ជាតិ
​ដើមឈើ​ជាច្រើន​នៅ​តំបន់​អង្គរ​ដួលរលំ ដោយសារ​ភ្លៀង និង​ខ្យល់​បក់បោក​ខ្លាំង​
03, Oct 2017 , 10:45 am        
រូបភាព
​ភ្លៀង​មួយ​មេ​ធំ​រួម​នឹង​ខ្យល់​បក់បោក​យ៉ាងខ្លាំង កាលពី​រាត្រី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៧ បានធ្វើ​ឲ្យ​ដើមឈើ​ជាច្រើន​ដើម នៅក្នុង​បរិវេណ​នៃ​រមណីយដ្ឋាន​ដួលរលំ​។ ពេលនេះ មន្ត្រី​ជំនាញ កំពុង​រៀបចំ​កាត់​សម្អាត​ចេញ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ស្ទះ​ចរាចរ និង​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​ប្រាសាទ​ថែមទៀត​។​



​តាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់ថា ដើមឈើ​ដែល​បាន​រលំ​ដួល​ដោយ​ភ្លៀង​លាយ​ខ្យល់​នេះ​មាននៅ​៥​ទីតាំង​សំខាន់ៗ​គឺ នៅ​ប្រាសាទតាព្រហ្ម​បាក់​ដើម​ត្រាង​១​ដើម ប្រាសាទព្រះខ័ន​បាក់​ដើម​ស្រឡៅ​១​ដើម នៅ​ប្រាសាទភិមានអាកាស​បាក់​ដើម​ស្ពង់​១​ដើម ខាងលិច​ប្រាសាទអង្គរវត្ត​រលំ​ដើម​ចាមរី​១​ដើម និង​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​រលំ​ដើម​សង្កែ​៥​ដើម និង​ដើម​ក្ងោក​១​ដើម​។​



ជាមួយគ្នានេះដែរ អាជ្ញាធរ​ជាតិ​អប្សរា​សូម​អំពាវនាវ​ដល់​សាធារណជន និង​ភ្ញៀវទេសចរ​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ដំណើរ​កម្សាន្ត​របស់ខ្លួន ជាពិសេស ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង សូម​នៅ​ឲ្យ​ឆ្ងាយ​ពី​ដើមឈើ​ធំៗ ដើម្បី​ការពារ​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​។ ម្យ៉ាងទៀត សូម​ប្រជាពលរដ្ឋ​ជួយផ្តល់​ដំណឹង​ដល់​ក្រុមការងារ ក្នុងករណី​ប្រទះឃើញ​ដើមឈើ​ដែលមាន​គ្រោះថ្នាក់ អាច​បាក់​ធ្លាក់​ប៉ះពាល់​ដល់​សុ​ត្ថិ​ភាព​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ដើម្បី​ឲ្យ​ក្រុមការងារ​អាច​ទៅ​កាត់​ក្រី​ទាន់ពេលវេលា​បាន​៕














© រក្សាសិទ្ធិដោយ thmeythmey.com