ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឡុង យូ​ផេង ប្រាប់​ពី​របៀប​ដាក់​អាហារូបករណ៍ Chevening
09, Sep 2017 , 10:51 am        
រូបភាព
ដោយ:
​លោក​ឡុង យូ​ផេង ជា​មន្ត្រីការទូត​សាធារណៈ​នៃ​ស្ថានទូត​ប្រទេស​អង់គ្លេស​ប្រចាំ​កម្ពុជា បាន​ប្រាប់​កាសែត​ថ្មីៗ​ថា អាហារូបករណ៍ Chevening ជា​អាហារូបករណ៍ ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​ចក្រភព​អង់គ្លេស ទៅដល់​ប្រទេស​នានា​នៅលើ​សាកលលោក តាំងពី​ឆ្នាំ​១៩៨៣​មក​។  អាហារូបករណ៍​នេះ មាន​រយៈពេល​១​ឆ្នាំ និង​ផ្តល់​សម្រាប់តែ​ថ្នាក់អនុបណ្ឌិត​ប៉ុណ្ណោះ ។ បេក្ខជន​កម្ពុជា ដែលមាន​បំណង ដាក់​អាហារូបករណ៍ Chevening ត្រូវមាន​សញ្ជាតិ​ខ្មែរ និង​មាន​សញ្ញា​បរិញ្ញាបត្រ​។ ក្រៅពីនេះ បេក្ខជន ត្រូវមាន​ពិន្ទុ IELTS ចាប់ពី​៦.៥ ឡើងទៅ ឬ​ពិន្ទុ​TOEFL និង​តម្រូវ​ឲ្យ​បទ​ន​បទពិសោធន៍​ការងារ ឬ​ធ្លាប់ធ្វើ​ការស្ម័គ្រចិត្ត​យ៉ាងតិច​២​ឆ្នាំ​។  បេក្ខជន ត្រូវដាក់​ពាក្យស្នើសុំ​អាហារូបករណ៍​ទៅ​សាកលវិទ្យាល័យ​៣​ផ្សេងគ្នា​នៅ​អង់គ្លេស និង​មានការ​យល់ព្រម​ពី​សាកលវិទ្យាល័យ​មួយ ក្នុងចំណោម​នោះ​។​



​ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ ស្តាប់ និង​អាន បទ​សម្ភាស​ខាងក្រោម​នេះ រវាង លោក ទីន សុខ​លីម អ្នកកាសែត​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង លោក​ឡុង យូ​ផេង មន្ត្រីការទូត​សាធារណៈ​នៃ​ស្ថានទូត​ប្រទេស​អង់គ្លេស ដូចតទៅ​៖




​លោក ទីន សុខ​លីម​៖ តើ​អាហារូបករណ៍ Chevening គឺជា​អ្វី​?

​លោក ឡុង យូ​ផេង​៖ អាហារូបករណ៍ Chevening គឺជា​អាហារូបករណ៍ ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​ចក្រភព​អង់គ្លេស តាមរយៈ​ក្រសួងការបរទេស​អង់គ្លេស ទៅដល់​ប្រទេស​នានា​នៅលើ​សាកលលោក តាំងពី​ឆ្នាំ​១៩៨៣​មក​។ អាហារូបករណ៍​នេះ ផ្តល់​សម្រាប់តែ​ថ្នាក់អនុបណ្ឌិត និង​មាន​រយៈពេល​សិក្សា​មួយឆ្នាំ នៅ​ចក្រភព​អង់គ្លេស​។



​លោក ទីន សុខ​លីម​៖ តើ​និស្សិត​ត្រូវបំពេញ​លក្ខខណ្ឌ​អ្វីខ្លះ សម្រាប់​ទទួលបាន​អាហារូបករណ៍​នេះ​?

​លោក ឡុង យូ​ផេង​៖ លក្ខខណ្ឌ​សម្រាប់​ប្រទេស​កម្ពុជា បេក្ខជន​ត្រូវតែមាន​សញ្ជាតិ​ខ្មែរ និង​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ដោយ​ជោគជ័យ​។  មួយទៀត បេក្ខជន​ត្រូវមាន​បទពិសោធន៍​ការងារ ឬ​ធ្លាប់ធ្វើ​ការងារ​ស្ម័គ្រចិត្ត យ៉ាងហោច​២​ឆ្នាំ​។ បន្ថែម​ពីនេះ​បេក្ខជន​ត្រូវដាក់​ពាក្យ ទៅ​សាកលវិទ្យាល័យ​ផ្សេងៗ​គ្នា​ចំនួន​៣ នៅ​ប្រទេស​អង់គ្លេស ហើយ​មានការ​យល់ព្រម​ពី​សាកលវិទ្យាល័យ​មួយ ក្នុងចំណោម​សាកលវិទ្យាល័យ​ទាំង​៣ ។ លើសពីនេះ បេក្ខជន​ត្រូវមាន​ពិន្ទុ IELTS ចាប់ពី​៦.៥ ឡើងទៅ ឬក៏​អាចមាន​ពិន្ទុ​អង់គ្លេស​ផ្សេងទៀត​ដូចជា TOEFL មក​ជំនួស​ក៏បាន​។​



​លោក ទីន សុខ​លីម​៖ តើ​លោក យូ​ផេង អាច​បញ្ជាក់​បានទេ ពី​របៀប​ដាក់ពាក្យ​ទៅ​សាកលវិទ្យាល័យ​ចំនួន​៣​ផ្សេងៗ នៅ​ចក្រភព​អង់គ្លេស​?

​លោក ឡុង យូ​ផេង​៖ ជា​លក្ខខណ្ឌ​តម្រូវ នៅពេលដែល​បេក្ខជន​ដាក់ពាក្យ​អាហារូបករណ៍​នេះ នៅក្នុង​ទម្រង់​ពាក្យ​អន​ឡាញ Chevening គេ​តម្រូវ​ឲ្យ​យើង​ដាក់ពាក្យ​ជ្រើសរើស​សាលា​ចំនួន​៣ និងមុខ​ជំនាញ​បី​៣​ដែល​ខ្លួន​ចង់ទៅ​រៀន ដែល​ជំនាញ​សិក្សា​ទាំងនោះ​អាច​ដូចគ្នា ស្រដៀង​គ្នា ។ សម្រាប់​នីតិវិធី គឺ​វា​ខុសគ្នា​ទៅតាម​សាលា​នីមួយៗ​។ យើង​ដឹង​ដោយ​មើល​ទៅលើ​គេហទំព័រ​សាលា​នីមួយៗ ដើម្បី​ស្វែងយល់ថា តើ​សាលា​ដែល​យើង​ដាក់​នោះ មាន​លក្ខខណ្ឌ​អ្វីខ្លះ​? ជាទូទៅ​សាលា​តម្រូវ​ឲ្យ​ប​ញ្ចូ​នស​ញ្ញា   ប​ត្រ​បរិញ្ញាបត្រ ព្រឹត្តិបត្រ​ពិន្ទុ និង​កម្រិត​ភាសា​អង់គ្លេស ក៏ដូចជា​សំណេរ​មួយចំនួន​។ ឧទាហរណ៍​ថា ហេតុអ្វី​បានជា​យើង​ចង់ទៅ​រៀន​នៅ​សាលា​នេះ​? រៀន​ជំនាញ​នេះ​? ផែនការ​សិក្សា​យ៉ាងដូចម្តេច​? អ៊ីចឹង​លក្ខខណ្ឌ​តម្រូវ​ជាក់លាក់ ទាល់តែ​យើង​មើល​ព័ត៌មាន​របស់​សាលា​ទាំងអស់នោះ​។

​លោក ទីន សុខ​លីម​៖ តើ​បេក្ខជន​ជ័យលាភី នឹង​ទទួលបាន​ការឧបត្ថម្ភ​អ្វីខ្លះ​?

​លោក ឡុង យូ​ផេង​៖ ទាក់ទង​នឹង​អាហារូបករណ៍​នេះដែរ គឺ​យើង​ឧបត្ថម្ភ​ទាំងស្រុង សំបុត្រ​យន្តហោះ​ធ្វើដំណើរទៅ និង​មកថ្លៃសិក្សានៅ​សាកលវិទ្យាល័យ ដែល​បេក្ខជន​ទៅ​សិក្សា ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ថ្លៃ​ធ្វើដំណើរ​នៅក្នុង​ប្រទេស​សម្រាប់​ចូលរួម​កម្មវិធី របស់ Chevening កញ្ចប់ថវិកាសម្រាប់ការមកដល់និងចាកចេញពីអង់គ្លេស ការចំណាយទៅលើការដាក់ពាក្យសុំទិដ្ឋការ​(Visa)​ និងការធ្វើតេស្ត៍ពិនិត្យសុខភាព (TB Testing)។​



​លោក ទីន សុខ​លីម​៖ តើ​អាហារូបករណ៍ Chevening ផ្តល់​អាហារូបករណ៍​ផ្តោតទៅលើ​វិស័យ​អ្វីខ្លះ​?

​លោក ឡុង យូ​ផេង​៖ ជារួម​អាហារូបករណ៍​នេះ មិនបាន​កម្រិត រឹត​ដ្បិត​សម្រាប់​វិជ្ជា​ណា​នោះទេ គឺ​យើង បើក​សម្រាប់​បេក្ខជន​ដែល​ចង់​បន្ត​ការសិក្សា​នៅ​អង់គ្លេស ទៅលើ​គ្រប់​មុខជំនាញ​ទាំងអស់​។ យើង​ក៏​សូមបញ្ជាក់​ដែរ ដោយសារ​យើង​ឃើញ​តម្រូវការ​ទីផ្សារ យើង​ក៏បាន​លើកទឹកចិត្ត​និស្សិត ដែល​ចាប់អារម្មណ៍​រៀន​មុខ​វិជ្ជា​ផ្នែក STEM មានដូចជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វក​កម្ម និង​គណិតវិទ្យា​។ អ៊ីចឹង គឺ​យើង​លើកទឹកចិត្ត​ខ្លាំង ដល់​និស្សិត​ដែល​ជ្រើសរើស​ជំនាញ​ទាំងអស់នេះ ប៉ុន្តែ​ម្តងទៀត យើង​បើកចំហ​សម្រាប់​គ្រប់មុខជំនាញ​។

​លោក ទីន សុខ​លីម​៖ អាហារូបករណ៍​Chevening បានចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៩៣​មកម្ល៉េះ​។  និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍ កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ហេតុអ្វី​បានជា​មាន​កំណើន​នេះ​? តើ​រហូតមក​ដល់ពេលនេះ មាន​និស្សិត​កម្ពុជា​ប៉ុន្មាន​នាក់ ដែល​ទទួលបាន​អាហារូបករណ៍​នេះ​?

​លោក ឡុង យូ​ផេង​៖ បើ​យើង​គិត​តាំងពី​ឆ្នាំ​១៩៩៣​មក យើង​បា​នប​ញ្ចូ​ន​និស្សិត​កម្ពុជា ទៅ​បន្ត​ការសិក្សា​នៅ​ចក្រភព​អង់គ្លេស ចំនួន​១១៦​នាក់​។ សម្រាប់​ឆ្នាំនេះ យើង​បា​នប​ញ្ចូ​ន​និស្សិត​២០​នាក់​បន្ថែមទៀត ឲ្យ​ទៅ​បន្ត​ការសិក្សា​នៅ​ចក្រភព​អង់គ្លេស​។ នេះ​គឺជា​ចំនួន​ដ៏​ច្រើន​។ ខ្ញុំ​ចាំបាន​ថា កាលពី​ឆ្នាំ​២០១៤ គឺ​មានតែ​និស្សិត​ចំនួន​៤​រូប​ទេ ដែល​ត្រូវបាន​ប​ញ្ចូ​ន​ចេញទៅ ប៉ុន្តែ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ក្រោម​ការខិតខំ​ប្រឹងប្រែង​របស់​ស្ថានទូត ក៏ដូចជា​ចក្ខុវិស័យ​រួម​របស់​Chevening និង​រដ្ឋាភិបាល​អង់គ្លេស ព្យាយាម​បង្កើន​ចំនួន​អាហារូបករណ៍​នេះ ដល់​និស្សិត​ទូទាំង​ពិភពលោក ដែល​ក្នុងនោះ ក៏មាន​កម្ពុជា​ដែរ​។ និស្សិត​កម្ពុជា កើនឡើង​ពី​៤​នាក់​នៅ​ឆ្នាំ​២០១៤ ដល់​១៦​នាក់ ក្នុង​ឆ្នាំ​២០១៥ និង​កើន​ដល់​២០​នាក់ នៅ​ឆ្នាំ​២០១៦ និង​២០១៧​។ ហើយ​នៅ​ឆ្នាំក្រោយ ក៏​មិនតិចជាង​ឆ្នាំ​នេះដែរ​។



​លោក ទីន សុខ​លីម​៖ ជា​សំណួរ​ចុងក្រោយ អ្វី​ជាការ​រំពឹងទុក​របស់​រាជរដ្ឋាភិបាល​អង់គ្លេស ពី​និស្សិត​កម្ពុជា ដែល​ទទួលបាន​អាហា​រូបកណ៍​Chevening ?

​លោក ឡុង យូ​ផេង​៖ យើង​សង្ឃឹមថា តាមរយៈ​បទពិសោធន៍ និង​ចំណេះដឹង ដែល​និស្សិត​ទទួលបាន នៅពេល​សិក្សា​នៅ​ចក្រភព​អង់គ្លេស​នោះ ពួគគាត់​នឹង​ពាំនាំ​គំនិត ចំណេះដឹង និង​បទពិសោធន៍​ទាំងអស់​នោះមក​ចូលរួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា លើ​គ្រប់​វិស័យ​។ នេះ​ជា​អ្វីដែល​យើង​ចង់បាន​សំខាន់បំផុត​ដោយសារ​ថា ក្នុងនាម​ជា​មិត្ត​របស់​កម្ពុជា គឺ​ខាង​រដ្ឋាភិបាល​អង់គ្លេស មានការ​តាំងចិត្ត​ខ្ពស់ ក្នុងការ​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ អភិវឌ្ឍន៍​ធនធានមនុស្ស និង​ចុងបញ្ចប់ ចង់ឃើញ​ប្រទេស​កម្ពុជា រីកចម្រើន​លូតលាស់​។  នេះ​ជា​អ្វីដែល​យើង​ចង់បាន បន្ទាប់ពី​ពួកគាត់​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​៕


Tag:
 ឡុង យូ​ផេង​
 ​ អាហារូបករណ៍​
  Chevening
© រក្សាសិទ្ធិដោយ thmeythmey.com