កីឡាជាតិ
ជាតិ
វឌ្ឍនាកា និង សុខ​ផេង ថា ក្រុម​អ្នកគាំទ្រ​ជា​ចំណែក​ដែល​ធ្វើ​ឲ្យ​ការប្រកួត​ដំណើរការ​ទៅ​រលូន​
05, Sep 2017 , 3:32 pm        
រូបភាព
ដោយ:
​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និង កែវ សុខ​ផេង ស្នើ​ឲ្យ​អ្នកគាំទ្រ​ត្រូវ​រក្សា​របៀបរៀបរយ និង​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ​ក្នុងអំឡុងពេល​មក​ទស្ស​នា​ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយ​ក្រុម​វៀតណាម​ក្នុង​វគ្គ​ជម្រុះ​ប្រចាំ​ពូ​ល C នៃ​ពានរង្វាន់ AFC Asian Cup UAE 2019 នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៥ ខែកញ្ញា នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ទន្ទឹមនឹងនេះ កីឡាករ​ទាំងពីរ​ក៏បាន​ស្នើ​ឲ្យ​អ្នកគាំទ្រ​ជៀសវាង​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​បាល់ទាត់​កម្ពុជា​ថែម​ទៀតផង​។



«​ខ្ញុំ​សង្កេតឃើញ​អ្នកគាំទ្រ​នៅតែមាន​ចំនួន​ច្រើន​កុះករ ក៏ប៉ុន្តែ​នៅតែមាន​ការប៉ះទង្គិច​គ្នា​តិចតួច​។ អាស្រ័យហេតុនេះ ខ្ញុំ​សុំ​ស្នើ​ដល់​ពួកគាត់​មក​គាំទ្រ​បាល់ទាត់​កម្ពុជា​ទាំងអស់គ្នា ហើយ​កុំ​ឲ្យ​មានការ​ប៉ះទង្គិច​ដូច​លើក​មុនៗ ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រទេសជាតិ និង​ជះឥទ្ធិពល​អាក្រក់​ដល់​បាល់ទាត់​កម្ពុជា​»​។ នេះ​ជាការ​ស្នើសុំ​ចិត្ត​អ្នកគាំទ្រ​របស់​កីឡាករ ចាន់ វឌ្ឍនាកា ដែល​តែងតែ​បង្ក​ភាពអនាធិបតេយ្យ​ក្នុងអំឡុងពេល​មក​គាំទ្រ​ការប្រកួត​បាល់ទាត់​លក្ខ​ណ​អន្តរជាតិ​។

​មិន​ខុសគ្នា​ពី វឌ្ឍនាកា នោះទេ​កីឡាករ កែវ សុខ​ផេង ក៏​ស្នើ​ឲ្យ​អ្នកគាំទ្រ​ដែល​តែងតែ​បង្ក​ការប៉ះទង្គិច ពេល​មក​គាំទ្រ​ការប្រកួត​នៅ​ល្ងាច​នេះ​ត្រូវ​ធ្វើខ្លួន​ឲ្យ​សមជា​អ្នកគាំទ្រ​បាល់​ទាំងអស់គ្នា​។ «​ខ្ញុំ​សំណូមពរ​ដល់​អ្នកគាំទ្រ​ជួយ​លើកទឹកចិត្ត និង​គាំទ្រ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​បាន​ច្រើន​កុះករ​ទាំងអស់គ្នា​។ ជាពិសេស​នៅថ្ងៃនេះ ខ្ញុំ​សុំ​ស្នើ​ដល់​អ្នកគាំទ្រ​ត្រូវ​រក្សា​សណ្តាប់​ឲ្យ​បានល្អ និង​ធ្វើខ្លួន​ជា​អ្នកគាំទ្រ​ឲ្យ​ពិតប្រាកដ កុំ​ឈ្លោះប្រកែក​គ្នា ពោលគឺ​ត្រូវ​ខ្លួន​ឲ្យ​ស័ក្តិ​សមជា​ម្ចាស់ផ្ទះ​»​។

​ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​វៀតណាម​នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៥ ខែកញ្ញា នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​ប្រចាំ​ពូ​ល C នៃ​ព្រឹត្តិការណ៍ AFC Asian Cup UAE 2019​។ បើតាម​ប្រ​វ​តិ្ត​នៃ​ការជួបគ្នា​កន្លងមក កម្ពុជា​មិនដែល​ស្គាល់​ជ័យជម្នះ​នោះឡើយ​។ តើ​នៅ​ល្ងាច​នេះ​លោក Leonardo Vitorino អាច​កែប្រែ​ប្រវត្តិសាស្ត្រ​ដ៏​អាក្រក់​នេះ​បាន​ឬ​យ៉ាងណា​? 


Tag:
 បាល់ទាត់​
  កែវ សុខ​ផេង​
  ចាន់ វឌ្ឍនាកា​
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com