ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក Nicolas BIDEAU៖ «​ទឹក សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»
02, Oct 2017 , 11:15 am        
រូបភាព
​ហ្សឺ​ណែវ​៖ របាយការណ៍​សកល​ស្តីពី ទឹក និង​សន្តិភាព ត្រូវបាន​ផ្សព្វផ្សាយ​កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​នៃ​ប្រទេស​ស្វី​ស​។ ក្រុម​អ្នក​សរសរ​របាយការណ៍​មកពី​១៥​ប្រទេស ដែល​ក្នុងនោះ​មាន​តំណាង​រដ្ឋាភិបាល​កម្ពុជា​ដែរនោះ ចង់​ឲ្យ​ពិភពលោក​ចាប់អារម្មណ៍​ជជែក​អំពី​បញ្ហា​ទឹកជា​ឧបករណ៍​នាំទៅរក​សន្តិភាព គឺ​មិនមែន​ជម្លោះ​។ ដើម្បី​ធ្វើ​ឲ្យ​របាយការណ៍​នេះ​កាន់តែ​សំខាន់ យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​ទឹក និង​សន្តិភាព ក៏​ត្រូវបាន​បង្កើតឡើង​ទន្ទឹមគ្នា​ដែរ ជាមួយនឹង​ឈ្មោះ The Blue Peace Campaign​។ តើ​យុទ្ធនាការ ឬ​ចលនា​នេះ នឹង​ត្រូវធ្វើ​កិច្ចការ​អ្វីខ្លះ​? លោក Nicolas BIDEAU ដែលជា​នាយក​នៃ​ស្ថាប័ន Presence Switzerland បានផ្តល់​បទ​សម្ភាស​ដ​ល់​សារព័ត៌មាន​ថ្មីៗ នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ ទី​ដែល​យុទ្ធនាការ ទឹក និង​សន្តិភាព បានចាប់ផ្តើម​។​


អត្ថបទទាក់ទង

លោក លាង ដឺ​លុច​៖ ហេតុអ្វី​បានជា​ពាក្យ Blue Peace ត្រូវបាន​ជ្រើសរើស​ធ្វើជា​ពាក្យ​ស្នូល​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី ទឹក និង​សន្តិភាព​?

​លោក Nicolas BIDEAU៖
សន្តិភាព សំខាន់​ណាស់​សម្រាប់​យើង​។ ទឹក​ក៏​ដូចគ្នា​។ ដូច្នេះ​យើង​ព្យាយាម​ផ្តល់​តម្លៃ​ដូចគ្នា​ទៅលើ​ពាក្យ​ទាំងពីរ​នេះ ដើម្បី​ឲ្យ​សាធារណជន​មើលឃើញ​ពី​ទំនាក់ទំនង​រវាង​ពាក្យ​ទាំងពីរ​នេះ​ផង និង​ធ្វើយ៉ាងណា​ឲ្យ​ពាក្យ​ទាំងពីរ​ក្លាយ​ស្លា​កញ្ញា​មួយ​ផង និង​ជា​ម៉ាក (Brand) មួយ​ផង​។ ម្យ៉ាងវិញទៀត នៅក្នុង​បណ្តា​ប្រទេស​ដែល​យើង​បានធ្វើការ​ជាមួយ ពណ៌​ខៀវ​គឺ​តំណាង​ឲ្យ​ទឹក ដូច្នេះ​យើង​សម្រេច​ជ្រើសរើស​យកពាក្យ​ខៀវ ដែល​វា​ស៊ីសង្វាក់​គ្នា​ជាមួយ​ពាក្យ​សន្តិភាព​។ បើ​លោក​ពិនិត្យមើល​ពាក្យ Blue Peace លើ​អក្សរ C នៃ​ពាក្យ Peace យើង​បាន​រចនា​ឲ្យ​ឃើញ​សញ្ញា​ដំណក់ទឹក​ពណ៌​ខៀវ​។ នៅក្នុង​ការងារ​របស់​ពួក​ខ្ញុំ​ដែលជា​ការងារ​ផ្នែក​ទំនាក់ទំនង យើង​ត្រូវមាន​ភាសា​មួយ​ដែល​ឆ្លើយតប ឬ​ស៊ីគ្នា​ជារួម​ទៅនឹង​វប្បធម៌​នៃ​បណ្តា​ប្រទេស​ទាំងអស់​។ ជាការ​ពិត​វា​មិនអាច​ប្រទេស​នីមួយៗ​មាន​វប្បធម៌​ដូចគ្នា​នោះទេ​។ ប៉ុន្តែ​យើង​អាច​ជ្រើស​រើសយក​ជម្រើស​ដែល​ល្អ​ជាងគេ ឬ​ដែល​ភាគច្រើន​យល់បាន​។​

​លោក លាង ដឺ​លុច​៖
តើ​លោក​មានគំនិត​សុទិដ្ឋិនិយម​យ៉ាងណា​ចំពោះ​ចំពោះ​យុទ្ធនាការ Blue Peace ឬ​«​យុទ្ធនាការ​ទឹក​ដើម្បី​សន្តិភាព​»​នេះ ឬ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ប្រទេស​កាន់តែច្រើន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​?

​លោក Nicolas BIDEAU៖
ខ្ញុំ​យល់ថា អ្វីដែល​សំខាន់ គឺ​ការបង្ហាញ​ការអនុវត្ត​ដ៏​ល្អ​មួយ​ឲ្យ​គេ​ឃើញ​។ យើង​បង្ហាញ​ឲ្យ​ឃើញ​នូវ​ករណី​ប្រទេស​ណា តំបន់​ណា ដែល​ការអនុវត្ត​យន្តការ​របស់​យើង​មានដំណើរ​ការល្អ​ជាដើម​។ នៅ​តំបន់​អាស៊ី​កណ្តាល យើង​បានទទួល​ជោគជ័យ​ល្អ​ណាស់ ក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្ត​យន្តការ និង​ការគ្រប់គ្រង​ទឹក​នៅតាម​បណ្តា​ប្រទេស​នានា​។ បច្ចុប្បន្ននេះ​យើង​កំពុងនិយាយ​ច្រើន​អំពី​បញ្ហា​នៅក្នុង​ប្រទេស​សេ​ណេ​ហ្កា​ល់​ដែល​ស្ថិតនៅក្នុង​ទ្វីប​មួយ ហើយ​ដែល​ជម្លោះ​នៅក្នុង​បណ្តា​ប្រទេស​នៃ​ទ្វីប​នោះ គឺ​ទាក់ទង​នឹង​ទឹក​។ ខ្ញុំ​ក៏មាន​សុទិដ្ឋិនិយម​ផងដែរ​ពីព្រោះថា យើង​កំពុង​ធ្វើ​យុទ្ធនាការ​មួយ​ដែល​ត្រូវមាន​ទំនាក់ទំនង​ជាមួយ​ពលរដ្ឋ ដូច្នេះ​យើង​ត្រូវ​ធ្វើការ​ជាមួយ​បណ្តាញ​សង្គម ដែល​អនុញ្ញាត​ឲ្យ​អ្នករងគ្រោះ​ពិតប្រាកដ​បាន​និយាយ និង​បង្ហាញ​បញ្ហា​ជាក់ស្តែង​និង​ដោយផ្ទាល់​។​



​លោក លាង ដឺ​លុច​៖
ហេតុអ្វី​បាន​ទឹក​សំខាន់​នៅក្នុង​ការអភិវឌ្ឍ​រប​ស់​ប្រទេសមួយ​?
​លោក Nicolas BIDEAU៖ ទឹក គឺ​សំខាន់​ណាស់​នៅក្នុង​ក្របខណ្ឌ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ទឹក​ទាក់ទង​អ្វីៗ​ទាំងអស់​។ ទឹក​គឺជា​ចំណីអាហារ ទឹក​គឺ​សុខភាព ទឹក​គឺជា​នយោបាយ​ការបរទេស ទាំងអស់នេះ​សុទ្ធតែជា​ចំណុច​សំខាន់​។​

​លោក លាង ដឺ​លុច​៖ ប៉ុន្តែ​ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​ជាមួយ​យុទ្ធនាការ​នេះ​បាន លុះត្រាតែ​ពួកគេ​យល់​អំពី​បញ្ហា​ទឹក​នេះ​។ ដូច្នេះ ការណ៍​នេះ​អាច​តម្រូវ​ឲ្យ​អាជ្ញាធរ ឬ​រដ្ឋាភិបាល​ផ្សព្វផ្សាយ អប់រំ​ផ្តល់ព័ត៌មាន​ដល់​ពលរដ្ឋ​របស់​ពួកគេ​។ ដូច្នេះ​តើ​យុទ្ធនាការ Blue Peace ត្រូវធ្វើ​អ្វីខ្លះ​?

​លោក Nicolas BIDEAU៖
ខ្ញុំ​ចង់​និយាយ​អំពី​ការធ្វើទំនាក់ទំនង​តាមរយៈ​បណ្តាញ​សង្គម​។ ខ្ញុំ​បានធ្វើ​ការងារ​នេះ​ច្រើន​ឆ្នាំ​មកហើយ ដូច្នេះ​ខ្ញុំ​អាច​ដឹងថា តើ​យើង​ត្រូវធ្វើ​យ៉ាងណា​។ នោះ​គឺ​ការបង្ហាញ​តាមរយៈ​អត្ថបទ​ខ្លីៗ ករណី​តូចៗ វីដេអូ​តូចៗ និង​ខ្លីៗ ដែល​ធ្វើ​ឲ្យ​អ្នកមើល អ្នកអាន​ងាយ​យល់​បញ្ហា​។ ឥឡូវ​យើង​លើកយក​ឧទាហរណ៍​របស់​ប្រទេស​លោក គឺ​កម្ពុជា ឬ​ប្រទេស​ស្វី​ស​ដែល​នឹង​អាចមាន​បញ្ហា​ទឹក​នៅ​ថ្ងៃ​អនាគត​។ ឥឡូវនេះ​យើង​មើលមិនឃើញ​ថា​មាន​បញ្ហា​ទេ តែ​វា​នឹង​មកដល់​។ តើ​ធ្វើ​យ៉ាងដូចម្តេច​? យើង​ត្រូវធ្វើ​អត្ថបទ​ខ្លីៗ វីដេអូ​តូចៗ​ដែល​បង្ហាញ​អំពី​បញ្ហា ដើម្បី​បង្កើត​ឲ្យ​មាន​ការជជែក​គ្នា​។ លោក​ដឹង​ហើយ​ថា ប្រទេស​នៅក្នុង​សកលលោក​នេះ តិច ឬ​ច្រើន គឺជា​ប្រទេស​ប្រជាធិបតេយ្យ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការជជែក តស៊ូ​មតិ​។ ដូច្នេះ​នៅពេល​ណ​មានការ​ជជែក​គ្នា​កាន់តែ​ទូលំទូលាយ វា​នឹងត្រូវ​ឮ ឬ​ទៅដល់​ថ្នាក់​អ្នកនយោបាយ​ហើយ​។ នៅក្នុង​ប្រទេស​កម្ពុជារ​ប​ស់លោក ទឹក​មាន​តួនាទី​សំខាន់​ណាស់​នៅក្នុង​វិស័យ​កសិកម្ម​។ បើសិនជា​មានការ​ជជែក​គ្នា វា​នឹង​ទៅដល់​ថ្នាក់​នយោបាយ​ហើយ​។ យើង​មិនមាន​គោលដៅ​បង្កើត​ឲ្យ​មាន​ភាពចម្រូងចម្រាស​ទេ ប៉ុន្តែ​យើង​ចង់​ឲ្យ​មានការ​ផ្តល់ព័ត៌មាន​ដែល​ត្រឹមត្រូវ ដែល​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕


Tag:
 Nicolas BIDEAU
  ហ្សឺ​ណែវ​
  ទឹក​
  water and peace
© រក្សាសិទ្ធិដោយ thmeythmey.com