ជាតិ
លោក អ៊ុក គឹម​សេង ថា​បុគ្គលិក​អាស៊ីសេរី ធ្វើការ​ក្នុង​ទី​ងងឹត​ដែល​អាច​ប្រឈម​ផ្លូវច្បាប់​
15, Sep 2017 , 2:01 pm        
រូបភាព
លោក អ៊ុក គឹម សេង អ្នកនាំពាក្យក្រសួងព័ត៌មាន (នៅកណ្តាល) ថ្លែងក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
លោក អ៊ុក គឹម សេង អ្នកនាំពាក្យក្រសួងព័ត៌មាន (នៅកណ្តាល) ថ្លែងក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
​ភ្នំពេញ​៖ ក្រោយ​ប្រកាស​ដក​ការិយាល័យ​ចេញពី​កម្ពុជា​មួយរយៈ វិទ្យុ​អាស៊ីសេរី បាន​បំបែក​បុគ្គលិក ឲ្យ​ទៅធ្វើ​ការ​តាម​គេហដ្ឋាន ឬ ទីកន្លែង​ផ្សេង​រៀងៗ​ខ្លួន ក្នុង​ការផលិត​ព័ត៌មាន​។ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ចាត់ទុក​ការ​បំបែក​គ្នា​ឲ្យ​ទៅធ្វើ​ការ​រៀងៗ​ខ្លួន របស់​អ្នកកាសែត​នៃ​វិទ្យុ​អាស៊ីសេរី បែបនេះ ថាអាច​ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់ ប្រសិនបើ​មាន​បញ្ហា​អ្វីមួយ​កើតឡើង​។



​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹម​សេង ប្រតិកម្ម​ចំពោះ​អ្នកកាសែត​នៃ​វិទ្យុ​អាស៊ីសេរី ដោយ​គ្មាន​ការិយាល័យ និង​គ្មាន​ការចុះ​ក្នុង​បញ្ជី​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​នេះ​។ លោក អ៊ុក គឹម​សេង ចាត់ទុក​សកម្មភាពការងា​រ​របស់​ក្រុម​អ្នកសារព័ត៌មាន​អាស៊ីសេរី​បែបនេះ​ថា ជាការ​សរសេរ​ព័ត៌មាន​នៅក្នុង​ទី​ងងឹត ដើម្បី​បំផ្លើសការពិត​អំពី​រដ្ឋាភិបាល​កម្ពុជា​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត​បកស្រាយ​អំពី​មូលហេតុ ដែល​វិទ្យុ​អាស៊ីសេរី និង​កាសែត​ខេ​ម​បូ​ឌា ដេលី សម្រេច​បិទ​ការផ្សព្វផ្សាយ និង​បាន​ផ្អាក​ការិយាល័យ​នៅ​ប្រទេស​កម្ពុជា លោក អ៊ុក គឹម​សេង បា​បញ្ជាក់​ដូច្នេះ​ថា​៖«​ចុះបើ​យើង​ធ្វើ​ព័ត៌មាន​ទាំងអស់គ្នា យើង​នៅ​ទី​ភ្លឺ​ទាំងអស់គ្នា យើង​ពិបាក​នឹង​និយាយ​ស្តាប់​គ្នា​ផង ចុះ​ទម្រាំ​ពួកគាត់  [​អ្នកកាសែត​នៃ​វិទ្យុ​អាស៊ីសេរី​] បំបែក​ខ្លួន ទៅធ្វើ​ការ​នៅ​ទី​ងងឹត​?​។ [….] ដូច្នេះ ពួកគាត់ ត្រូវតែ​ពិចារណា​ខ្លួនឯង​។ បើ​ពួកគាត់ ចង់​ធ្វើ​កិច្ចការ​នៅ​ទី​ងងឹត ពួកគាត់​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​នៅ​ប្រទេស​កម្ពុជា​»​។

​លើសពីនេះ លោក អ៊ុក គឹម​សេង ថែមទាំង​ចាត់ទុក​ការចាត់​តាំងរបស់​វិទ្យុ​អាស៊ីសេរី ឲ្យ​អ្នកកាសែត​ផលិត​ព័ត៌មាន តាម​គេហដ្ឋាន​ឬ​ទីតាំង​ផ្ទាល់ខ្លួន​ថា វា​ជា​របៀប​បំពេញភារកិច្ច​បែប​ចារកម្ម​។​លោក អ៊ុក គឹម​សេង នឹងមិន​ស្វា​មគ​ន៍​អ្នកកាសែត​នៃ​វិទ្យុ​អាស៊ីសេរី​ទៀតឡើយ​។ «​ប្រសិនបើ​អ្នកកាសែត​នៃ​វិទ្យុ​អាស៊ីសេរី ទាក់ទង​ទៅ​លោក តាម​មធ្យោបាយ​ណាក៏ដោយ ដូចជា​តាម​ប្រព័ន្ធ​ទូរ​សព្ទ​ជាដើម ដើម្បី​សុំ​ការបំភ្លឺ​ឬ​ការបញ្ជាក់​ពី​បញ្ហា​អ្វីមួយ លោក នឹងមិន​ឆ្លើយតប​នោះទេ​។ សម្រាប់​រូបលោក វិទ្យុ​អាស៊ីសេរី លែងមាន​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​»​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២0១៧ វិទ្យុ​អាស៊ីសេរី ដែលមាន​វត្ត​មាននៅ​កម្ពុជា​ជិត​២0​ឆ្នាំ មកហើយ​នោះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ប្រកាសថា ផ្អាក​ការិយាល័យ​ព័ត៌មាន នៅ​រាជធានី​ភ្នំពេញ​មួយរយៈ​សិន​។ វិទ្យុ​អាស៊ីសេរី បាន​អះអាងថា ការចាត់​វិធាន​ក្តៅ​របស់​រដ្ឋាភិបាល​កម្ពុ​ជា គឺជា​មូល​ហេតុដែល​ខ្លួន​ត្រូវ​បង្ខំចិត្ត​ផ្អាក​ការិយាល័យ​ព័ត៌មាន​។ យ៉ាងណាក៏ដោយ វិទ្យុ​អាស៊ីសេរី ប្រកាសថា នៅតែ​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​ដដែល នៅលើ​រលកធាតុអាកាស​កម្រិត​ទាប បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) យូ​ធូប (Youtube) និង​គេហទំព័រ​របស់ខ្លួន (www.rfa.org/khmer/)​។ វិទ្យុ​នេះ មិនបាន​បញ្ជាក់​ពី​ពេលវេលា នៃ​ការបើក​ដំណើរការ ការិយាល័យ​ព័ត៌មាន​របស់ខ្លួន នៅ​រាជធានី​ភ្នំពេញ​ឡើង​៕



Tag:
 អាស៊ីសេរី
© រក្សាសិទ្ធិដោយ thmeythmey.com