ជាតិ
ព័ត៍មានសុខភាព
បើមិនចង់ឆាប់ចាស់ទេ សូមកាត់បន្ថយអាហារទាំង៦ប្រភេទនេះ!
× នាការរីកចម្រើននៃយុគសម័យថ្មី មនុស្សមានជម្រើសកាន់តែច្រើនលើការបរិភោគអាហារ។ ប៉ុន្តែ អ្នកត្រូវប្រុងប្រយ័ត្នចំពោះអាហារមួយចំនួន ព្រោះថាវាអាចបំផ្លាញសុខភាពរបស់អ្នក និងធ្វើឲ្យអ្នកឆាប់ចាស់ជាងវ័យ។
តាមឯកសារបារាំង សារព័ត៌មានថ្មីៗ សូមលើកយកអាហារ៦ប្រភេទដែលបង្កភាពចាស់មកជម្រាបជូនលោកអ្នកឲ្យបានដឹងដូចខាងក្រោម ៖
១. អាហារសម្បូរដោយសារជាតិអំបិល
អាហារដែលផ្ទុកជាតិអំបិលច្រើនមានដូចជា នំប៊ីសគ្វី ដំឡូងបារាំងបំពង និងប្រភេទសាច់ឆ្អិនស្រាប់ (bacon) ។ ការបរិភោគជាតិអំបិលលើសកម្រិតចាំបាច់អាចបណ្ដាលឲ្យអ្នកទៅជាខ្វះជាតិទឹកក្នុងខ្លួន និងមានអាការៈនឿយហត់។ ទន្ទឹមនឹងនោះ វាធ្វើឲ្យបាត់បង់ជាតិ collagen និងប្រូតេអ៊ីននៅក្នុងកោសិកា ជាហេតុធ្វើឲ្យស្បែកឆាប់ចាស់ (ស្នាមជ្រីវជ្រួញ និងមានថ្នក់ក្រោមភ្នែក)។ វាបង្កឲ្យសំពាធឈាមឡើងខ្ពស់ដែលអាចឈានទៅដល់ការស្ទះសរសៃឈាមក្នុងបេះដូង និងមានជំងឺហើមជើង។
២. អាហារផ្ទុកជាតិកាហ្វេអ៊ីន ដូចជាកាហ្វេ និងភេសជ្ជៈប៉ូវកម្លាំង
ការបរិភោគជាតិកាហ្វេអ៊ីនលើសកម្រិតក៏នឹងធ្វើឲ្យសាព៌ាង្គកាយអ្នកខ្វះជាតិទឹក បង្កភាពនឿយហត់ និងធ្វើឲ្យស្បែកអ្នកបាត់បង់នូវភាពទន់ភ្លន់ផងដែរ។ ម្យ៉ាងទៀត វាធ្វើឲ្យស្បែកស្រអាប់ និងធ្មេញលឿង។
៣. ប្រភេទអាហារផ្ទុកជាតិអាស៊ីតខ្លាញ់ឆ្អែត
សារជាតិអាស៊ីតខ្លាញ់ឆ្អែតសម្បូរនៅក្នុងប៊័រ ក្រែម ឈីស ប្រភេទសាច់ឆ្អិនស្រាប់ និងប្រេងដូង។ សារជាតិខ្លាញ់ប្រភេទនេះក៏នឹងធ្វើឲ្យអ្នកប្រឈមមុខខ្ពស់នឹងជំងឺស្ទះសរសៃឈាមក្នុងបេះដូងផងដែរ។
៤. អាហារផ្ទុកជាតិអាស៊ីតខ្លាញ់អាក្រក់ trans-fatty acid
សារជាតិអាស៊ីតខ្លាញ់នេះមាននៅក្នុងប្រភេទនំប៊ីសគ្វី ពពួកនំក្រ័សសង់ និងនំភីហ្សា។ វាបង្កផលវិបាកដូចគ្នានឹងសារជាតិអាស៊ីតខ្លាញ់ឆ្អែតដែរ គឺប៉ះពាល់ដល់បេះដូង។ បើតាមការសិក្សាមួយចំនួន គ្រាន់តែបរិមាណតិចតួចក៏អាចរួមចំណែកដល់ការវិវត្តន៍នៃជំងឺមហារីកខ្លះៗដែរ។
៥. ភេសជ្ជៈជាតិអាល់កុល
ជាតិអាកុលជំរុញឲ្យកោសិការបស់អ្នកវិវត្តទៅរកភាពចាស់ និងបង្កគ្រោះថ្នាក់ជាច្រើនដល់សុខភាព។ វាធ្វើឲ្យរាងកាយខ្វះជាតិទឹក និងហត់នឿយ។ មិនតែប៉ុណ្ណោះ វាធ្វើឲ្យមុខរបស់អ្នកហើមផងដែរ។
៦. អាហារមានជាតិពុលដូចជា ពពួកសាច់អាំង និងត្រីឆ្អើរ
មិនថាអ្នកអាំង ដុត ឆ្អើរ ឬចៀនទេ អ្នកមិនគួរទុកឲ្យសាច់ខ្លោចឡើយ។ អាហារដែលខ្លោចគឺមានផ្ទុកជាតិពុលដែលជំរុញដល់ការប្រឈមមុខខ្ពស់ចំពោះជំងឺមហារីកមួយចំនួន។ នៅពេលដែលខ្លាញ់ស្រក់ប៉ះនឹងធ្យូង ឬភ្លើង វានឹងធ្វើឲ្យសាយភាយជាតិពុលដែលនឹងមកតោងលើសាច់។
ដើម្បីឲ្យសរីរាង្គរបស់អ្នករឹងមាំ និងរក្សាភាពក្មេងនោះ អ្នកគួរតែបរិភោគអាហារដែលមានលំនឹង ពោលគឺប្រភេទអាហារដែលមានផ្ទុកជាតិប្រូតេអ៊ីន ជាតិលីពីត ស្ករ វីតាមីន និងអំបិលខនិជ។ អ្នកគួរតែកាត់បន្ថយការបរិភោគអាហារដែលមានជាតិខ្លាញ់ពេក ប្រៃពេក និងផ្អែមពេក។ ម្យ៉ាងទៀត អ្នកគួរតែពិនិត្យមើលបរិមាណធាតុផ្សំនៃអាហារកំប៉ុងដែលអ្នកទិញ ដើម្បីគ្រប់គ្រងសារជាតិទាំងឡាយដែលរាងកាយអ្នកស្រូបយក៕
ដកស្រង់ និងប្រែសម្រួលពីគេហទំព័រ http://www.atlantico.fr
© រក្សាសិទ្ធិដោយ thmeythmey.com