ជាតិ
អ្នកវិភាគ​៖ កម្ពុជា​កុំ​ទាន់​អាល​ឈ្លោះ​ជាមួយ​មហាអំណាច បើ​មិនទាន់​ពឹង​ខ្លួនឯងបាន​
14, Sep 2017 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកវិភាគ​ថា កម្ពុជា​កុំ​ទាន់​អាល​ឈ្លោះ​ជាមួយ​មហាអំណាច បើ​មិនទាន់​ពឹង​ខ្លួនឯងបាន ។ ផ្ទុយ​ពី​ទស្សនៈ​នេះ រដ្ឋាភិបាល​ថា កម្ពុជា មិន​ពឹងផ្អែក​ទាំងស្រុង​លើ​អាមេរិក​នោះទេ​។ ការលើកឡើង​បែបនេះ​ស្រប​ពេលដែល​រដ្ឋាភិបាល​កម្ពុជា និង​អាមេរិក កំពុង​ប៉ះ​សម្ដី​គ្នា​យ៉ាងខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ជុំវិញ​បញ្ហា​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​



​សម្ដី​ការទូត​ធ្ងន់ៗ​រវាង​កម្ពុជា និង​អាមេរិក បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ។ ការខ្វែងគំនិត​គ្នា​នេះ បានកើត​ឡើង​ក្រោយពី​រដ្ឋាភិបាល​កម្ពុជា ចោទ​អាមេរិក​នៅ​ពីក្រោយ​ខ្នង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រដ្ឋាភិបាល ហៅថា អំពើ​ក្ប​ត​ជាតិ ក្នុង​គោលបំណង​ចង់​ផ្ដួលរំលំ និង​បង្ក​អសន្តិសុខ​ក្នុងប្រទេស​។ ការចោទប្រកាន់​នេះ បានធ្វើ​ឲ្យ​អាមេរិក មិន​សប្បាយចិត្ត​ឡើយ​។ អាមេរិក​ចាត់ទុក​ការ​ចោទ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា មកលើ​ខ្លួន​ថា គ្មាន​ភស្តុតាង​ច្បាស់លាស់ ។

​តាមរយៈ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក William Heidt ក៏បាន​ព្រលយ​ភាសា​ការទូត​ថា សម្ដី​រដ្ឋាភិបាល​កម្ពុជា ប្រឆាំង​អាមេរិក បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​អាមេរិក និង​លោកខាងលិច លែងមាន​អារម្មណ៍​កក់ក្តៅ​នៅក្នុង​ប្រទេស​កម្ពុជា​។ ត្រង់ចំណុច​នេះ អ្នកវិភាគ យល់ថា អាមេរិក​កំពុង​រំ​ឮ​ក​ឲ្យ​រដ្ឋាភិបាល ពិចារណា​លើ​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ឡើងវិញ​។ សម្រាប់​លោក ឯម សុវណ្ណារ៉ា ភាសា​ការទូត​អាមេរិក​នេះ ទំនងជា​ចង់​ដាក់​លើ​សម្ពាធ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។ បើតាម​អ្នកវិភាគ​រូបនេះ ប្រសិនជា​រដ្ឋាភិបាល នៅតែ​ប្រកាន់​ជំហ​ប្រឆាំងនឹង​ការអំពាវនាវ​ណាមួយរ​បស់​អាមេរិក ក៏ដូចជា​សហគមន៍​អន្តរជាតិ​នោះ កម្ពុជា​អាច​ប្រឈមមុខ នឹង​ការបាត់​ទីផ្សារ​សេដ្ឋកិច្ច​។​
 
​លោក ឯម សុវណ្ណារ៉ា បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖«​អាមេរិក សហគមន៍​អឺរ៉ុប និង​បណ្ដា​ប្រទេស​លោកខាងលិច​ហ្នឹង គេ​មិនទាន់​ចាត់វិធានការ​ភ្លាមៗ​ទេ ព្រោះ​គេ​ទុកពេល​ឲ្យកម្ពុជា​អនុវត្ត និង​គិតពិចារណា​តាម​ការអំពាវនាវ និង​ការទាមទារ​របស់​ពួកគេ​សិន​។ ប៉ុន្តែ​បើ​កម្ពុជា​នៅតែ​មិន​ព្រម​ទទួលយក​ការទាមទារ​របស់​ពួកគេ នោះគេ​នឹងមាន​វិធានការ​ជា​ដំណាក់កាល និង​ជា​ជំហាន​បឋម​ដូចជា​ផ្ដាច់ជំនួយ និង​បិទ​ទីផ្សារ​ជាដើម​…​។ ហើយ​បើ​គេ​ធ្វើ​តែ​បែបនេះ យើង​គឺ​ប្រឈមមុខ​បាត់បង់​ចំណូល​ពី​ទីផ្សារ​អឺរ៉ុប និង​អាមេរិក ប្រមាណ​ជា​៧០០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​»​។​

​លោក មាស នី ក៏​យល់ឃើញ​របស់លោក ឯម សុវណ្ណារ៉ា ដែរ​។ សម្រាប់​លោក មាស នី កម្ពុជា​នៅមាន​កិច្ចការ​ជាច្រើន ដែល​ត្រូវការ​ជំនួយ​ពី​អាមេរិក និង​សហគម​អឺរ៉ុប ដូច្នេះ​បើ​កម្ពុជា​មិនទាន់​អាចជួយ​ខ្លួនឯង​បានទេ កុំ​ទាល់​អាល​ឈ្លោះ​ជាមួយ​ប្រទេស​មហាអំណាច​។ «​ខ្ញុំ​គិតថា រឿង​ចោទប្រកាន់ និង​ការបកស្រាយ​ការពារ​ខ្លួន ភ្ជាប់​ជាមួយ​ស្ថានការណ៍​នយោបាយ គឺ​គ្រាន់តែ​ជាការ​ខ្វែងគំនិត​គ្នា ប៉ុន្តែ​បើ​វា​ឈានទៅដល់​ការឈ្លោះគ្នា ដាក់​សម្ពាធ និង​ទណ្ឌកម្មសេដ្ឋកិច្ច​នោះ វា​គ្មានអ្វី​ចំណេញ​ដល់​កម្ពុជា​ទេ​…​។ ដូច្នេះ​ជា​យោបល់​ខ្ញុំ យើង​កុំ​ទាន់​អាល​ឈ្លោះ​ជាមួយ​មហាអំណាច បើ​យើង​មិនទាន់​ពឹង​ខ្លួនឯងបាន ហើយ​យើង​នៅ​ត្រូវការ​គេ​ឲ្យ​ជួយ​ផងដែរ​នោះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក មាស នី អ្នកវិភាគ​នយោបាយ​។​

​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​និយាយថា ការចោទប្រកាន់​អាមេរិក​នៅ​ពីក្រោយ​ឯកឧត្តម កឹម សុខា នោះ​ក៏​ព្រោះតែ​រដ្ឋាភិបាល​កម្ពុជា មាន​ភស្តុតាង​ច្បាស់លាស់​តាមរយៈ​ពាក្យសម្តី​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​វិ​ដេ​អូ​ឃ្លី​ប កាលពី​ឆ្នាំ​២០១៣​នោះ​។ លោក ផៃ ស៊ី​ផាន បាន​បន្ថែមថា កម្ពុ​ជាមាន​អធិបតេយ្យភាព និង​ឯករាជ្យ​ពេញលេញ ដោយ​មិនអាច​ឲ្យ​ប្រទេស​ណា​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​បានឡើយ​។ ប៉ុន្តែ​រាល់​ពាក្យសម្តី​ដែល​រដ្ឋាភិបាល និង​អាមេរិក បកស្រាយ​រៀងៗ​ខ្លួន​នេះ ត្រូវបាន​លោក ផៃ ស៊ី​ផាន ចាត់ទុកថា វា​គ្រាន់តែ​ជាការ​ខ្វែងគំនិត​គ្នា​ប៉ុណ្ណោះ ដោយ​មិនមែនជា​ការឈ្លោះប្រកែក​គ្នា​នោះទេ​។​

​ឆ្លើយតប​នឹង​ការលើកឡើង​របស់​អ្នកវិភាគ ពី​បញ្ហា​បិទ​សេដ្ឋកិច្ចកម្ពុជា​វិញ លោក ផៃ ស៊ី​ផាន ក៏​មើលមិនឃើញ​ពី​ចំណុច​ណាមួយ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទទួលរង​នូវ​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ពី​អាមេរិក​នោះ​ដែរ​។ អ្នកនាំពាក្យ​រូបនេះ បាន​អត្ថាធិប្បាយ​ដូច្នេះ​ថា​៖«​ជា​នីតិវិធី​អន្តរជាតិ អាមេរិក​មិន​អាចម​កបិទ​សេដ្ឋកិច្ចកម្ពុជា​ភ្លាមៗ​ទេ ព្រោះ​មុន​បិទ​ក៏​យើង​ទាំងពីរ​ត្រូវការ​ដោះស្រាយ​បញ្ហា​តាមរយៈ​វប្បធម៌​ជជែក​គ្នា មិន​ឈ្លោះ​គ្នា​ជាមុន​គ្នា​សិន ខណៈ​ប្រទេស​យើង​ទាំងពីរ​មាន​កិច្ចការងារ​សហប្រតិបត្តិ​ការ​ជាមួយ​គ្នាច្រើន ក្នុង​កិច្ចការ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​អាវុធ​នុយក្លេអ៊ែរ​ជាដើម​…​។ លោក បន្ថែមថា​៖«​ប៉ុន្តែ​យ៉ាងណា​ខ្ញុំ​បញ្ជាក់ថា កម្ពុជា​ក៏​មិន​ពឹងផ្អែក​សេដ្ឋកិច្ច​លើ​អាមេរិក​តែមួយ​នោះទេ ព្រោះ​សេដ្ឋកិច្ចកម្ពុជា​មាន​គ្រប់​ប្រទេស​ក្នុង​ពិភពលោក​។ ជាពិសេស​យើង​មាន​ផ​លិ​ផល​ក្នុងស្រុក​៧​ភាគរយ ការប្រមូល​ពន្ធ​កើនឡើង​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ហើយ​យើង​អាច​រស់​ខ្លួន​បាន ដោយ​មិន​ព្រួយបារម្ភ​ដូច​ជំនាន់​មុន​ទេ​…​។

​ក្រៅពី​បកស្រាយ​រឿង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​អាមេរិក លោក ផៃ ស៊ី​ផាន ក៏​បន្ត​ពន្យល់​ពី​នីតិវិធី​នៃ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​យ៉ាង​ដូច្នេះ​ថា​៖«​បញ្ហា​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក៏​មិន​អាចមាន​ជាដាច់ខាត​មកលើ​កម្ពុជា ព្រោះ​កម្ពុជា​មិនបាន​ធ្វើ​អ្វី​ប៉ះពាល់​ដល់​សន្តិសុខ​ពិភពលោក និង​មិន​ប៉ះពាល់​ដល់​ផលប្រយោជន៍​អ្នកណា​ដែរ​។ ហើយ​បើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ចង់​ដាក់ទណ្ឌកម្ម​នោះ លុះត្រា​មានការ​បោះឆ្នោតសម្រេច​ពី​ប្រទេស​ធំ​ចំនួន​៥ គឺ​អាមេរិក អង់គ្លេស បារាំង រុស្ស៊ី និង​ចិន ប៉ុន្តែ​បើ​ក្នុងចំណោម​ប្រទេស​ទាំង​៥​នេះ មាន​ប្រទេសមួយ​មិន​យល់ព្រម​បោះឆ្នោត​នោះ​(​សិទ្ធិ Veto) ក៏​មិន​អាចមាន​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​កម្ពុជា​ដែរ​»​។​

​កម្ពុជា​បង្ហាញ​ជំហ​កាន់តែ​ល្អូក​ល្អឹ​ន​ជាមួយ​ចិន ស្របពេល​កំពុង​ប៉ះ​សម្ដី​ធ្ងន់​ជាមួយ​អាមេរិក​

​ខណៈ​អាមេរិក បាន​ឆ្លើយ​តបសម្តី​ការទូត​ធ្ងន់ៗ​មក​កម្ពុជា​នោះ រដ្ឋាភិបាល ក៏បាន​បង្ហាញ​ជំហ​កាន់តែ​ល្អូក​ល្អឹ​ន​ជាមួយ​ចិន តាមរយៈ​ភាសា​ការទូត ដែល​ប្រទេស​ទាំងពីរ បានចាត់ទុក​គ្នា​ជា​បងប្អូន​។ កម្ពុជា ចាត់ទុក​មិត្ត​ចិន​ជា​ខ្នងបង្អែក​រឹងមាំ​របស់ខ្លួន ហើយ​មិត្ត​ចិន​ធានា​ជួយ​កម្ពុជា​គ្រប់​ពេលវេលាដែល​ត្រូវការ​។ ភាព​ផ្អែម​ល្អែ​ម​នៃ​នយោបាយ​ការទូត​រវាង​ចិន​និង​កម្ពុជា​នេះ មាន​ទាំង​ចំណុច​ល្អ និង​ចំណុច​អាក្រក់​។ ចំណុច​ល្អ​នោះ ត្រូវបាន​លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ មើលឃើញថា ជំហ​កម្ពុជា​ងាក​ទៅកាន់​ចិន​នេះ វា​ជា​សម្មិទ្ធផល​ល្អ​ក្នុង​នយោបាយ​ការបរទេស ដែល​អាចជួយ​ឲ្យ​កម្ពុ​ជាមាន​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​រឹងមាំ ខណៈដែល​កម្ពុជា​ស្ថិតនៅ​ចន្លោះ​ប្រទេស​ធំៗ ដូចជា​វៀតណាម និង​ថៃ​។​

​ប៉ុន្តែ​បើ​និយាយ​ពី​ចំណុច​អាក្រក់​វិញ លោក ឯម សុ​ណ្ណា​រ៉ា មើលឃើញថា បើ​កម្ពុជា​ងាក​ទៅ​ក្រសោប​យក​ចិន​នោះ វា​នឹង​ឲ្យ​កម្ពុជា ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ កាលពី​អំឡុង​ទស្សវត្ស ១៩៦០ និង​១៩៧០​។​«​កម្ពុជា​មិនគួរ​ក្ដោប​ចិន ហើយ​ជំទាស់​ជាមួយ​អាមេរិក និង​សហគមន៍​អន្តរជាតិ​ទេ ព្រោះ​វា​អាច​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅកាន់​ប្រវត្តិសាស្ត្រ​ចាស់​ក្នុង​ឆ្នាំ​១៩៧០ ដែល​កម្ពុជា​ពេលនោះ​ខាត​ប្រយោជន៍​ច្រើន នៅពេលដែល​បោះបង់​អាមេរិក ហើយ​ងាក​ទៅរក​ចិន និង​រុស្ស៊ី​។ ហើយ​កម្ពុជា​ត្រូវ​ដឹងថា មានតែ​អាមេរិក និង​សហគមន៍​អន្តរជាតិ​ទេ ដែល​បាន​ជួយ​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា ស្មើមុខ​ស្មើភាព​ក្នុង​ឆាក​អន្តរជាតិ និង​លើ​វិស័យ​ការទូត​កន្លងមក ដោយ​មិនមែនជា​ចិន ឫ​ប្រទេស​ណា​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឯម សុវណ្ណារ៉ា​។​

​ជាមួយគ្នានេះ​លោក មាស នី បាន​និយាយថា កម្ពុជា​គប្បី​ប្រកាន់​ជំហ​នយោបាយ​ការបរទេស​អ​ព្យា​ក្រិត ទើប​កម្ពុជា​អាច​ទទួលបាន​ផលប្រយោជន៍ ពី​ប្រទេស​មហាអំណាច ក្នុងការ​អភិវឌ្ឍ​ប្រទេស សម្រាប់​ការប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​ក្នុង​តំបន់​។ អ្នកវិភាគ​រូបនេះ បាន​បញ្ជាក់ថា​៖«​កម្ពុជា​គួរតែ​ប្រកាន់យក​នយោបាយ​អ​ព្យា​ក្រិ​ត្យ​ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា​។ បើ​យើង​មើលទៅ​ប្រទេស​វៀតណាម​វិញ គេ​ក្តោប​យក​អាមេរិក​ផង និង​យក​ចិន​ផង ទោះជា​ឈ្លោះ​គ្នា​ជាមួយ​ចិន​ក៏ដោយ ថៃ​ក៏​ធ្វើ​ដូចគ្នា ព្រោះ​ដោយសារតែ​ពួកគេ​ចង់​រក្សា​លំនឹង​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម​។ ប៉ុន្តែ​បើ​យើង​ងាក​ទៅ​មើល​ទស្សវត្ស​១៩៦០ កាលនោះ​ព្រះ​បរម​រតន​កោដ្ឋ​ធ្លាប់បាន​ដេញ​ទូត​អាមេរិក​ចេញពី​កម្ពុជា ពេល​មន្ត្រី​អាមេរិក​ចេញ​អស់ កម្ពុជា​ស្ទើ​តែ​រកលុយ​បើក​ឲ្យ​មន្ត្រីរាជការ​មិនបាន​ផង​។ ហើយ​សម្ដេច​តា កាលនោះ​ងាក​ទៅ​ពឹង​ចិន ប៉ុន្តែ​បរាជ័យ​អភិវឌ្ឍ​ប្រទេស​ស្ទើរតែ​ងើប​វិញ​មិន​រួច​។ ដូច្នេះ​បើ​យើង​នៅតែ​ធ្វើ​ដូច្នេះ សេដ្ឋកិច្ច​យើង​មិន​រីកចម្រើន​ដូច​ប្រទេសជិតខាង​ឡើយ​»​។​

​តែ​យ៉ាងណា​អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​និយាយ​ការពារ​រដ្ឋាភិបាល​ថា កម្ពុជា​កំពុង​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​ប្រទេស​ត្រឹមត្រូវ ដោយ​មិន​ឲ្យ​ធ្លាក់​ចូលក្នុង​គោលនយោបាយ​មនោគមន​វិទ្យា​របស់​ប្រទេស​ណាមួយ​ឡើយ​។​«​រដ្ឋាភិបាល​អនុវត្តន​យោ​បាយ​មិន​ចំណុះ​ក្នុងប្រទេស​ណាមួយ​ឡើយ​។ ហើយ​កម្ពុជា​ក៏​មិន​ធ្លាក់ចូល​មនោគមន៍​វិទ្យា​សង្គ្រាមត្រជាក់ ដូច​ក្នុង​ឆាំ្ន​១៩៦០ ដល់​១៩៧០ ដូច​មុន​ទេ​។ ប៉ុន្តែ​កម្ពុជា​ពេលនេះ​ប្រើ​គោលនយោបាយ​អភិវឌ្ឍ​ន៍​ប្រទេស​ដោយ​យក​ចិន​ធ្វើជា​លំនឹង​សេដ្ឋកិច្ច ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេសជាតិ​ខាង​»​។ នេះ​ជាការ​ឆ្លើយតប​របស់លោក ផៃ ស៊ី​ផាន​៕


Tag:
 ផៃ ស៊ី​ផាន​
  កម្ពុជា​
 ​ អាមេរិក​
 ​ អ្នកវិភាគ
© រក្សាសិទ្ធិដោយ thmeythmey.com