ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល ស្នើ​ឲ្យ​រក្សា​ភាព​ស្ងៀម​ស្ងា​ត់ ក្រោយ​សមត្ថកិច្ច​ចាប់​ឯកឧត្តម កឹម សុខា
03, Sep 2017 , 2:03 am        
រូបភាព
ភ្នំពេញ៖ ​រដ្ឋាភិបាល​កម្ពុជា បានចេញសេច​ក្តី​ថ្លែងការណ៍​ភ្លាមៗ ដោយ​ស្នើ​ឲ្យ​រក្សា​ភាព​ស្ងៀម​ស្ងា​ត់ បន្ទាប់ពី​សមត្ថកិច្ច បាន​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពាក់កណ្តាលអធ្រាត្រ​ថ្ងៃទី២ ចូល​​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧​នេះ​។ តាមរយៈ​សេចក្តីថ្លែងការណ៍ រដ្ឋាភិបាល បាន​អះអាងថា ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា គឺ​ស្ថិតក្នុង​បទល្មើស​ជាក់ស្តែង​។



​បើតាម​សេចក្តីថ្លែងការណ៍របស់រដ្ឋា​ភិបាល ឯកឧត្តម កឹម សុខា បាន​ឃុបឃិត​ជាមួយ​បរទេស ក្នុងការ​រៀ​ចំ​ផែនការ​សម្ងាត់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេសជាតិ​។ រដ្ឋាភិបាល អះអាង​ដូច្នេះ ដោយ​សំអាងលើ​សារ​នយោបាយ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា នៅក្នុង​វីដេអូ​ឃ្លី​ប  ដែល​ត្រូវបាន​ផ្សាយ​ដោយ​បណ្តាញ​មួយ ឈ្មោះ CBN (Cambodian Broadcasting Network)​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍ រដ្ឋាភិបាល បញ្ជាក់​បែបនេះ​ថា​៖«​អំពើ​នៃ​ការឃុបឃិត​គ្នា​ជាសម្ងាត់​ខាងលើនេះ គឺជា​អំពើ​ក្បត់ជាតិ​។ […..] រដ្ឋាភិបាល សូម​អំពាវនាវ​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ទុក​ករណីនេះ ជូន​តុលាការ ដើម្បី​ចាត់ការ​បន្ត ជា​សមត្ថកិច្ច​ស្របតាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​»​។​

​សារព័ត៌មាន​ថ្មីៗ​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​និង​មន្ត្រី​ផ្សេង​ទៀត នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បានទេ ដោយសារតែ​ពួកគាត់ ពុំបាន​លើក​ទូរ​សព្ទ​។


Tag:
 ចាប់កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com