អន្តរជាតិ
ប្រជាមតិ​នៅ Catalonia ៖ អ្នកបោះឆ្នោត​៩០​ភាគរយ​យល់ព្រម​ផ្ដាច់ខ្លួន​ពី​អេ​ស្ប៉ា​ញ​
02, Oct 2017 , 3:58 pm        
រូបភាព
​រដ្ឋាភិបាល​តំបន់ Catalonia បានប្រកាសថា អ្នកបោះឆ្នោត​ចំនួន​៩០​ភាគរយ​បាន​យល់ព្រម​ផ្ដាច់ខ្លួន​ពី​អេ​ស្ប៉ា​ញ​ក្នុង​ប្រជាមតិ​ដ៏​ហិង្សា​នៅ​ថ្ងៃទី​១ ខែតុលា​។ រដ្ឋាភិបាលកណ្ដាល​អេ​ស្ប៉ា​ញ​បាន​ជំទាស់​ដាច់ខាត និង​មិន​ទទួលស្គាល់​ប្រជាមតិ​នេះឡើយ ហើយ​ថែមទាំង​ចាត់វិធានការ​ជាច្រើន​ដើម្បី​ទប់ស្កាត់​ទៀតផង​។ លទ្ធផល​នេះ​ជា​សញ្ញា​បង្ហាញថា តំបន់ Catalonia កំពុងស្ថិត​លើផ្លូវ​ខិតជិត​ការប្រកាស​ឯករាជ្យ​ដោយ​ឯកតោភាគី​នៅពេល​ខាងមុខ​។​



​ប្រជាជន​តំបន់ Catalonia ចំនួន​ច្រើនជាង​ពីរលាន​បាននាំគ្នា​ទៅ​បោះឆ្នោត​ក្នុង​ប្រជាមតិ​ថ្ងៃទី​១ ខែតុលា ដែល​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​ចាត់ទុកជា​ទង្វើ​ខុសច្បាប់​។ ៩០​ភាគរយ​នៃ​បោះឆ្នោត​បាន​យល់ព្រម​ផ្ដាច់ខ្លួន​ពី​អេ​ស្ប៉ា​ញ និង​ឈានទៅ​ប្រកាស​ឯករាជ្យ​ដោយ​ឯកតោភាគី ខណៈ​អ្នកបោះឆ្នោត​ចំនួន​១៧៦៥៦៥​នាក់​បាន​បោះឆ្នោត​បដិសេធ​ក្នុង​ប្រជាមតិ​ដ៏​ហិង្សា ដែល​ធ្វើ​ឲ្យ​មនុស្ស​រាប់រយ​នាក់​បាន​រងរបួស​។​

​រដ្ឋាភិបាល​ក្រុង​ម៉ា​ឌ្រី​ដ បានប្រកាស​ដាច់អហង្កា​រហើយ​ថា​ខ្លួន​មិន​ទទួលស្គាល់​ប្រជាមតិ​នេះឡើយ​។ នៅ​ថ្ងៃ​ប្រជាមតិ រដ្ឋាភិបាលកណ្ដាល​បាន​ពង្រាយ​ប៉ូលិស​រាប់ពាន់នាក់​ដើម្បី​រារាំង​ដំណើការ​បោះឆ្នោត រហូត​ឈានដល់​ការប្រើប្រាស់​អំពើហិង្សា​ទៀតផង​។ ទោះជា​មានការ​ហាមឃាត់​ក្ដី អ្នកបោះឆ្នោត​សរុប​ចំនួន​ជាង​៤២​ភាគរយ​នៃ​ចំនួន​អ្នក​មានឈ្មោះ​បោះឆ្នោត​ទាំង​ជាង​៥​លាន​នាក់​។ ចំនួន​នេះ​ត្រូវបាន​គណនា​តាម​សន្លឹកឆ្នោត​ដែល​នៅសល់​ពី​ការ​រឹបអូស​របស់​ប៉ូលិស​អេ​ស្ប៉ា​ញ​។​

​មេដឹកនាំ Catalonia លោក Carles Puigdemont បាន​កោតសរសើរ​ប្រជាជន​តំបន់​ដែល​ជម្នះ​ទៅកាន់​មណ្ឌលបោះឆ្នោត ទោះ​ជាមាន​ឧបសគ្គ​ក៏ដោយ​។ បើតាម​សារព័ត៌មាន RT លោក Puigdemont នឹង​នាំយក​លទ្ធផល​ប្រជាមតិ​ទៅកាន់​សភា​តំបន់ ដើម្បី​ពិភាក្សា​ការផ្ដាច់​ខ្លួន​ពី​អេ​ស្ប៉ា​ញ​តែម្ដង​។ ជាមួយគ្នានេះ លោក​ក៏​គ្រោង​ប្ដឹង​ទៅកាន់​សហភាព​អឺរ៉ុប​ជុំវិញ​ការប្រើប្រាស់​ហិង្សា​របស់​ប៉ូលិស​អេ​ស្ប៉ា​ញ​លើ​ប្រជាជន Catalonia ផងដែរ​។​

​យ៉ាងណាក្ដី នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ Mariano Rajoy ក៏​ប្រកាស​ក្នុង​សុន្ទ​កថា​តាម​ទូរទស្សន៍​ថា គ្មាន​ការធ្វើប្រជាមតិ​ក្នុងប្រទេស​ឡើយ ព្រោះ​ប្រជាជន Catalonia ភាគច្រើន​គោរព​ច្បាប់ និង​មិនបាន​ចូលរួម​ក្នុង​ប្រជាមតិ​នេះឡើយ​។ ជាមួយ​ការប្រកាន់​ជំហរ​ទាត់ចោល​បំណង​ប្រកាស​ឯករាជ្យ លោក Rajoy ក៏​ស្នើ​ឲ្យ​មាន​ការជជែក​ពី​គ្រប់​បក្សនយោបាយ​ដើម្បី​ពិភាក្សា​ពី​អនាគត​របស់​តំបន់​ស្វយ័ត​មួយ​នេះ ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់​។

​ប្រជាមតិ​ថ្ងៃទី​១ ខែតុលា បាន​បង្ក​ជា​វិបត្តិ​រដ្ឋធម្មនុញ្ញ​ដ៏​ធំ​នៅ​អេ​ស្ប៉ា​ញ ដោយ​មេដឹកនាំ Catalonia អះអាង​ខ្លួន​មាន​សិទ្ធិ​ប្រកាស​ឯករាជ្យ​។ ប៉ុន្តែ​ច្បាប់​របស់​អេ​ស្ប៉ា​ញ​ក៏​ប្រគល​អំណាច​ឲ្យ​លោក Rajoy មាន​សិទ្ធិ​រំលាយ​រដ្ឋាភិបាល​តំបន់ និង​ដាក់​តំបន់ Catalonia ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​ពី​សំណាក់​រដ្ឋាភិបាលកណ្ដាល​វិញ​ដែរ​។ បញ្ហា​នេះ​រឹតតែ​ធ្វើ​ឲ្យ​ការបែកបាក់​រវាង Catalonia ដែល មាន ទីក្រុង Barcelona ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ និង​ក្រុង​ម៉ា​ឌ្រី​ដ រីក​កាន់តែ​ធំ​៕


Tag:
 អឺរ៉ុប​
  អេ​ស្ប៉ា​ញ​
  Catalonia
© រក្សាសិទ្ធិដោយ thmeythmey.com