ជាតិ
ក្រសួងយុត្តិធម៌​នឹង​បង្កើត​គោលនយោបាយ​ជាតិ​ផ្នែក​ច្បាប់ ការពារ​ពលរដ្ឋ​ក្រីក្រ ដែល​គ្មាន​លទ្ធភាព​រក​មេធាវី​
27, Aug 2017 , 12:30 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក ​ក្រសួង​យុត្តិធម៌
រូបភាពពីហ្វេសប៊ុក ​ក្រសួង​យុត្តិធម៌
ភ្នំពេញ​៖ ក្រសួងយុត្តិធម៌ នឹង​រៀបចំ​គោលនយោបាយ​ជាតិ​ស្ដីពី​ជំនួយ​ផ្នែក​ច្បាប់ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ពុំមាន​លទ្ធភាព​រក​មេធា​វី​ការពារ​ក្ដី​នៅ​តុលាការ​។ គោលនយោបាយ​នេះ នឹង​ចាប់ដំណើរការ​តាក់តែង​នៅ​ខែតុលា​ខាងមុខ ដើម្បី​ឲ្យ​កំណែទម្រង់​ក្នុង​ប្រព័ន្ធតុលាការ នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP​។



ក្នុង​សន្និសីទ​ស្តីពី​ការអនុវត្ត​ប្រសើរ​បំផុត​កម្រិត​អន្តរជាតិ កាលពី​ថ្ងៃទី ២៤ សីហា លោក ជិន ម៉ា​លីន អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​លើកឡើងថា​៖ «​តាមរយៈ​គោលនយោបាយ​ជាតិ​នេះ ពលរដ្ឋ​កម្ពុជា​ជា​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ ដែល​មិនមាន​លទ្ធភាព​ស្វែងរក​សេវា​ការពារ​ក្ដី នឹង​ទទួលបាន​នូវ​មេធាវី​ការពារ​ក្ដី​ពី​វិវាទ​ដោយ​យុត្តិធម៌​»​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP​។

AKP បាន​ស្រង់​សម្ដី លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថា​៖ «​បានទទួល​ស្គាល់​ពី​បញ្ហា​ប្រឈម  និង​តម្រូវការ​ផ្នែក​នេះ សម្រាប់​ពលរដ្ឋ​ក្រីក្រ ក្នុងការ​ទទួលបាន​សេវា​ផ្នែក​ផ្លូវច្បាប់ ប្រកបដោយ​យុត្តិធម៌​»​។ បើតាម​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋាភិបាល​បាន​ផ្តល់ជំនួយ​ផ្នែក​ច្បាប់​តាមរយៈ​ការទម្លាក់​ថវិកា​ឲ្យ​ក្រសួងយុត្តិធម៌ លើ​ប្រតិបត្តិ​ការការពារ​ក្តី​ជូន​ជន​ក្រក្រី​និង​ជន​ងាយ​រងគ្រោះ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​នៃ​ការកែទម្រង់​ផ្នែក​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​។

លោកស្រី ម៉ា​រី ដូ​មី​និក ប៉ា​រ៉ង់ តំណាង​ស្ដីទី​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បញ្ជាក់ថា ការផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​នៅ​កម្ពុជា នៅមាន​បញ្ហា​ប្រឈម​។ កត្តា​ដែលមាន​បញ្ហា​ប្រឈម​នេះ ដោយសារ​មិនមាន​មេធាវី និង​កញ្ចប់​ថវិកា​គ្រប់គ្រាន់ សម្រាប់​ផ្ដល់​ដល់​ការការពារ​ក្ដី​ឲ្យ​ជន​ងាយ​រងគ្រោះ និង​ជនជាប់ចោទ ពិសេស​ខេត្ត​ដាច់ស្រយាល​។

​គួរ​បញ្ជាក់ថា ក្រុមអ្នកច្បាប់​ជាតិ និង​អន្តរជាតិ មកពី​ក្រសួងយុត្តិធម៌ គណៈមេធាវី​កម្ពុជា ការិយាល័យ​ឧ​ត្ត​ម​ស្នងការ អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា រួមទាំង​អង្គភាព​ផ្នែក​ច្បាប់​ដទៃទៀត បានការ​ពិភាក្សា លើ​ការតាក់តែង​គោលនយោបាយ​ជាតិ​ស្ដីពី​ជំនួយ​ផ្នែក​ច្បាប់​នៅ​កម្ពុជា រយៈពេល​២ នៅ​ថ្ងៃទី ២៤-២៥ សីហា​៕


© រក្សាសិទ្ធិដោយ thmeythmey.com