ជាតិ
ព័ត៍មានសុខភាព
ក្រសួងសុខាភិបាល​៖​មនុស្ស​៤៧​ស្លាប់​ដោយ​ពុល​អាហារ និង​ស្រា ចាប់ពី​ឆ្នាំ​២០១៥​មក​
16, Sep 2017 , 9:50 am        
រូបភាព
ដោយ:
​មនុស្ស​ចំនួន​៤៧​នាក់​បាន​ស្លាប់ ដោយសារ​ការពុល​អាហារ និង​ពុល​ស្រា ក្នុងចំណោម​មនុស្ស ចំនួន​៣,៨២៤​នាក់​ដែលមាន​អាការ​ពុល ចាប់ពី​ឆ្នាំ​២០១៥ មកដល់​ឆ្នាំ​២០១៧​នេះ​។ ចំណីអាហារ​ដែល​ពុល មានដូចជា​នំ​បញ្ចុក ចំណីអាហារ​ចម្រុះ ត្រី​កំពត ដំឡូងឈើ និង​ស្រា​ដែល​លាយ​សារជាតិ​មេ​តា​ណុល​។​



​ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៧​នេះ មាន​មនុ​ស្សពុល​អាហារ និង​ពុល​ស្រា សរុប​ចំនួន​៣,៨២៤​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន ៤៧​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងសុខាភិបាល​កម្ពុជា ដែល​ផ្សព្វផ្សាយ​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​វិធានការ​បង្ការ​ការពុល​ចំណីអាហារ និង​ពុល​ស្រា នៅ​ថ្ងៃទី​១២ ខែកញ្ញា​។ តាម​របាយការណ៍​ដដែល ចំណីអាហារ​ដែល​ពុល មានដូចជា​នំ​បញ្ចុក ចំណីអាហារ​ចម្រុះ ត្រី​កំពត ដំឡូងឈើ និង​ស្រា​ដែល​លាយ​សារជាតិ​មេ​តាណុល​។​

​លោក លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​វិធានការ​បង្ការ​ការពុល​ចំណីអាហារ និង​ពុល​ស្រា នៅ​ថ្ងៃទី​១២ ខែកញ្ញា​ថា​មូលហេតុ​នៃ​ការពុល​ចំណីអាហារ បណ្តាលមកពី​ការបរិភោគ​អាហារ​ដែល​មិន​ស្អាត ឬ​គ្មាន​អនាម័យ ឬ​ទឹក​កខ្វក់ ដែលមាន​បាក់តេរី វីរុស ផ្សិត ឬ​ប៉ារ៉ាស៊ីត​។ អាហារ​មិន​ស្អាត ឬ​គ្មាន​អនាម័យ​ទាំងនោះ មាននៅ​ក្នុង​អាហារ​ផ្អាប់ ឬ​អាហា​ស្រស់ ដូចជា​ភ្លា​បន្លែ ញ៉ាំ​ផ្លែឈើ​ដោយ​មិនបាន​លាង​ជាដើម​។ ក៏មាន​ការពុល​អាហារ​ដែល​បណ្តាលមកពី​ការបរិភោគ​អាហារ​មាន​សារ​ជាតិគីមី ដូចជា​អាហារ​ដែលមាន​ជាប់​សំណល់​ថ្នាំ​សម្លាប់​សត្វល្អិត ឬ​សំណល់​ថ្នាំ​ព្យាបាល​សត្វ សារធាតុ​បន្ថែម​នៅក្នុង​អាហារ ជាតិពុល​កើតឡើង​ដោយ​ធម្មជាតិ ឬក៏​ការចម្លង​ឧស្សាហកម្ម​ជាដើម​។

​ចំណែកឯ​មូលហេតុ​នៃ​ការពុល​ស្រា ត្រូវបាន​លោក លី សុវណ្ណ បញ្ជាក់ថា បង្កឡើង​ដោយសារ​ជាតិ​មេ​តា​ណុល ដែលមាន​នៅក្នុង​ស្រា​លើសពី​កម្រិត​ធម្មតា​(០.១៥%) ដោយសារតែ​ការផលិត ឬ​បិតស្រា​នៅតាម​មូលដ្ឋាន មិន​ត្រឹម​តាម​បច្ចេកទេស​។

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ក៏បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ចំពោះ​ការរៀបចំ​ចង្ហាន់​យកទៅ​វត្ត​នៅ​រដូវ​ដាក់​បិណ្ឌ និង​ថ្ងៃ​ភ្ជុំបិណ្ឌ​នេះ​ផងដែរ​។ ចង្ហាន់​ត្រូវធ្វើ​ប្រកបដោយ​អនាម័យ និង​គុណភាព​។ ពេលដែល​ចំអិន​រួច ត្រូវ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​៕


Tag:
 សុខភាព​
 ​ ពុល​អាហារ​
  ​ស្រា​
 ​ លី សុវណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com