ជាតិ
សហភាព​អឺរ៉ុប​រំពឹងថា មេបក្ស​ប្រឆាំង​នឹងត្រូវ​ដោះលែង
04, Sep 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ជុំវិញ​ការចាប់ខ្លួន ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ សហភាព​អឺរ៉ុប បាន​អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា ទាំង​មាន​អភ័យឯកសិទ្ធិសភា​បែបនេះ គឺ​បង្ហាញ​ឲ្យ​ឃើញថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា រឹត​តែមាន​គ្រោះថ្នាក់​ជាមុន​។



​ដោយ​សំអាង​លើ​អភ័យឯកសិទ្ធិសភា ឯកឧត្តម កឹម សុខា គួរតែ​ត្រូវបាន​ដោះលែង ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ នេះ​ជាការ​រំពឹង​របស់​សហ​ភាព​អឺរ៉ុប ក្នុង​សេចក្តីថ្លែងការណ៍​ស្តីពី​ការវិវត្តន៍​ទាក់ទង​នឹង​ការ​រឹតត្បិត​លំហ​នយោបាយ​នៅ​កម្ពុជា​។​

​តាមរយៈ​អ្នកនាំពាក្យ​របស់ខ្លួន សហភាព​អឺរ៉ុប​បានសរសេរថា​៖ «​ដោយ​សំអាង​លើ​អភ័យឯកសិទ្ធិសភា យើង​រំពឹងថា អាជ្ញាធរ​នឹង​ដោះលែង​ឯកឧត្តម កឹម សុខា ជាបន្ទាន់​»​។​

​ក្រៅពី​សហភាព​អឺរ៉ុប ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ដែរ ចំពោះ​ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា​។ តាមរយៈ​សេចក្តីថ្លែងការណ៍ ស្ថានទូត​សហរដ្ឋអាមេរិក បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បន្ទាប់ពី​ឯកឧត្តម កឹម សុខា ត្រូវបាន​ចាប់ខ្លួន​។

​ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា​បាន​លើកឡើងថា ឯកឧត្តម កឹម សុខា ស្ថិតក្នុង​ការសង្ស័យថា ឃុបឃិត​ជាមួយ​បរទេស ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេសជាតិ​។ រដ្ឋាភិបាល បានចាត់ទុក អំពើ​បែបនេះ ថា​ជា​អំពើ​ក្បត់ជាតិ​។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល បានស្នើ​ដល់​បណ្តា​ប្រទេស​និង​សហគមន៍​អន្តរជាតិ​នានា កុំ​ឲ្យ​លូកដៃ​ចូល​ផ្ទៃក្នុង​កម្ពុជា ខណៈ​តុលាការ កំពុង​ចាត់ការ​លើ​ឯកឧត្តម កឹម សុខា​៕


Tag:
 កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com