ជាតិ
កូន​ក្រពើ​ត្រី​ចំនួន​១០​ក្បាល ដែល​រងគ្រោះ​ជិត​ផុត​ពូជ ត្រូវបាន​ខាង​អភិរក្ស​ថែទាំ មុន​ប្រលែង​ទៅ​ព្រៃ​ធម្មជាតិ​វិញ​
14, Sep 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កូន​ក្រពើ​ត្រី (​ក្រពើ​ព្រៃ​) ចំនួន​១០​ក្បាល ដែលជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក ត្រូវបាន​មន្ត្រី​អភិរក្ស​សត្វព្រៃ យកចិត្តទុកដាក់​ថែទាំ​សុខភាព​របស់​វា​ឲ្យ​ធំធាត់ មុននឹង​ព្រលែង​ឲ្យ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​វិញ​។​



​អ្នក​ថែទាំ​ប្រចាំ​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូ​ន​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា សត្វ​ក្រពើ​ត្រី​ទាំង​១០​ក្បាល​នេះ ត្រូវបាន​ដាក់​ចំណី​ឲ្យ​ស៊ី ដូចជា កូន​ត្រី កូន​កំពឹស និង​កង្កែប​តូចៗ​ជាដើម​។ ហើយ​នៅពេល​ក្រុម​អភិរក្ស កំពុង​តាមដាន​ការលូតលាស់​របស់​ពួកវា​ផងដែរ​។​



​កាលពី​ថ្ងៃទី​២៨ មិថុនា អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) អ្នក​អភិរក្ស​របស់​រដ្ឋបាល​ជលផល និង​ប្រជា​សហគមន៍ បាន​ប្រទះឃើញ​ពងក្រពើ​ត្រី​មួយ​សំបុក ដែលមាន​ពង​ចំ​នួ​១៩​គ្រាប់ នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំពិល ខេត្តកោះកុង ។​

​ក្រពើ​ត្រី ឬ​ក្រពើ​ព្រៃ ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត នៅលើ​សាកលលោក ខណៈ​ចំនួន​របស់​វា​នៅ​បន្ត​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​។ ពួកវា​មាន​រស់នៅ ក្នុងប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី ថៃ និង​វៀតណាម​តែប៉ុណ្ណោះ​។ ចំនួន​របស់​វា​នៅលើ​សាកលលោក​មាន​ប្រមាណ​៤១០​ក្បាល ក្នុងនោះ​សត្វ​ក្រពើ​ត្រី​មាន​ចន្លោះ​ពី​១០០​ក្បាល ទៅ​៣០០​ក្បាល កំពុង​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​នៃ​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដ៏​សំខាន់បំផុត សម្រាប់​ការអភិរក្ស​សត្វ​ក្រពើ​ត្រី​នេះ កុំ​ឲ្យ​បាត់បង់​។ នេះ​បើតាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS)៕












Tag:
 ​ក្រពើ​ត្រី​
  WCS
© រក្សាសិទ្ធិដោយ thmeythmey.com