អន្តរជាតិ
មេដឹកនាំ​របប​សឹក​ថៃ​៖ លោកស្រី យី​ង​ឡាក់ អាច​ជិះឡាន​សំដៅ​ព្រំដែន​ថៃ​-​កម្ពុជា ពេល​គេចខ្លួន​
08, Sep 2017 , 5:13 pm        
រូបភាព
អតីតនាយករដ្ឋមន្រ្តីថៃ យីងឡាក់ ស៊ីណាវ៉ាត់ ស្វាគមន៍អ្នកគាំទ្រនៅខាងមុខតុលាការ (រូបភាព៖ Xinhua)
អតីតនាយករដ្ឋមន្រ្តីថៃ យីងឡាក់ ស៊ីណាវ៉ាត់ ស្វាគមន៍អ្នកគាំទ្រនៅខាងមុខតុលាការ (រូបភាព៖ Xinhua)
​ករណី​រត់គេចខ្លួនរ​បស់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាលយោធា​ថៃ​ឈឺក្បាល​ខ្លាំង ព្រោះ​តែមាន​ពាក្យ​រិះគន់ថា មន្ត្រី​របប​សឹក​នាំ​ជួយ​លោកស្រី យី​ង​ឡាក់ ដោយ​សម្ងាត់​។ មកទល់​ពេល គេ​នៅតែ​មិនទាន់​ដឹង​ពី​កន្លែង​លាក់ខ្លួន​របស់​អតីត​នាយករដ្ឋមន្ត្រី​នៅឡើយ ប៉ុន្តែ​មេដឹកនាំ​របប​សឹក​ថៃ​និយាយថា លោកស្រី យី​ង​ឡាក់ អាច​រត់​ទៅកាន់​ព្រំដែន​ថៃ​និង​កម្ពុជា​ក្នុង​ខេត្ត​ស្រះកែវ ដោយ​ធ្វើដំណើរ​ក្នុង​ឡាន Mercedes មួយគ្រឿង​។​



​ឧបនាយករដ្ឋមន្ត្រី​ថៃ ប្រា​វីត វង្ស​សុណ្ណ នៅ​ថ្ងៃទី​៨ ខែកញ្ញា បានផ្ដល់​ព័ត៌មាន​ថ្មី​ទាក់ទង​ការ​គេចខ្លួន​របស់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ។ បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក ប្រា​វីត និយាយថា កាមេរ៉ា​សុវត្ថិភាព​របស់​បន្ទាយ​ទាហាន​បាន​ថត​ជាប់​រថយន្ត Mercedes មួយគ្រឿង​ដែល​គេ​ជឿថា​ដឹក​លោកស្រី យី​ង​ឡាក់ ក្នុង​ខេត្ត​ស្រះកែវ ដែលមាន​ព្រំប្រទល់​ជាប់​កម្ពុជា ប៉ុន្តែ​ឡាន​ដដែល​នេះ​មិនត្រូវ​បាន​ថត​ជាប់​ក្នុង​កាមេរ៉ា​នៅ​កន្លែង​ង​ត្រួតពិនិត្យ​នៅឯ​ព្រំដែន​ទេ​។​

​នេះ​ជា​លើកទីមួយ​ដែល​មេដឹកនាំ​របប​យោធា​ថៃ​បញ្ជាក់​ពី​ការ​ដំណើរ​គេចខ្លួន​របស់លោក​ស្រី យី​ង​ឡាក់ ។ មធ្យោបាយ​គេចខ្លួន​របស់​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ នៅតែ​ជា​ប្រធានបទ​ក្ដៅ ព្រោះតែ​មានការ​អះអាង​ផ្សេង​ពីគ្នា​។ ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​បក្ស​ភឿ​ថៃ បាន​អះអាងថា លោកស្រី យី​ង​ឡាក់ ទំនងជា​បានធ្វើ​ដំណើរ​តាមផ្លូវ​គោក ឬក៏​ផ្លូវទឹក​ទៅកាន់​កម្ពុជា មុននឹង​បន្តដំណើរ​ទៅកាន់​សិង្ហ​បុរី និង​ក្រុង​ឌូ​បៃ​ជា​ចុងក្រោយ​។ ប៉ុន្តែ​មន្ត្រី​យោធា​និយាយថា លោកស្រី​បាន​ចាកចេញ​តាមផ្លូវ​អាកាស​ទៅវិញ​។​

​យ៉ាងណាក្ដី រដ្ឋាភិបាល​ក្រុងភ្នំពេញ​បាន​ទាត់ចោល​ពាក្យ​ចចាមអារ៉ាម​ទាំងឡាយ​ដែលថា លោកស្រី យី​ង​ឡាក់ ប្រើប្រាស់​កម្ពុជា​ដើម្បី​គេចខ្លួន​ទៅកាន់​ប្រទេស​ផ្សេង​។ រដ្ឋាភិបាលយោធា​ថៃ រង​ការរិះគន់​យ៉ាងខ្លាំង​លើ​បញ្ហា​នេះ ដោយ​ក្រុម​អ្នក​រិះគន់​បង្ហាញ​ការងឿងឆ្ងល់​ថា ហេតុអ្វី​លោកស្រី យី​ង​ឡាក់ អាច​រត់​គច​ខ្លួន​បាន​យ៉ាង​ស្រួល ខណៈដែល​សកម្មភាព​លោកស្រី​ត្រូវបាន​ក្រុម​យោធា​តាមដាន​គ្រប់​វិនាទី​នោះ​។​

​នៅមុននេះ ឧ​ត្ត​ម​សេនីយ៍​ប្រា​វីត ដែលជា​រដ្ឋមន្ត្រី​ការពារជាតិ​ផង​នោះ បាន​សន្យាថា លោក​នឹង​ចាត់វិធានការ​ផ្នែក​ច្បាប់​ប្រឆាំងនឹង​ជន​ទាំងឡាយណា ដែល​បាន​អន្តរាគមន៍​ដល់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ឲ្យ​ចេញពី​ប្រទេស​។ យ៉ាងណាមិញ ប្រមុខ​ការពារជាតិ​ថៃ​រូបនេះ ក៏​នៅតែ​មិនទាន់​បានដឹង​ច្បាស់​ថា លោកស្រី យី​ង​ឡាក់ នៅទីណា​ឲ្យ​ប្រាកដ ហើយ​អ្នកណា​ជា​អ្នក​សម្រួល​មធ្យោបាយ​ដល់​លោកស្រី​ឡើយ​។

​សូម​រម្លឹក​ដែរ​ថា អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ត្រូវបាន​ជាប់ចោទ​ពីបទ​ធ្វេសប្រហែស​ក្នុងពេល​ដឹកនាំ​រដ្ឋាភិបាល ដែល​បាន​បណ្តាល​ឲ្យ​បាត់បង់​ថវិកាជាតិ​រាប់លាន​ដុល្លារ ។ លោកស្រី បាន​អវត្តមាន​ក្នុង​ថ្ងៃ​ប្រកាស​សាលដីការ​សំណុំរឿង​របស់លោក​ស្រី ដែល​បាន​ប្រព្រឹត្តឡើង​នៅ​ចុងខែ​មុន​។ គេ​ជឿថា លោកស្រី​បាន​ទៅដល់​ទីក្រុង​ឌូ​បៃ​បាត់​ហើយ ដើម្បី​ជួបជុំ​ជាមួយ​បងប្រុស គឺ​អ​តី​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ទីនោះ​៕


Tag:
 ​ថៃ​
  យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​
  ប្រា​វីត វង្ស​សុវណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com