ជាតិ
មុនពេល​ចាកចេញ​ពី​ភ្នំពេញ លោក​លី ធា​ម​តេង បាន​សរសេរ​លិខិត​ផ្តាំ​ឲ្យ​អង្គការ​ថែរក្សា ឯកសារ​របស់លោក​ឲ្យ​បានល្អ​
09, Sep 2017 , 9:39 pm        
រូបភាព
ដោយ:
​មានប្រសាសន៍ប្រាប់​សារព័ត៌មាន​ថ្មីៗ ទាំង​អាកា​រៈ​អួល​ដើម ក លោកស្រី លី ធី​រៈ បញ្ជាក់ថា ខណៈពេល​ទាហាន​ខ្មែរក្រហម​កំពុង​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​ភ្នំពេញ ដោយ​អាវុធ លោក​លី ធា​ម​តេង ដែល​ត្រៀមខ្លួន​ចាក​ចេញពី​ភ្នំពេញ​ដែរនោះ បាន​ឆ្លៀត​សរសេរ​ពាក្យ​មួយ​ឃ្លា យ៉ាងខ្លី ដាក់​នៅលើ​គំនរ​សៀវភៅ និង​ឯកសារ​របស់លោក ផ្តាំ​ទៅ​បណ្តា​មេដឹកនាំ​ខ្មែរក្រហម ថា សូម​អស់លោក​ថែរក្សា​សៀវភៅ និង​ឯកសារ​ទាំងនេះ ឲ្យ​បានល្អ​ផង ព្រោះ​ឯកសារ​ទាំងនេះ ជា​អាយុជីវិត​របស់​ជាតិ​។​



​លោកស្រី​បន្តថា ឯកសារ​របស់លោក​លី ធា​ម​តេង ដែល​រក្សាទុក​នៅក្នុង​ផ្ទះ​ក្នុងសម័យ​នោះ  គឺ​ប្រៀបបាន​ទៅនឹង​បណ្ណាល័យ​មួយ ព្រោះ​លោក​លី ធា​ម​តេង ជា​មនុស្ស​ស្រលាញ់​សៀវភៅ ស្រលាញ់​ឯកសារ ស្រលាញ់​ការសិក្សា​ស្រាវជ្រាវ និង​ចងក្រង​។

លោកស្រី​ធី​រៈ បញ្ជាក់ថា ចាប់តាំងពី​ទសវត្សរ៍​៥០ រហូតដល់​ខ្មែរក្រហម​ចូលកាន់​កាប់​ភ្នំពេញ លោក​លី ធា​ម​តេង ពុំមាន​ពាក់ព័ន្ធ នឹង​ចលនានយោបាយ​ណាមួយ​ឡើយ ព្រោះ​លោកស្រី ជា​អ្នក​អូសទាញ​មិន​ឲ្យ​លោក​លី ធា​ម​តេង ចូលទៅ​ពាក់ព័ន្ធ​នឹង​នយោបាយ ជាពិសេស កាលពី​លោក​នៅ​បង្រៀន​នៅ​សាលា​ចំរើន​វិជ្ជា ជាមួយ​លោក​ខៀវ សំផន លោក​សា​ឡុ​ត ស ហៅ​ប៉ុល ពត និង​ហ៊ុយ នឹម គឺ​លោកស្រី​បាន​សុំ​ឲ្យ​លោក​ធា​ម​តេង​ឈប់​បង្រៀន ព្រោះ​ការ​ទៅ បង្រៀន​នោះ ធ្វើ​ឲ្យ​គេ​យល់ច្រឡំ​ថា លោក​ធា​ម​តេង  ជា​លោក​ខៀវ​សំផន​។​

​សូម​រំលឹកថា ក្រៅពី​ជា​អ្នក​អក្សរសាស្ត្រ​លោក​លី ធា​ម​តេង ក៏​ជា​តន្ត្រីករ ផ្នែក​ឧបករណ៍​ម៉ុង ដូលី​ន និង​ជា​អ្នក​ផ្តួចផ្តើម​បង្កើត​សមាគម​អ្នកនិពន្ធ​ខ្មែរ​ដំបូង​គេ​នៅ​កម្ពុជា ជាមួយ​លោក​លាង ហាប់​អាន លោក​ហ៊ែ​ល ស៊ុំ​ផា លោក​ម៉ា​ឡា​ខេ​ម និង​ឌឹ​ក​គា​ម លោក​ទ្រិ​ញ វ៉ា​ញ ផងដែរ​។​


© រក្សាសិទ្ធិដោយ thmeythmey.com