អន្តរជាតិ
ត្រាំ ព្រមាន​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​រាល់​ប្រទេស​ធ្វើ​ជំនួញ​ជាមួយ​កូរ៉េខាងជើង​
04, Sep 2017 , 5:41 pm        
រូបភាព
​ក្រោយ​កូរ៉េខាងជើង​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​ប្រាំមួយ ប្រធានាធិបតី​អាមេរិក បានប្រកាសថា អាមេរិក​ពិចារណា​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋ​ទាំងឡាយ​ដែល​ធ្វើ​ជំនួញ​ជាមួយ​កូរ៉េខាងជើង​។ វា​ជា​វិធានការ​ថ្មី​ដែល​អាមេរិក​ចង់​ប្រើ​ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង​ព្រោះ​វា​នឹង​ផ្តាច់​ចរន្ត​លុយ​គាំទ្រ​របប​ដឹកនាំ​រដ្ឋ​ឯកោ​នេះ​។​



​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​បណ្តា​ប្រទេស​ដែលមាន​ជំនួញ​ជាមួយ​កូរ៉េខាងជើង​ឲ្យ​ដកខ្លួន​ឲ្យ​ឆ្ងាយ​ឈប់​រកស៊ី​ជាមួយ​ប្រទេស​នេះ បើ​មិន​ចង់​ខាតបង់​ប្រយោជន៍​។ លោក​បាន​សង្កត់ធ្ងន់ថា ការ​កាត់​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ទាំងស្រុង​ជាមួយ​ប្រទេស​ហ៊ាន​រកស៊ី​ជាមួយ​កូរ៉េខាងជើង​ជា​ចំណាត់ការ​អាមេរិក​កំពុង​ពិចារណា​។​

​លោក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ក្នុង​គណនី Twitter ផ្លូវការ​របស់ខ្លួន​ថា​៖«​បន្ថែម​លើ​វិធានការ​ផ្សេងទៀត អាមេរិក​កំពុង​ពិចារណា​ឈប់​ធ្វើ​ពាណិជ្ជកម្ម​ទាំងស្រុង​ជាមួយ​បណ្តា​រដ្ឋ​ទាំងឡាយណា​ដែលមាន​ជំនួញ​ជាមួយ​កូរ៉េខាងជើង​»​។​

​ការ​កាត់​ផ្តាច់ចំណង​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​រដ្ឋ​ដែលមាន​ជំនួញ​ជាមួយ​កូរ៉េខាងជើង​ជា​វិធានការ​មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់ផ្តាច់​ចរន្ត​ហិរញ្ញវត្ថុ​ដែល​កូរ៉េខាងជើង​មាន​។  ប៉ុន្តែ​គេ​មិនទាន់​ដឹង​ច្បាស់​ថា វិធានការ​នេះ​នឹងត្រូវ​អនុវត្ត​នៅពេលណា​ឡើយ ដ្បិតថា មន្ត្រីជាន់ខ្ពស់​អាមេរិក​ធ្លាប់​លើកឡើង​ពី​បញ្ហា​នេះដែរ​កន្លងមក​។

​ដោយឡែក​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាមេរិក Steven Mnuchin បាន​ថ្លែង​នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​ថា ក្រសួង​លោក​កំពុង​រៀបចំ​វិធាន​ការដែល​អាចដាក់​ចេញ​ដើម្បី​កាត់ផ្តាច់​ប្រភព​ចំណូល​និង​ចរន្ត​សេដ្ឋកិច្ច​របស់​ក្រុង​ព្យុងយ៉ាង​ផង​។​

​សារព័ត៌មាន Fox News បាន​ស្រង់​សម្តី​លោក​ដូច្នេះ​ថា​៖« ខ្ញុំ​នឹង​ព្រាង​កញ្ចប់​ទណ្ឌកម្ម​ថ្មី និង​បញ្ជូន​ទៅកាន់​ប្រធានាធិបតី​ឲ្យ​លោក​ពិចារណា ហើយ​អ្នក​ដែល​ចង់​ធ្វើ​ជំនួញ​ជាមួយ​កូរ៉េខាងជើង​នឹងត្រូវ​អស់​ឱកាស​ធ្វើ​ជំនួញ​និង​ពាណិជ្ជកម្ម​ជាមួយ​យើង​ដូចគ្នា​»​។​

​គេ​ដឹង​ច្បាស់​ថា អ​ម្រែ​ក​ទណ្ឌកម្ម​ប្រឆាំង​អ្នកធ្វើ​ជំនួញ​ជាមួយ​កូរ៉េខាងជើង​ដែល​អាមេរិក​ត្រៀម​ដាក់ចេញ​នេះ​នឹង​ធ្លាក់​ទៅលើ​ក្រុង​ប៉េកាំង​ដែលជា​ខ្នងបង្អែក​ការទូត និង​សេដ្ឋកិច្ច​ដ៏​ចម្បង​របស់​ក្រុង​ព្យុងយ៉ាង​។

​សូមបញ្ជាក់ថា ការពិចារណា​ដាក់ទណ្ឌកម្ម​ដោយ​កាត់ផ្តាច់​ចំណង​ពាណិជ្ជកម្ម​ជាមួយ​រាល់​ប្រទេស​ដែល​ធ្វើ​ជំនួញ​ជាមួយ​កូរ៉េខាងជើង​នេះ​ធ្វើឡើង​ក្រោយ​ពេលដែល​កូរ៉េខាងជើង​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​ប្រាំមួយ​។​អ្វីដែល​សំខាន់ កូរ៉េខាងជើង​ក៏បាន​ប្រកាសថា​ខ្លួន​ជោគជ័យ​ក្នុងការ​បំពាក់​ក្បាល​គ្រាប់​អ៊ីដ្រូសែន​លើ​កាំជ្រួច​បាលី​ស្ទីក​ឆ្លង​ទ្វីប​ថែមទៀត​ដែលជា​ក្តីបារម្ភ​ធំ​បំផុត​របស់​សហគមន៍​អន្តរជាតិ​ជាពិសេស​អាមេរិក​និង​សម្ព័ន្ធមិត្ត​ជប៉ុន និង​កូរ៉េខាងត្បូង​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  អាមេរិក​
  កូរ៉េខាងជើង​
  Steven Mnuchin
© រក្សាសិទ្ធិដោយ thmeythmey.com