ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ម៉ម សូណង់​ដូ៖ វិទ្យុសំបុក​ឃ្មុំ​​ឈប់​ផ្សាយ​បន្ត​របស់​វិទ្យុ​អាស៊ី​សេរី និងវីអូអេ ពីថ្ងៃនេះទៅ
03, Sep 2017 , 1:18 pm        
រូបភាព
ដោយ: ថ្មីៗ
 ស្ថាបនិកវិទ្យុសំបុក​ឃ្មុំ ១០៥ លោក ម៉ម សូណង់ដូ បានប្រកាសថា វិទ្យុរបស់​លោកនឹងឈប់​ផ្សាយបន្តពីវិទ្យុអាស៊ីសេរី និង​វិទ្យុ​សំបុកឃ្មុំចាប់​ពីថ្ងៃនេះទៅ តាមការបញ្ជារបស់ក្រសួង​ព័ត៌មាន។



តាមរយៈសារព័ត៌មានថ្មីៗ  លោក ម៉ម សូណង់ដូ បានផ្ញើសារទៅកាន់​អ្នកចូលចិត្តតាមដានវិទ្យុ​អាស៊ីសេរី និងវីអូអេ តាមវិទ្យុរបស់លោកថា នឹងមិនមានការផ្សាយ​វិទ្យុអាស៊ី​សេរី និងវិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិកវីអូអេ នៅលើស្ថានីយវិទ្យុ ១០៥ របស់​លោក​ទៀត​ទេ។ លោកថា បើលោក​នៅតែផ្សាយវិទ្យុទាំងពីរនេះ ក្រសួងព័ត៌មាននឹងដក​អាជ្ញាប័ណ្ណវិទ្យុរបស់លោកទាំងស្រុង។

លោក​ ម៉ម សូណង់ដូ បានត្រឹមតែ​សម្តែងការសោកស្តាយ​ចំពោះចំណាត់ការ​របស់​ក្រសួងព័ត៌មាន។ « ខ្ញុំបានត្រឹមតែសោកស្តាយ ហើយមិនដឹងធ្វើយ៉ាងម៉េចទេ មានតែធ្វើតាមគេទេ គឺឈប់ផ្សាយពីថ្ងៃនេះទៅ។ យើងដឹងហើយ បើយើងនៅតែផ្សាយគេដកអាជ្ញាប័ណ្ណយើង។ យើងមិនអាចយកក្បាលទៅជល់នឹងភ្នំបានទេ។ ខ្ញុំអស់អីនិយាយហើយ»។ នេះជាការថ្លែង​របស់​លោក ម៉ម សំណង់ដូ ប្រាប់ដល់សារព័តមាន​ថ្មីៗ។

បើតាមសេចក្តី​ជូន​ដំណឹងរបស់​ក្រសួង​ព័ត៌មាន​នៅថ្ងៃទី ៣ ខែកញ្ញា នេះ ហេតុផល​ដែល​ក្រសួង​ហាម​ មិនឲ្យ​វិទ្យសំបុកឃ្មុំ ១០៥ ផ្សាយ​វិទ្យុបរទេស​ទាំងពីរនេះ ដោយ​សារ​ក្រសួង​ទើប​រក​ឃើញ​​ថា វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ ពុំទាន់បានចុះ​បញ្ជី​ការិយាល័យតំណាង​ស្របច្បាប់​នៅក្រសួង​ព័ត៌មាន៕


Tag:
 ម៉ម សូណង់ដូ
  វិទ្យុសំបុក​ឃ្មុំ
  វិទ្យុអាស៊ីសេរី
© រក្សាសិទ្ធិដោយ thmeythmey.com