៅកាត់ទោស កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២0១៧។
ដោយ: ថ្មីៗ
ភ្នំពេញ​៖ គណបក្ស​អំណាច​ខ្មែរ នឹងធ្វើ​សមាជ​វិសាមញ្ញ​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ជ្រើសតាំង​ប្រធាន​និង​អនុប្រធាន រួមទាំង​រចនាសម្ព័ន្ធ​ផ្សេងទៀត​។ ផែនការ​នៃ​ការរៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​នេះ គឺធ្វើឡើង​បន្ទាប់ពី​លោក សួន សេរី​រដ្ឋា ដែលជា​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ជាប់ពន្ធនាគារ​។

 

គណបក្ស​អំណាច​ខ្មែរ នឹងធ្វើ​សមាជ​វិសាមញ្ញ នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២0១៧ ដើម្បី​រៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​ឡើងវិញ បន្ទាប់ពី​លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​របស់ខ្លួន ត្រូវបាន​តុលាការ កាន់​ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ពីបទ «​ញុះញង់​កងទ័ព​»​។ លោក សួង សោ​ភ័​ណ្ឌ ប្រធានស្តីទី​គណបក្ស​អំណាច​ខ្មែរ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​។

​លោក សួង សោ​ភ័​ណ្ឌ បន្ថែមថា ការជ្រើសតាំង​ប្រធាន និង​អនុប្រធាន​គណបក្ស រួមទាំង​ការរៀបចំ​គណៈកម្មការ​នានា គឺជា​របៀបវារៈ​សំខាន់ៗ ដែល​នឹងត្រូវ​លើក​ទៅ​អនុម័ត​នៅក្នុង​សមាជ​វិសាមញ្ញ នាពេលខាងមុខ​។ លោក សួង សោ​ភ័​ណ្ឌ បញ្ជាក់ថា មានតែ​រូបលោក​ម្នាក់ ប៉ុណ្ណោះ ដែល​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធាន​គណបក្ស​អំណាច​ខ្មែរ នៅក្នុង​អង្គសមាជ​វិសាមញ្ញ​។ ប៉ុន្តែ លោក នៅ​មិនទាន់​ដឹង​ច្បាស់​នោះទេ ចំពោះ​បេក្ខជន​អនុប្រធាន​។

បើតាម ប្រធានស្តីទី​រូបនេះ សមាជ​វិសាមញ្ញ ក៏​នឹង​ពិភាក្សា​និង​អនុម័ត​លើ​ការផ្លាស់ប្តូ​រសញ្ញា​សម្គាល់ (Logo)  របស់​គណបក្ស​អំណាច​ខ្មែរ ផងដែរ​។ លោក លើកឡើង​ពី​មូល​ហេតុថា សញ្ញា​សម្គាល់​របស់​គណ​បក្ស​អំណាច​ខ្មែរ មើលទៅ​ស្រដៀង​នឹង​សញ្ញា​សម្គាល់​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដូច្នេះ​ត្រូវតែ​ផ្លាស់ប្តូរ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ផ្លូវច្បាប់​។

លោក សួង សោ​ភ័​ណ្ឌ សង្កត់ធ្ងន់ថា ការដក​រូប​របស់លោក សួន សេរី​រដ្ឋា ដែលមាន​ឈ្មោះ​ជា​អ្នកទោស ចេញពី​ផ្ទាំង​ផ្សព្វផ្សាយ​របស់​គណបក្ស​អំណាច​ខ្មែរ នៅ​ទូទាំងប្រទេស ក៏​ជា​របៀបវារៈ​ដែល​នឹងត្រូវ​លើក​ទៅ​អនុម័ត​ក្នុង​សមាជ​វិសាមញ្ញ ផងដែរ ដើម្បី​ឲ្យ​ស្របតាម​ច្បាប់​ស្តី​គណបក្សនយោបាយ​។ លោក បន្តថា គណបក្ស​អំណាច​ខ្មែរ បាន​ត្រៀម​ថវិកា ១.៥ ម៉ឺន​ដុល្លារ សម្រាប់​ចំណាយ​លើ​ការផ្លាស់ប្តូរ​ផ្ទាំង​ផ្សព្វផ្សាយ​ថ្មី នៅ​ទូទាំងប្រទេស​។​



(សួង សោភ័ណ្ឌ ប្រធានស្តីទីគណបក្សអំណាចខ្មែរ)

លោក សួង សោ​ភ័​ណ្ឌ ជឿជាក់ថា គណបក្ស​អំណាច​ខ្មែរ នឹង​បន្តជីវិត​នយោបាយ​ទៅមុខ​ជានិច្ច ហើយក៏​នឹងចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ថ្នាក់ជាតិ ក្នុង​ឆ្នាំ​២0១៨ ដែរ​។ លោក បង្ហាញ​ពី​ភាពជឿជាក់ យ៉ាង​ដូច្នេះ​៖«​យើង​ធ្វើ​នយោបាយ មិនមែន​ពឹង​តែ​មនុស្ស​ម្នាក់​នោះទេ​។ អត់​ពី​សួន សេរី​រដ្ឋា មាន​សួង សោ​ភ័​ណ្ឌ ហើយ​បើ​អត់​ពី សួង សោ​ភ័​ណ្ឌ នឹងមាន​អ្នក​ផ្សេងទៀត​។ ក្រោយ​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​រួចហើយ យើង​សង្ឃឹមថា គណបក្ស​អំណាច​ខ្មែរ នឹង​រឹងមាំ​ជាង​មុន ហើយនឹង​អាចឈរជើង​នៅ​ស្រុក​ខ្មែរ​តទៅទៀត​»​។ 

លោក សួន សេរី​រដ្ឋា បានប្រកាស​លាលែង​តំណែង​ជា​ប្រធាន​និង​សមាជិកភាព​ពី​គណបក្ស​អំណាច​ខ្មែរ ក្រោយ​ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២0១៧​។
ការចាប់ខ្លួន គឺ​ដោយសារ​លោក បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​សមត្ថកិច្ច​និង​តុលាការ ចាត់ទុកថា ជាការ​ញុះញង់​កងទ័ព​។ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧ លោក សួន សេរី​រដ្ឋា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖« [….] ពេល​សង្គ្រាម​កើតឡើង​ជាមួយ​ប្រទេស​ឡាវ លទ្ធផល មិន​ខុសពី​សង្គ្រាម ដែល​កើតឡើង​ជាមួយ​ប្រទេស​សៀម​ទេ គឺ​កូន​ខ្មែរ កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា​។ ហើយ​មេទ័ព នឹង​ឡើងបុណ្យ​សក្តិ ប្រមូលបាន​លុយកាក់ សប្បាយ​ជាមួយ​ស្រី​យ៉ាង​គគ្រឹកគគ្រេង​។ [ ….]»​។​

ការសរសេរ​របស់លោក សួន សេរី​រដ្ឋា គឺ​ស្ថិត​ក្នុងអំឡុង ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​។ ពេលនោះ រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន បាន​បញ្ជូន​កងទ័ព​និង​សព្វាវុធ ទៅកាន់​តំបន់​ក្បែរ​អូរ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ព្រំដែន​ខេត្តស្ទឹងត្រែង ដែល​កងទ័ព​ឡាវ ចូលមក​ឈរជើង​។ តែ​កងទ័ព​ឡាវ បាន​ចាក​ចេញពី​តំបន់​នោះ​វិញ បន្ទាប់ពី​ការចរចា​រវាង​សម្តេច ហ៊ុន សែន និង​លោក ថោង​លន់ ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឡាវ​។​

នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២0១៧ លោក សួន សេរី​រដ្ឋា ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ដោយ​រង​បទ​ចោទ​ចំនួន​បី គឺ​«​បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់បង្គាប់ បទ​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»៕


© រក្សាសិទ្ធិដោយ thmeythmey.com