អន្តរជាតិ
ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​៖ មិន​ថា «​អ្នកមាន​ឬ​អ្នកក្រ​» បើ​បាន​ប្រព្រឹត្ត​បទល្មើស ត្រូវតែ​ទទួលទោស​
13, Sep 2017 , 8:59 am        
រូបភាព
ដោយ:
​ប្រមុខ​របប​សឹក​ថៃ ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​អះអាងថា រដ្ឋាភិបាល​របស់លោក តែងតែ​យកចិត្តទុកដាក់​លើ​ការការពារ​សិទ្ធិមនុស្ស និង​យុត្តិធម៌​សង្គម ។ លោក​ឧ​ត្ត​ម​សេនីយ៍ បាន​ផ្ញើ​សារ​សាមញ្ញ​មួយ​ទៅកាន់​ពលរដ្ឋ​ខ្លួន ថា មិន​ថា​អ្នកមាន​ឋានៈ​អ្វី​ក៏ដោយ បើ​អ្នកប្រព្រឹត្ត​បទល្មើស គឺ​ត្រូវតែ​មានទោស​ហើយ ។



​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ អូ​ចា នៅ​ថ្ងៃទី​១១ កញ្ញា បាន​ចូលរួម​ថ្លែង​សុន្ទរកថា​នៅក្នុង​ព្រឹត្តិការណ៍​សិទ្ធិមនុស្ស​ថៃ ដែល​រៀបចំឡើង​ដោយ​ក្រសួងយុត្តិធម៌​ថៃ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation ។

​នៅក្នុង​ព្រឹត្តិការណ៍​នេះ លោក​ប្រា​យុទ្ធ បាន​និយាយថា រដ្ឋាភិបាល​របស់លោក តែងតែ​ផ្តល់​តម្លៃ​ខ្ពស់​លើ​វិស័យ​សិទ្ធិមនុស្ស និង​តែងតែ​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់ខ្លួន​បើក​ការស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​លើ​ពាក្យបណ្តឹង និង​បញ្ហា​បទល្មើស​នានា​។

​ប្រមុខ​របប​សឹក​រូបនេះ ក៏បាន​ស្នើ​ប្រជាជន​ទូទៅ​ឲ្យ​ស្វែងយល់​អំពី​ច្បាប់ និង​អនុភាព​ច្បាប់ ។ លោក​សង្កត់ធ្ងន់ថា​៖« មិនមែន​ឲ្យ​តែ​អ្នកក្រ​ប្រព្រឹត្ត​បទល្មើស ហើយ​ពួកគេ ត្រូវ​ជាប់ពន្ធនាគារ ខណៈពេលដែល​អ្នកមាន​ប្រព្រឹត្ត​បទល្មើស មិន​ជាប់ទោស​នោះទេ​។ ការពិត​នោះ​គឺ ពួកក្រុម​អ្នកមាន តែងតែ​គេចខ្លួន​ពី​ការទទួលខុសត្រូវ ដូច្នេះ​ទើប បានជា​យើង​មិនដែល​ឃើញ​ក្រុម​អ្នកមាន​ទាំងនោះ ចូល​ពន្ធនាគារ​។​...»

​ប្រមុខ​របប​សឹក បាន​ពន្យល់​បន្ថែមទៀត​ថា ច្បាប់ មិនមែន​បង្កើត​ដើម្បី​ធ្វើបាប​ជន​ណាមួយ​ឡើយ ក៏ប៉ុន្តែ​ប្រសិនបើ ជន​ណាមួយ ប្រព្រឹត្ត​ខុស ជន​នោះ ត្រូវ​ទទួលខុសត្រូវ​តាមច្បាប់​។

​បើទោះបី​លោកនាយក​រដ្ឋមន្ត្រី​រដ្ឋ​ប្រហារ​រូបនេះ មិនបាន​បញ្ជាក់​ឈ្មោះ​បុគ្គល​ណាមួយ​ពាក់ព័ន្ធ​នឹង​វិស័យ​សិទ្ធិមនុស្ស​ក៏ដោយ សុន្ទរកថា​របស់លោក ត្រូវបាន​មើល​ជា​សារ​មួយ​ប្រយោល​ទៅកាន់​អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា ដែល​កំពុងតែ​រត់គេច​ពី​ការចោទប្រកាន់​របស់​តុលាការ ។​

​លោកស្រី យី​ង​ឡាក់ បាន​អវត្តមាន​នៅក្នុង​សវនាការ​សំណុំរឿង​គោលនយោបាយ​ស្រូវ​អង្ករ​ថៃ​នៅ​ចុង​ខែសីហា​កន្លងទៅ ។ តាមរយៈ​បណ្តឹង​នៅក្នុង​សំណុំ​រឿងនេះ លោកស្រី យី​ង​ឡាក់ ដែល​កំពុងតែ​គេចខ្លួន​ទៅ​រស់នៅ​ក្រៅប្រទេស​នោះ ត្រូវ​ប្រឈម​ទាំង​ទោស​ពន្ធនាគារ និង​សំណង​រដ្ឋប្បវេណី​រាប់លាន​ដុល្លារ បើ​តុលាការ​ថៃ សម្រេច​ចោទប្រកាន់ថា លោកស្រី បាន​ប្រព្រឹត្ត​បទល្មើស​មែន​នោះ​៕


Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com