អន្តរជាតិ
នយោបាយអន្តរជាតិ
សង្គ្រាមប្រឆាំងISIS៖ អង់គ្លេសអួតថាខ្លួនជួយច្រើនណាស់ តែរុស្ស៊ីថាអង់គ្លេសពួនក្រោយខ្នងគេរហូត
× ចំខួបទីបីឆ្នាំ នៃការប្រឡូកចូលសង្គ្រាមប្រឆាំងក្រុមរដ្ឋឥស្លាម រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Michael Fallon បានលើកឡើងពីគុណសម្បត្តិរបស់អង់គ្លេស ក្នុងការជួយបណ្ដេញក្រុមជ្រុលនិយមនេះ នៅស៊ីរី និងអ៊ីរ៉ាក់ តាមរយៈការចូលរួមក្នុងសម្ព័ន្ធមិត្តចម្រុះដឹកនាំដោយអាមេរិក។ ក្រសួងការពារជាតិរុស្ស៊ី បានប្រតិកម្មតបទៅការលើកឡើងនេះ ដោយចាត់ទុកសម្ដីលោក Fallon ជាការទាញយកមុខមាត់ ទាំងខ្លួនឯងមិនសូវបានជួយអ្វីសោះ។
ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្ដីថ្លែងការណ៍មួយ ឆ្លើយតបការអធិប្បាយរបស់ប្រមុខការពារជាតិអង់គ្លេស Michael Fallon ជុំវិញយុទ្ធនាការកងទ័ពអង់គ្លេស ក្នុងប្រតិបត្តិការបោសសម្អាតក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅស៊ីរី និងអ៊ីរ៉ាក់ (ISIS)។ រុស្ស៊ីបានរិះគន់ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអង់គ្លេស ដែលនិយាយថាអង់គ្លេសបានជួយច្រើនណាស់ ក្នុងប្រតិបត្តិការនៅក្នុងប្រទេសទាំង២នេះ និងបានរុញច្រានក្រុមជ្រុលនិយម ទៅរកបរាជ័យទៀតផង។
ថ្លែងក្នុងខួបទីបីឆ្នាំ នៃការចូលរួមប្រតិបត្តិដឹកនាំដោយអាមេរិក លោក Fallon និយាយថា ការចូលរួមរបស់អង់គ្លេស ពិតជាធំធេងណាស់ និងស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីអាមេរិកប៉ុណ្ណោះ។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសរូបនេះ បញ្ជាក់ថា ចក្រភពអង់គ្លេស រួមចំណែកយ៉ាងច្រើនក្នុងយុទ្ធនាការកម្ទេចក្រុមរដ្ឋឥស្លាម តាំងពីឆ្នាំ២០១៤មកម្ល៉េះ ដោយបានបណ្ដេញក្រុមនេះ ពីទ្វារក្រុងបាក់ដាដ រហូតដល់ទីបញ្ចប់នៅឯ Raqqa ហើយកម្លាំងទ័ពគ្រប់ប្រភេទ បានបំពេញភារកិច្ចឥតនឿយហត់ទេ។
ពាក្យសម្ដីរបស់មន្ត្រីការពារជាតិអង់គ្លេសរូបនេះ មិនបានធ្វើឲ្យរុស្ស៊ី ដែលកំពុងប្រតិបត្តិការនៅស៊ីរីដែរសប្បាយចិត្តឡើយ។ បើតាមសារព័ត៌មាន RT ឧត្តមសេនីយ៍ Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី និយាយកាលពីចុងសប្ដាហ៍ថា ការបោសសម្អាតក្រុមរដ្ឋឥស្លាម ខិតដល់ទីបញ្ចប់ហើយ ដោយមានទ័ពស៊ីរីជាកម្លាំងនាំមុខ និងគាំទ្រដោយកងទ័ពអាកាសរុស្ស៊ី ប៉ុន្តែក្នុងរយៈពេលនេះ អ្វីដែលរុស្ស៊ីរកឃើញ គឺអង់គ្លេសនៅពីក្រោយរុស្ស៊ីរហូត។
ក្រុងមូស្គូចាត់ទុកការយកមុខមាត់នេះ ហាក់ទៅហួសការប្ដេជ្ញាចិត្តរបស់ខ្លួន ហើយមិនស្មើគ្នាការប្រឹងប្រែងរបស់រុស្ស៊ីទេ។ អ្នកនាំពាក្យខាងលើ បានលើកជាសំណួរថា៖«តើទ័ពអង់គ្លេសនៅឯណា នៅពេលក្រុមរដ្ឋឥស្លាមគ្រប់គ្រងទឹកដីអ៊ីរ៉ាក់មួយភាគបី និងត្រួតត្រាទឹកដីស៊ីរីភាគច្រើននៅពាក់កណ្ដាលឆ្នាំ២០១៥? រដ្ឋមន្ត្រីការពារជាតិអង់គ្លេសអះអាងថា ទ័ពអង់គ្លេសវាយប្រហារតាមដែនអាកាសច្រើនជាង១៥០០ដង។ បើប្រៀបធៀបជាមួយរុស្ស៊ី កងទ័ពរុស្ស៊ីវាយប្រហារច្រើន៩៩០០០ដង ដែលបានធានាដល់ដំណើរទៅរកជ័យជម្នះលើក្រុមជ្រុលនិយម»។
ដូចការលើកឡើងខាងលើ ទ័ពអង់គ្លេស គឺជាផ្នែកមួយក្រុមចម្រុះអន្តរជាតិ ដឹកនាំដោយអាមេ រិក មានគោលដៅជួយក្រុមឧទ្ទាមប្រឆាំង ផ្ដួលរំលំរដ្ឋាភិបាលប្រធានាធិបតី Bashar al Assad ។ បន្ទាប់ពីការងើបឡើងរបស់ក្រុមរដ្ឋឥស្លាម ក្រុមចម្រុះនេះ ក៏បានធ្វើប្រតិបត្តិការបោសសម្អាតក្រុមជ្រុលនិយមនេះ ដែលបានវាយដណ្ដើមត្រួតត្រាទឹកដីធំល្វឹងល្វើយនៅស៊ីរី និងអ៊ីរ៉ាក់។ ឯរុស្ស៊ី ចូលទឹកដីស៊ីរីតាមសំណើរដ្ឋាភិបាលក្រុងដាម៉ាស ដើម្បីបោសសម្អាតក្រុមរដ្ឋឥស្លាមដូចគ្នាដែរ៕
Tag:
ស៊ីរី
អង់គ្លេស
រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com