អន្តរជាតិ
អ៊ីរ៉ង់​៖ ត្រាំ គិតថា​អ៊ីរ៉ង់​ជា​ប្រទេស​ផ្ដាច់ការ តែ​សម្ព័ន្ធមិត្ត​ខ្លួន​មិនដែល​បានឃើញ​ហឹប​ឆ្នោត​ម្ដង​ផង​
28, Sep 2017 , 10:39 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif (រូបភាព៖ Xinhua)
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif (រូបភាព៖ Xinhua)
​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ Mohammad Javad Zarif បាន​និយាយ​ការពារ​ប្រព័ន្ធ​ដឹកនាំ​ក្រុង​តេ​ហេ​រ៉ង់ ដែល​ធ្លាប់​ត្រូវបាន​អាមេរិក​ចាត់ទុកជា​រប​ប​ផ្ដាច់ការ​។ លោក Zarif និយាយថា របប​ដឹកនាំ​អ៊ីរ៉ង់​កើតចេញពី​ឆ​ន្ទះ​របស់​ប្រជាជន មិនមែន​ដូច​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិ​ក​ខ្លះ​នៅ​មជ្ឈិមបូព៌ា ដែល​រក្សា​អំណាច​របស់ខ្លួន​តាមរ​យៈ​ការប្រើប្រាស់​អាវុធ​ស្អាតៗ​របស់​អាមេរិក​ឡើយ​។​



​ក្នុង​កិច្ច​សម្ភាស​ជាមួយ​អង្គការ Asia Society ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក ប្រមុខ​ការទូត​អ៊ីរ៉ង់ Mohammad Javad Zarif បាន​និយាយ​លើ​ដំណើរការ​នយោបាយ​នៅ​អ៊ីរ៉ង់ និង​ទិសដៅ​រប​សើ​មហាអំណាច​មជ្ឈិមបូព៌ា​មួយ​នេះ​ផង​។ ឆ្លៀត​ពេលនោះ លោក Zarif ក៏បាន​លើកឡើង​ពី​របប​នយោបាយ​អ៊ីរ៉ង់ ដែល​ទទួលបាន​ទំនុកចិត្ត​ពី​ប្រជាជន​តាមរយៈ​ការបោះឆ្នោត មិន​ដូច​ដៃគូ​ក្នុង​តំបន់​របស់​អា​មេ​រិ​កឡើ​យ​។​

​ទាក់ទង​សំណួរ​ជុំវិញ​នយោបាយ​អ៊ីរ៉ង់ លោក Zarif និយាយ​សំដៅ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ថា​៖ «​លោក ត្រាំ ចូលចិត្ត​គិតថា អ៊ីរ៉ង់​ជា​របប​ដឹកនាំ​ផ្ដាច់ការ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​សម្ព័ន្ធមិត្ត​របស់លោក​ទាំ​ង​អស់​នៅ​មជ្ឈិមបូព៌ា​មិនដែល​បានឃើញ​ប្រអប់​ឆ្នោត​សូម្បី​ម្ដង​ផង​ក្នុងប្រទេស​ពួកគេ​។ ហើយ​ពួកគេ​ទំនងជា​អញ្ចឹង​រហូត​ទៅ​»​។ លោក​បន្តថា រដ្ឋាភិបាល​អ៊ីរ៉ង់​ទទួលបាន​ភាពស្របច្បាប់​ពី​ប្រជាជន ដែល​ខុសពី​ប្រទេស​ខ្លះ​ប្រើ​អាវុធ​អាមេរិក​ដើម្បី​ការពារ​អំណាច​។​

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​ទំនងជា​ចង់​ដៀមដាម​គូប្រជែង​ឥទ្ធិពល​របស់ខ្លួន គឺ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ទើប​ចុះ​កិច្ចព្រមព្រៀង​ទិញ​អាវុធ​ពី​អាមេរិក​។ ទាំង​ក្រុង​តេ​ហេ​រ៉ង់ ទាំង​ក្រុង​រី​យ៉ា​ដ សុទ្ធ​ព្យាយាម​ពង្រីក​អំណាច​របស់ខ្លួន​ក្នុង​តំបន់ ហើយ​ជា​ញឹកញាប់​តែង​គាំទ្រ​គូ​ជម្លោះ​ខុសគ្នា​ផងដែរ​ដូចជា​នៅ​ស៊ី​រី យេ​ម៉ែន និង​កាតា​ជាដើម​។ ទោះជា​មានរឿង​ជូរចត់​នឹង​គ្នា​មិន​អស់​មិន​ហើយ​ក្ដី លោក Zarif សង្ឃឹមថា ប្រទេស​ទាំងពីរ​អាច​ចាប់ដៃគ្នា​ដើម្បី​កសាង​សន្តិសុខ និង​សន្តិភាព​នៅ​តំបន់​មជ្ឈិមបូព៌ា​បាន​។​

​បើតាម​សម្ដី​មន្ត្រីការទូត​អ៊ីរ៉ង់​រូបនេះ អា​រ៉ា​ប៊ី​សា​អូឌីត​មិនអាច​កាត់ផ្ដាច់​ចេញពី​មជ្ឈិមបូព៌ា​បានទេ តែ​ប្រទេស​នេះ​គឺជា​តួអង្គ​យ៉ាងសំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង ហើយ​តួនាទី​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវតែ​ទទួលបាន​ការគោរព​ដាច់ខាត​។ យ៉ាងណាក្ដី លោក Zarif ក៏​ស្នើ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ទទួលស្គាល់​តួនាទី​អ៊ីរ៉ង់​វិញ​ដែរ​។ ពោល គឺ​ភាគី​ទាំងពីរ​ត្រូវគោរព​គ្នា​ទៅវិញទៅមក ដើម្បី​ស្វែងរក​ច្រកចេញ​ក្នុងនាម​ជា​មហាអំណាច​តំបន់​។​

​សូមបញ្ជាក់ថា អ៊ីរ៉ង់ មិនសូវ​ត្រូវ​ខ្សែ​គ្នា​ជាមួយ​អាមេរិក និង​អា​រ៉ា​ប៊ី​សា​អូឌីត​ឡើយ តាំងពី​សម័យ​បដិវត្តន៍​១៩៧៩ មក ដែល​បាន​ផ្លាស់​ប្រព័ន្ធ​ដឹកនាំ​អ៊ីរ៉ង់​ទាំងស្រុង​។ ទោះជា​មានការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​សភា​ក្ដី អំណាច​កំពូល​ស្ថិតក្នុង​កណ្ដាប់ដៃ​លោក Ayatollah Ali Khamenei ឯណោះ​។ អាមេរិក និង​អ៊ីរ៉ង់​កាន់តែ​មិនត្រូវ​គ្នា​រឿង​កម្មវិធី​នុយក្លេអ៊ែរ តែ​ក្រោយមក​ក៏​ធូរស្រាល​វិញ​ក្រោយ​មាន​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ៕
    

Tag:
 អ៊ីរ៉ង់​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  Mohammad Javad Zarif
© រក្សាសិទ្ធិដោយ thmeythmey.com