ជាតិ
សម្តេច ហ៊ុន សែន ប្រាប់​និស្សិត​ខ្មែរ ឲ្យ​ប្រឹងរៀន​ភាសា​ចិន​ព្រោះ​កម្ពុជា មាន​ក្រុមហ៊ុន​ចិន កាន់តែច្រើន​
12, Sep 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រាប់​និស្សិត​ខ្មែរ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន ឲ្យ​ខិតខំ​សិក្សា​ភាសា​ចិន​ឲ្យ​បានច្បាស់លាស់​។ សម្តេច លើកឡើងថា ក្រុមហ៊ុន​ចិន កាន់​ច្រើនឡើងៗ បាន​វិនិយោគ នៅ​កម្ពុជា​។​



​សម្តេច ហ៊ុន សែន បានលើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ខ្មែរ​ជាង​១00​នាក់ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​។ សម្តេច ហ៊ុន សែន ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន បាន​ជួប​ក្រុមនិស្សិត​ទាំងនោះ នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២0១៧ ក្រោយពី​បាន​ចូលរួម​សម្ពោធ​ពន្លា​ជាតិ និង​ទស្សនា​សាល​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​រួច​។

​ព័ត៌មាន​ទាក់ទង​នឹង​ជំនួប​វាង​សម្តេច ហ៊ុន សែន និង​ក្រុមនិស្សិត​ខាងលើ ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន​។ សារ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក បាន​សរសេរ​ដូច្នេះ​ថា​៖«​សម្តេច បានបញ្ជាក់​ផងដែរ​ថា ការខិតខំ​របស់​ក្មួយៗ នឹង​ទទួលផល​នៅខាងមុខ ព្រោះ​មាន​ក្រុម​វិនិយោគ​ចិន​ជាច្រើន បោះទុន​វិនិយោគ​នៅ​កម្ពុជា ហើយ​ត្រូវខិតខំ​សិក្សា​ភាសា​ចិន ឲ្យ​បាន​ជ្រៅជ្រះ​»​។​

​សម្តេច ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ២​ម៉ឺន​ដុល្លារ បូក​ទាំង​ង​ថវិកា​អំណោយ​សភាពាណិជ្ជកម្ម​ក​ម្ពុ​ជា ចំនួន​២​ម៉ឺន​ដុល្លារ​ទៀត ដើម្បី​ទំនុកបម្រុង​ដល់​សកម្មភាព​ការងារ​របស់​ក្រុម​សមាគមនិស្សិត​ប្រចាំ​ប្រទេស​ចិន​។ លើសពីនេះ និស្សិត​ទាំង​១៤២​នាក់ ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​សំណេះសំណាល​នោះ ទទួលបាន​ថវិកា​ចំនួន​៥០០​ដុល្លារ ក្នុង​មា្ន​ក់ៗ ពីស​ម្តេច ហ៊ុន សែន ផងដែរ​៕


Tag:
 ​ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com