កីឡាអន្តរជាតិ
អន្តរជាតិ
កំហុស​មិនគួរ​កើត​ទាំង​៤ របស់​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​
31, Aug 2017 , 9:15 am        
រូបភាព
​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​ដែល​ម៉ាឡេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​បានបញ្ចប់​ការប្រកួត​គ្រប់​ប្រភេទ​កីឡា​រួចរាល់​អស់ហើយ ក្នុងនោះ​ម្ចាស់​ទទួលបាន​មេដាយមាស​ច្រើនជាងគេ​រហូតដល់ ១៤៥ តាម​ពីក្រោយ​ដោយ​ថៃ ៧២ និង​វៀតណាម ៥៩​។ ប៉ុន្តែ​មាន​ហេតុការណ៍​មួយ​អាក្រក់​ដែល​ម្ចាស់ផ្ទះ​បាន​ប្រព្រឹត្តិ​ឲ្យ​មាន​កំហុស ក្នុងអំឡុង​ការប្រកួត​កីឡា​នេះ​។



​កំហុស​ទាំង​៤ ដែល​កើតឡើង​មិនគួរ​ឲ្យ​ជឿ​នោះ​រួមមាន​ដូចខាងក្រោម​៖

១. បញ្ហា​ដាក់​ទង់ជាតិ​ឥណ្ឌូណេស៊ី​បញ្ច្រាស​
​អ្នករៀបចំ​ការប្រកួត​កីឡា​របស់​ម៉ាឡេស៊ី​បាន​បោះពុម្ព​សៀវភៅ​កីឡា​ប្រចាំ​ព្រឹត្តិការណ៍​នេះ​ដោយ​ដាក់​ទង់ជាតិ​ប្រទេសជិតខាង​ឥណ្ឌូណេស៊ី​បញ្ច្រាស​ពីក្រោម​ទៅលើ ពីលើ​ទៅ​ក្រោម​។ កំហុស​មួយ​នេះ​បាន​ជំរុញ​ឲ្យ​អ្នករៀបចំ និង​ក្រសួងការបរទេស​ម៉ាឡេស៊ី​សុំទោស​ភាគី​ខាង​ឥណ្ឌូណេស៊ី​ផងដែរ​។​

២. កំហុស​លើ​ការដាក់​ឈ្មោះ​ប្រទេស​ច្រឡំ​ជាមួយនឹង​ទង់ជាតិ​ពេល​បង្ហាញ​តារាង​មេដាយ​
​ទូរទស្សន៍​ជាតិ​របស់​ម៉ាឡេស៊ី RTM បានដាក់​ឈ្មោះ​ប្រទេស​ខុស​នឹង​ទង់ជាតិ​រហូតដល់ ៨​ប្រទេស​ក្នុងចំណោម ១១​ប្រទេស ដែល​បង្ហាញ​ពី​ចំនួន​មេដាយ​បណ្តោះអាសន្ន​ក្នុងអំឡុង​ការផ្សាយ​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​សុក្រ​អាទិត្យ​មុន​។​

៣. កំហុស​លើ​អត្ត​ព​លិ​ករ​បស់​ម៉ាឡេស៊ី​ដែល​ពុល​អាហារ​

​ការពុល​អាហារ​បាន​ក្លាយជា​ព័ត៌មាន​អាក្រក់​បំផុត​ដែល​គណៈកម្មាធិការ​រៀប​ចំការ​ប្រកួត​ម៉ាឡេស៊ី (Masoc) បាន​ជួបប្រទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​នេះ​។ ក្នុងនោះ​មាន​អត្ត​ព​លិ​ក ១៦ នាក់​បាន​ជួបនឹង​បញ្ហា​ក្រពះ​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​កីឡាករ​ពីររូប​របស់​ម៉ាឡេស៊ី​ត្រូវ​ចូល​មន្ទីរពេទ្យ និង​ម្នាក់ទៀត​ត្រូវ​បោះបង់​ការប្រកួត​។ ករ​ណ​នេះ​ត្រូវបាន​គេ​ផ្តោត​សំខាន់​ទៅលើ​អាហារ​ដែល​អត្ត​ព​លិ​កបាន​បរិភោគ​នៅពេល​ស្នាក់នៅ​សណ្ឋាគារ Renaissance Kuala Lumpur ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពូ​។​

៤. កំហុស​របស់​អ្នកគាំទ្រ​បាល់ទាត់​ម៉ាឡេស៊ី​ដែល​ស្រែកថា «​ឆ្កែ​សិង្ហ​បុរី​»
​ក្រុម​អ្នកគាំទ្រ​ក្រុមបាល់ទាត់​ម៉ាឡេស៊ី​បាន​បញ្ចេញ​កំហឹង​ដោយ​ស្រែកថា «​ឆ្កែ​សិង្ហ​បុរី​» "Singapore dogs" ក្នុងអំឡុងពេល​ប្រកួត​បាល់ទាត់​រវាង​ម៉ាឡេស៊ី​ជាមួយ​សិង្ហ​បុរី​។​
​ការស្រែក​របស់​អ្នកគាំទ្រ​របស់​ម៉ាឡេស៊ី​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ាន (Sea Games) លើក​ទី ២៩ ហៅ​ទង្វើ​នេះ​ថា​ជា​អំពើ​ខុសឆ្គង​ដ៏​ធ្ងន់ធ្ងរ និង​ជាការ​សោកស្តាយ​យ៉ាងខ្លាំង​ដែល​វា​ផ្ទុយ​នឹង​ស្មារតី​នៃ​កីឡា​។​

​លើសពី​កំហុស​ទាំង​៤​ខាងលើ​របស់​ម៉ាឡេស៊ី​នេះ ក៏មាន​ការរិះគន់​ពី​សំណាក់​ឥណ្ឌូណេស៊ី និង​ថៃ​ផងដែរ​។ ក្នុងនោះ​ឥណ្ឌូណេស៊ី​បាន​ចោទ​ម៉ាឡេស៊ី​ថា​បាន​បន្លំ​មេដាយ​ពី​ការប្រកួត​កីឡា​លើ​វិញ្ញាសា​សម្តែង​ក្បាច់គុណ (pencak silat) គូ​បុរស ដោយ​លើកឡើងថា​ពួកគេ​ទទួល​ពិន្ទុ​ដោយ​មិនមាន​ភាព​យុ​ត្តិ​ធ​ម៍ ហើយ​ថៃ​ក៏​រិះគន់​ដែរ​ថា​ម្ចាស់ផ្ទះ​ដាក់​តែ​វិញ្ញាសា​ដែល​ខ្លួន​មានប្រៀប ហើយ​ដក​វិ​ញ្ញា​សាដែល​ខ្លួន​មិនសូវ​ជំនាញ​៕​    ​


​    ​


Tag:
 Sea Games 2017
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com