អន្តរជាតិ
ឃាតកម្ម គីម ជុង​ណា​ម​៖ ជនសង្ស័យ​ទាំងពីរ​ថា​ខ្លួន​មិនមាន​កំហុស​ទេ​
02, Oct 2017 , 9:19 pm        
រូបភាព
​ស្ត្រីជន​សង្ស័យ​ពីររូប ក្នុង​សំណុំរឿង​ឃាតកម្ម​លោក គីម ជុង​ណា​ម បងប្រុស​ម្ដាយ​ទីទៃ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​អះអាងថា​ខ្លួន​មិនមាន​កំហុស​ឡើយ​។ ស្ត្រី​ទាំងពីរ​នេះ​ត្រូវបាន​ចាប់ខ្លួន​ប៉ុន្មាន​ថ្ងៃ ក្រោយ​ករណី​កើតឡើង​នៅឯ​ព្រលានយន្តហោះ​ក្រុង​គួ​ឡា​ឡាំ​ពួ​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ​។ ជនសង្ស័យ​ទាំងពីរ​នេះ ក៏​អះអាងថា​ខ្លួន​មិនបាន​ដឹង​ផែនការ​អ្វី​ឡើយ ហើយ​ត្រូវគេ​បោក​បញ្ឆោត​ឲ្យ​ចូលរួម​ក្នុងករណី​ឃាតកម្ម​។​



​សវនាការ​លើ​សំណុំរឿង​ឃាតកម្ម​លោក គីម ជុង​ណា​ម បងប្រុស​លោក គីម ជុង​អ៊ុន ចាប់ផ្ដើម​ហើយ​នៅ​ថ្ងៃទី​២ ខែតុលា ដោយមាន​ជនសង្ស័យ​ចំនួន​ពីររូប​។ ស្ត្រី​សង្ស័យ​ជនជាតិ​វៀតណាម Doan Thi Huong និង​ជនជាតិ​ឥណ្ឌូណេស៊ី Siti Aisyah ត្រូវបាន​តុលាការ​ម៉ាឡេស៊ី​ចោទប្រកាន់​ពីបទ​ឃាតកម្ម​លើ​លោក គីម ជុង​ណា​ម ដោយ​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់ VX នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​គួ​ឡា​ឡាំ​ពួ​។​

​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Channel NewsAsia ជនសង្ស័យ​ទាំងពីរ​បានបង្ហាញ​ខ្លួន​ចំពោះ មុខ​តុលាការ​ជាយក្រុង​គួ​ឡា​ឡាំ​ពួ​ដោយមាន​ពាក់អាវ​ក្រោះ​ការពារ​គ្រាប់កាំភ្លើង​ផង​។ តុលាការ ម៉ាឡេស៊ី​បាន​អាន​ការចោទប្រកាន់​លើ​ជនសង្ស័យ​ទាំងពីរ ជា​ភាសា​ឥណ្ឌូណេស៊ី​ផង និង​ភាសា​វៀតណាម ផង ប៉ុន្តែ​ស្ត្រី​សង្ស័យ​ទាំងពីរ​នេះ បាន​ទាត់ចោល​ការចោទប្រកាន់ និង​អះអាងថា​ខ្លួន​ជាម​នុស្ស​ស្អាតស្អំ​។​

​រដ្ឋអាជ្ញា​ម៉ាឡេស៊ី​និយាយថា សកម្មភាពរ​បស់ជនស​ង្ស័​យ​ទាំងពីរ បង្ហាញ​ពី​បំណង​ក្នុងការ​សម្លាប់​ជនរងគ្រោះ​ដោយ​ប៉ាត​មុខ និង​ភ្នែក​ជាមួយ​ម្សៅ​គីមី​ពុល VX ។ ការធ្វើ​កោសល្យ​ពិច័យ សាកសព​បង្ហាញថា សារធាតុ​គីមី​នេះ​ពិតជា​បានសម្លាប់​បងប្រុស​លោក គីម ជុង​ណា​ម ពិតមែន គឺ​២០​នាទី​ក្រោយ​រង​ការ​ប៉ាត​ម្សៅ​គីមី​ដោយ​ស្ត្រី​ទាំងពីរ​។ VX គឺជា​សារធាតុ​គីមី​ដែល​ហាមឃាត់​ដោយ​អង្គការសហប្រជាជាតិ និង​ត្រូវ​ចាត់ទុកជា​អាវុធ​ប្រល័យ​លោក​។​

​អំឡុងពេល​សវនាការ​នេះ មេធាវី​ការពារ​ជនជាប់ចោទ​បានទាមទា​រ​ឲ្យ​តុលាការ​បង្ហាញ​ឈ្មោះ​ជនសង្ស័យ​បួន​នាក់​ទៀត ដែល​កំពុង​គេចខ្លួន ហើយ​ថា ជនដៃដល់​ពិតប្រាកដ​បាន​ភៀសខ្លួន​ទៅ​ក្រៅ​ម៉ាឡេស៊ី​បាត់ទៅហើយ​។ ចំណែកឯ​ស្ត្រី​ទាំងពីរ​ខាងលើ​ក៏​បញ្ជាក់ដែរថា ពួកគេ​មិនដឹង​ពី​គម្រោងការ​នេះ​ទេ ហើយ​ជឿថា​ពួកគេ​កំពុង​ចូលរួម​ក្នុង​វិធី​ទូរទស្សន៍​មួយ និង​មិន​នឹកស្មានថា​នេះ​ជា​ករណី​ឃាតកម្ម​អ្វី​ទេ​។  

​ករណី​ឃាតកម្ម​លោក គីម ជុង​ណា​ម ដែលជា​បងប្រុស​ច្បង ធ្វើ​ឲ្យ​ទំនាក់ទំនង​ការទូត​រវាង​ម៉ាឡេស៊ី និង​កូរ៉េខាងជើង ធ្លាក់ចុះ​យ៉ាងខ្លាំង រហូតដល់​មានការ​កោះហៅ​អគ្គរដ្ឋទូត ត្រឡប់​ចូល​ស្រុក​រៀងៗ​ខ្លួន ក៏ដូចជា​ការហាមឃាត់​ការធ្វើដំណើរ​ទៀតផង​។ ដោយឡែក​ជនសង្ស័យ​ទាំងពីរ​ខាងលើ ប្រឈមមុខ​នឹង​ជាប់ទោស​ប្រហារជីវិត បើ​រកឃើញថា​ពិត​ជាមាន​កំហុស​មែន​៕


Tag:
 កូរ៉េខាងជើង​
  ម៉ាឡេស៊ី​
  គីម ជុង​ណា​ម
© រក្សាសិទ្ធិដោយ thmeythmey.com