ជាតិ
អ្នក​ស្និទ្ធ​៖ លោកតា ម៉ូលី​វណ្ណ បាន​ទុក​ស្នាដៃ និង​កិត្តិយស​ច្រើន​ជូន​កម្ពុជា​
28, Sep 2017 , 11:59 am        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក អាំង ជូលាន លោក ហង់ ពៅ និងលោក តាំង សុចិត្តវិទូ
ពីឆ្វេងទៅស្តាំ៖ លោក អាំង ជូលាន លោក ហង់ ពៅ និងលោក តាំង សុចិត្តវិទូ
​មរណភាព​របស់​បិតា​ស្ថាបត្យករ​ខ្មែរ វណ្ណ ម៉ូលី​វណ្ណ បាន​បន្សល់​ភាព​សោកស្តាយ​ខ្លាំង​ពី​ពលរដ្ឋ​កម្ពុជា​។ ពិធី​បុណ្យសព​ត្រូវ​រៀបចំ​ដោយ​គណៈកម្មាធិការ​បុណ្យជាតិ នៅ​គេហដ្ឋាន​របស់លោក វណ្ណ ម៉ូលី​វណ្ណ នៅក្នុង​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ អ្នក​សិ្ន​ទ្ធ​ស្នាល អតីត​សហការី និង​សាស្ត្រាចារ្យ​ស្ថាបត្យកម្ម​បាន​រៀបរាប់​អំពី​អារម្មណ៍​របស់​ពួកគេ​ចំពោះ​មរណភាព​របស់លោក វណ្ណ ម៉ូលី​វណ្ណ ដូចតទៅ​៖



​លោក អាំង ជូ​លាន អតីត​សហការី និង​ជា​អ្នក​ស្និទ្ធ​៖ ខ្ញុំ​យល់ច្បាស់​ថា មនុស្ស​គ្រប់គ្នា មិនមែន​តែ​ខ្ញុំ​ទេ ដែល​សោកស្តាយ​ចំពោះ​ការបាត់បង់​លោកតា វណ្ណ ម៉ូលី​វណ្ណ​។ លោកតា វណ្ណ ម៉ូលី​វណ្ណ ត្រូវបាន​គេ​ស្គាល់​ដោយ​ក្តី​គោរព​។ លោកតា​មិន​ត្រឹមតែ​ទុក​ស្នាដៃ​ផ្នែក​ស្ថាបត្យកម្ម​ជាច្រើន​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ទេ ប៉ុន្តែ​លោកតា​បាន​ទុក​កិត្តិយស​ជូន​ជាតិ​កម្ពុជា​ទៀតផង តាមរយៈ​ស្នាដៃ​របស់គាត់​។ ខ្ញុំ​ចាំបាន​ថា​លោក លី ក្វាន់​យូរ  អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ដែល​បានមក​ទស្សនកិច្ច​នៅ​កម្ពុជា បាន​និយាយថា ភ្នំពេញ​គឺជា​គំរូ​នៃ​អាស៊ីអាគ្នេយ៍​ក្នុង​វិស័យ​ស្ថាបត្យកម្ម​។

​លោក ហង់ ពៅ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​៖ ពិតជា​ការបាត់បង់ និង​ការសោកស្តាយ​ដ៏​ធំធេង​របស់​ខ្មែរ​យើង​។ អ្នកណា​ក៏​ស្គាល់​លោកតា​ថា​ជា​ស្ថាបត្យករ​ខ្មែរ​ដែល​ប្រើប្រាស់​ធម្មជាតិ​នៅក្នុង​សំណង់​របស់​លោកតា​។ លោកតា វណ្ណ ម៉ូលី​វណ្ណ មិនមែនជា​បុគ្គល​ល្បីល្បាញ​តែ​ក្នុងប្រទេស​ទេ តែ​កិត្តិនាម​គាត់​ល្បី​រន្ទឺ​ជា​អន្តរជាតិ​។ លោកតា បាន​បន្សល់ទុក​ស្នាដៃ​របស់គាត់​បាន​ច្រើន​សម្រាប់​វិស័យ​ស្ថាបត្យកម្ម​ខ្មែរ ហើយ​ជាងនេះទៀត​លោក​ក៏បាន​សរសេរ​សៀវភៅ​ថែមទៀត​ដើម្បី​ទុក​ឲ្យ​ខ្មែរ​ជំនាន់​ក្រោយ​។

​លោក តាំង សុចិត្តវិទូ សាស្ត្រាចារ្យ​ស្ថាបត្យកម្ម​៖ លោកតា វណ្ណ ម៉ូលី​វណ្ណ គឺជា​វីរបុរស​ស្ថាបត្យករ​ខ្មែរ​ក្នុងសម័យ​ទំនើប​។ ទស្សន​វិទ្យា ឬ​គោលការណ៍​ស្ថាបត្យកម្ម​ដែល​គេ​ទើបតែ​ចាប់ផ្តើម​និយាយ​ក្នុងពេល​បច្ចុប្បន្ននេះ ដូចជា​ស្ថាប​តយ្យ​កម្ម​បៃតង ស្ថាបត្យកម្ម​ប្រកបដោយ​ចីរភាព ត្រូវបាន​លោកតា វណ្ណ ម៉ូលី​វណ្ណ បង្កើតឡើង​តាំងពី​៦០ ឬ​៧០​ឆ្នាំមុន​នៅ​កម្ពុជា​យើង​។ គោលការណ៍​ប្រើប្រាស់​ពន្លឺ​ធម្មជាតិ ខ្យល់​ធម្មជាតិ សុទ្ធតែ​មាននៅ​ក្នុង​សំណង់​របស់​លោកតា​។ យើង​សោកស្តាយ​ចំពោះ​ការបាត់បង់​លោកតា ហើយ​សូម​វិញ្ញាណក្ខន្ធ​លោកតា​ទៅកាន់​សុគតិភព​៕


Tag:
 វណ្ណ ម៉ូលីវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com