ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន AmruRice និង​អង្គការ SNV សង់​ឃ្លាំង​ស្តុក​នៅ​ខេត្តកំពង់ធំ ដើម្បី​គាំទ្រ​កសិករ​ខ្នាតតូច​
27, Sep 2017 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុននាំចេញ​អង្ករ  Amru Rice បាន​ចុះហត្ថលេខា​សហការ​ជាមួយ​អង្គការ​ពី​ក្រៅប្រទេស SNV សាងសង់​ឃ្លាំង​ស្តុក​កសិផល​ខ្នាតតូច​មួយ​នៅ​ខេត្តកំពង់ធំ ដើម្បី​គាំទ្រ​កសិករ​ខ្នាតតូច​លើ​ការលក់​ផលិតផល​។​



​ឃ្លាំង​ស្តុក​នេះ​នឹងត្រូវ​ស្ថាបនា​ក្នុង​កំឡុង​ខែតុលា​ឆ្នាំនេះ ហើយនឹង​ត្រូវ​បញ្ចប់​នៅ​ដើម​ឆ្នាំក្រោយ​។ ឃ្លាំង​នេះ​នឹងត្រូវ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ៦០​ម៉ឺន​ដុល្លារ និង​មាន​សមត្ថភាព​ស្តុក​ក្នុង​បរិមាណ ៥០០០​តោន​។ បើតាម​លោក សុង សារ៉ន ប្រធាន​ក្រុមហ៊ុន Amru Rice គម្រោង​សហការ​នេះ​គ្របដ​ណ្ដា​ប់​លើ​កសិករ​ចំនួន ១៥០០​គ្រួសារ ក្នុង​ជំហាន​សាកល្បង​ដំបូង​។ លោក​បន្ថែមថា ក្រៅពី​ឃ្លាំង​ស្តុក គម្រោង​នេះ​ក៏​ជួយ​កសិករ​លើ​ការងារ​បច្ចេកទេស​ដាំ​ដុះ ការជំរុញ​ទីផ្សារ និង​ផ្ដល់​ឥណទាន​ដល់​កសិករ​ផងដែរ​។​

​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​នេះ គឺ​ស្ថិតក្រោម​កម្មវិធី​របស់​រដ្ឋាភិបាល​ស្វី​ស​។ លោក សុង សារ៉ន ឲ្យ​ដឹងថា ក្រុមហ៊ុន​លោក​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ជាង ២០ ដែល​ឈ្នះ​លើ​ការស្នើសុំ​គម្រោង​ប្រភេទ​នេះ​ពីរ​ដ្ឋា​បាល​ស្វី​ស​។ លោក​បន្តថា ក្រុមហ៊ុន​ខ្មែរ​ពីរ ឬ​បី​ទទួលបាន​គម្រោង​ប្រភេទ​នេះ​។

​ចំពោះ​ការសង់​ឃ្លាំង​ស្តុក​ខាងលើនេះ លោក សុង សារ៉ន ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រដ្ឋាភិបាល​ស្វី​ស តាមរយៈ​អង្គការ SNV របស់​ប្រទេស​ហូ​ឡង់​បាន​ជួយ​ផ្នែក​បច្ចេកទេស និង​ថវិកា​មួយចំនួន​។ គម្រោង​ឃ្លាំង​ស្តុក​នេះ​នឹង​ជួយ​កសិករ​ដែល​ស្ថិតក្រោម​គម្រោង​នេះ​។ លោក សារ៉ន មានប្រសាសន៍ថា កសិករ​អាច​ស្តុក​កសិផល​របស់ខ្លួន​ក្នុង​រយៈពេល​ពីរ​ឬ​បី​ខែ​សិន​នៅពេល​តម្លៃ​ទីផ្សារ​ចុះថោក ដោយ​បង់ក​ម្រៃ​ស្តុក​នោះ​ក្នុងតម្លៃ​សមរម្យ​។ លោក​ថា ឃ្លាំង​ស្តុក​នេះ​អនុវត្តតាម​ស្ដង់ដារ ដោយ​ចេញ​លិខិតបញ្ជាក់​គុណភាព​លើ​ផលិតផល​ដែល​រក្សាទុក និង​សំ​ងួ​ត​នៅក្នុង​ឃ្លាំង​នេះ​។ 

​ឃ្លាំង​នេះ​នឹង​ខ្លាច​ជា​កន្លែង​ត​ភ្ជាប់​ទីផ្សារ​រវាង​កសិករ និង​ក្រុមហ៊ុន​ប្រមូល​ទិញ​។ លោក សុង សារ៉ន ថ្លែង​ដូច្នេះ​ថា​៖«​យើង​បានឮ​ហើយ​ថា ផលិតផល​តិចពេក  ក្រុមហ៊ុន​ពិបាក​ប្រមូល​ទិញយក​ទៅ​ច្នៃ ដូចនេះ​ឃ្លាំង​នេះ​ជួយ​ដោះស្រាយ​បញ្ហា​នេះ ដោយ​យើង​ប្រមូល​ទៅជា​កញ្ចប់​ធំ​មួយ ដើម្បី​ផ្គត់ផ្គង់​ដល់​រោងចក្រ​កែច្នៃ​ធំៗ​»៕


Tag:
 ឃ្លាំង​ស្តុក​
  សុង សារ៉ន​
© រក្សាសិទ្ធិដោយ thmeythmey.com